
មន្ត្រីជំនាញចុះអប់រំសិស្សានុសិស្ស ស្តីពីចំណីអាហារហាមឃាត់ និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព នៅឃុំកូនក្រៀល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៩មីនា។ រូបថត កបប
ភ្នំពេញៈ សិស្សានុសិស្សជាបន្តបន្ទាប់ ទទួលបានការអប់រំជុំវិញចំណីអាហារហាមឃាត់ និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព ខណៈមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បន្តចុះត្រួតពិនិត្យទំនិញតាមទីតាំងលក់ទំនិញនៅក្នុងបរិវេណសាលា។
របាយការណ៍របស់អគ្គនាយក ក.ប.ប ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី១១ មីនា បានឱ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សាខា ក.ប.ប.ប្រចាំខេត្តឧត្ដរមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ កូនក្រៀល ដែលមានទីតាំងស្ថិតនៅភូមិស្លែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងវគ្គបណ្តុះបណ្តាលនោះ គឺមានអ្នកចូលរួមសរុប៣៤៥នាក់ ក្នុងនោះមានសិស្សានុសិស្សថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ចំនួន៣៣៣នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន១២នាក់។
របាយការណ៍ដដែលនោះ បានឱ្យដឹងបន្តថា បន្ទាប់មកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ បានសហការជាមួយក្រុមប្រឹក្សាស្រុក និងអាជ្ញាធរដែនដី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនកំពង់សិលា ដែលមានសិស្សានុសិស្សចំនួន២០០នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន១០នាក់។
របាយការណ៍របស់អគ្គនាយក ក.ប.ប បានបញ្ជាក់ថា៖«របៀបវារៈក្នុងវគ្គបណ្តុះបណ្តាទាំងនោះ គឺមានការធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលរបស់លោកប្រធានសាខាក.ប.ប. ស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់។ បទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថភាព លើផលិតផល ទំនិញនិងសេវា- ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ»។
ក្រៅពីរបាយការណ៍នេះ កាលពីថ្ងៃទី៩ ខែមីនា លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ក.ប.ប ក៏បានចុះផ្សព្វផ្សាយដោយផ្ទាល់នៅសាលាជំនាន់ថ្មី និងវិទ្យាល័យស៊ីសុវត្ថិ ដែលមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរវិស័យម្ហូបអាហារនៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជនសរុបប្រមាណជាង៤០០ នាក់ផងដែរ។
លោក ផាន អូន បានប្រាប់ ភ្នំពេញប៉ុស្តិ៍បន្ថែមថា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដោយរៀបចំដោយអគ្គនាយក ក.ប.ប គឺមានឱកាសសួរសំណួរពាក់ព័ន្ធនឹងប្រធានបទសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ចំណីអាហារហាមឃាត់ និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពផងដែរ។
លោក បានអះអាងថា ការបកស្រាយចម្លើយរបស់អ្នកជំនាញនៃ ក.ប.ប. ជូនដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ រួមទាំងសេចក្តីណែនាំរបស់លោកនាយកសាលារៀនទៅកាន់សិស្សានុសិស្ស គឺធ្វើយ៉ាងណា ឱ្យពួកគេបានយល់ដឹងបន្ថែម ស្របពេលមន្ត្រីសាខា ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យទំនិញតាមទីតាំងលក់ទំនិញនៅក្នុងបរិវេណសាលាទាំងនោះ។
លោក បញ្ជាក់ថា៖«មន្ត្រីនៅតាមសាខារាជធានីខេត្តទូទាំងប្រទេស នឹងបន្តចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេសជាបន្តបន្ទាប់ ស្របពេលមន្ត្រីយើងក៏នឹងបន្តចុះត្រួតពិនិត្យចំណីអាហារហាមឃាត់នៅតាមគ្រឹះស្ថានសិក្សាទាំងនោះផងដែរ»។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ មន្ត្រីសាខា ក.ប.ប ខេត្តមណ្ឌលគិរី ក៏បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដែលមានចំនួនជាង៥០០ នាក់ផងដែរ។
លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេស អង្គការហេឡែន ខេលល័រ បាននិយាយថា យន្តការចុះតាមសាលានេះ គឺជាវិធានការមួយ ដែលចូលរួមពង្រឹងសុវត្ថិភាពចំណីអាហារដែលលក់តាមសាលាឱ្យសមស្របទៅនឹងគោលការណ៍ក្នុងការប្រើប្រាស់ចំណីអាហារដែលជាគោលនយោបាយរបស់អគ្គនាយកដ្ឋាន ក.ប.ប.។
លោក បានបន្តថា ការបន្ថែមវិធានការរបស់ស្ថាប័នពាក់ព័ន្ធ រួមទាំងអគ្គនាយកដ្ឋាន ក.ប.ប. គឺជាវិធានការមួយដែលចូលរួមរំឭកទៅដល់អ្នកលក់ និងប្រើប្រាស់ ជាពិសេសគឺសិស្សានុសិស្សផ្ទាល់តែម្តង ដើម្បីចូលរួមទប់ស្កាត់ចំណីអាហារដែលគ្មានសុវត្ថិភាពជំនួសមកវិញនូវចំណីអាហារដែលមានសុវត្ថិភាព និងសុខភាពទៅដល់ពលរដ្ឋ។
លោក បានបញ្ញាក់ថា៖«ខ្ញុំឃើញថា ការអនុវត្តនូវគោលការណ៍ដើម្បីហាមប្រាមនូវការលក់អាហារមិនមានសុវត្ថិភាពល្អ និងប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សនៅសាលាបឋមសិក្សានេះ គឺនៅមានកម្រិតនៅឡើយ។ អ៊ីចឹងឧទាហរណ៍នៅសាលាមួយចំនួនដែលខ្ញុំ បានចុះទៅដល់ជាការស្តែងឱ្យ ឃើញថា នៅមានការលក់ចំណីអាហារទាំង៦មុខនេះ ដែលមានការហាមប្រាមដោយក្រសួងអប់រំ ហើយនៅក្នុងនោះ ក៏មានសាលាមួយចំនួនដែរ ដែលគាត់បានយល់ និងអនុវត្តទៅតាមការណែនាំ»៕