
ជនសង្ស័យ៣នាក់ត្រូវជាប់ឃុំ។ រូបថត នគរបាល
តាកែវៈ តុលាការខេត្តតាកែវ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ បានចេញដីកាឃុំខ្លួនបុរស ៣ នាក់ ដាក់ពន្ធនាគារខេត្ត បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រោយពីគប់យុវជនម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកង៉ែត ដាវុធ អ្នកនាំពាក្យតុលាការខេត្តតាកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១២ ខែមីនាថា ជនត្រូវចោទឈ្មោះ ប្រាក់ វិដន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ គូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ហ៊ឹម ប៊ុននី ហៅនុយ ភេទប្រុសអាយុ ១៩ឆ្នាំដែលពួកគេទាំង៣នាក់រស់នៅស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។
លោកថ្លែងថា៖«ជនទាំង៣នាក់ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តតាកែវហើយ។ពួកគេត្រូវចោទពីបទឃាតកម្មតាមបញ្ញត្តិមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ»។
យោងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ហើយបើសិនតុលាការរកឃើញថា ជនត្រូវចោទទាំង៣នាក់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះនឹងត្រូវជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ។
លោក ចេង ចិត្រា អធិការរងស្រុកត្រាំកក់បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១២ ខែមីនាថា យោងតាមសាក្សីបានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានជនសង្ស័យ១ក្រុមគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ម៉ាកឌ្រីមសង់សេ125 និង១គ្រឿងទៀតម៉ាក អ៊ិចស៊ិនទ័រ តាមបណ្តោយផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។
លោកបន្តថា ពេលនោះស្រាប់តែក្រុមជនសង្ស័យជួបជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ជិះឌុបគ្នា ជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយាស្រុកត្រាំកក់។ ពេលនោះក្រុមជនសង្ស័យបានយកដុំថ្មគប់ចំដើមទ្រូងជនរងគ្រោះបណ្តាលឱ្យធ្លាក់ពីលើម៉ូតូហើយត្រូវមិត្តភក្តិដែលជិះជាមួយគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែបានដាច់ខ្យល់ស្លាប់ក្រោយដល់មន្ទីរពេទ្យ។
លោក អធិការរងចិត្រា បញ្ជាក់៖«កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួនបក្ខពួករបស់ក្រុមជនល្មើស២នាក់ទៀតស្នើសុំដីកាពីតុលាការដើម្បីស្វែងចាប់ខ្លួន»។
លោក អ៊ួច ភា អភិបាលខេត្តតាកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ ខែមីនាថា សកមុ្មភាពមិនល្អមួយចំនួនរបស់ក្មេងទំនើងគឺលោកទទួលស្គាល់ថា កើតមានមែននៅខេត្តតាកែវ ហើយករណីមួយចំនួននោះបងប្អូនប្រជាពលរដ្ឋបានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកដើម្បីឱ្យគេស៊ែគេចាប់អារម្មណ៍តែប៉ុណ្ណោះ។ ពាក់ព័ន្ធបទល្មើសផ្សេងៗនេះលោកអំពាវនាវជំរុញឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់ស្រុកខិតខំបន្តទប់ស្កាត់ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។
លោកសង្កត់ធ្ងន់ថា៖«យើងបានខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសបានជាបន្តបន្ទាប់តែអ្វីដែលសំខាន់សូមឱ្យបងប្អូនយើងចូលរួមទាំងអស់គ្នា។បើកើតហេតុភ្លាមត្រូវតែប្តឹងទៅអាជ្ញាធរមូលដ្ឋានភ្លាមហើយយើងនឹងចុះធ្វើការស្រាវជ្រាវភ្លាម»៕