
សកម្មភាពបណ្ដុះបណ្ដាលកម្មវិធី Technovation គឺជាកម្មវិធីការអប់រំ សរសេរកូដ និងសហគ្រិនភាព។ រូបថត FB
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្ដបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារី នៅតាមគ្រឹះស្ថានសិក្សាសាធារណ:នានា។នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។
ក្រសួងអប់រំបានឱ្យដឹងទៀតថា ការបណ្ដុះបណ្ដាលនេះធ្វើឡើងតាមកម្មវិធីTechnovation គឺជាកម្មវិធីការអប់រំ សរសេរកូដ និងសហគ្រិនភាព។ ក្រសួងអប់រំបន្ថែមថា សិស្សទាំងនោះទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ (Mentor) នៅតាមក្លិបគ្រឹះស្ថានសិក្សាសាធារណៈនីមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានា ក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព»។
ក្រសួងអប់រំបញ្ជាក់ថា៖«កម្មវិធីនេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្តន៍ ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម»។
កម្មវិធី Technovation សិក្សាដោយផ្ដោតការសិក្សាទៅលើ ការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ ការរៀបចំពុម្ពគំរូកម្មវិធីទូរស័ព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរស័ព្ទដៃដែលនឹងត្រូវបង្កើតឡើង ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរស័ព្ទដៃជាដើម។
ប្រភពដដែលបន្ថែមថា កម្មវិធីនេះកំពុងបន្ដអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន៥០ក្រុម ឬប្រមាណជាង៣០០នាក់ បានចូលរួមក្លិបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣៕