
ផ្ទាំងរូបភាពនៃយុទ្ធនាការជំរុញវប្បធម៌ការអាន។ រូបថត FB
ភ្នំពេញៈ យុទ្ធនាការសៀវភៅ ១ សហគមន៍ ១ នឹងរៀបចំកម្មវិធីផ្សារណាត់សៀវភៅ រយ:ពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ៨ ដល់ ១០ ខែមេសា ឆ្នាំ ២០២៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយុទ្ធនាការនេះ បន្តដំណើរទៅមុខជាមួយបេសកម្មជំរុញវប្បធម៌ការអាន និងការរៀនសូត្រឯករាជ្យ។
យុទ្ធនាការសៀវភៅ១សហគមន៍១ គឺជាគម្រោងដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យអំណានទៅដល់យុវជននៅក្នុងប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួន៥ គឺការប្រកួតប្រជែងការអាន, ការចែកសៀវភៅ, បណ្ណាល័យចល័ត, ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់ ដែលត្រូវបានប្រកាសដំណើរការជាលើកដំបូងនៅខេត្តកំពង់ស្ពឺ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ខណៈម្រោងនេះមានរយៈពេល២៥ខែ ដែលនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៥ ។
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅ១ សហគមន៍១ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៣ ខែមីនាថា យុទ្ធនាការសៀវភៅ១ សហគមន៍១ នឹងបន្តដំណើរទៅមុខជាមួយបេសកកម្មជំរុញវប្បធម៌ការអាន និងការរៀនសូត្រឯករាជ្យ។ លោក បានឱ្យដឹងបន្តថា យុទ្ធនាការនេះ នឹងរៀបចំកម្មវិធីផ្សារណាត់សៀវភៅ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃ៨ ដល់១០ ខែមេសា ឆ្នាំ២០២៣ នៅសាលាអន្តរជាតិ Elegant International School ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក បានបញ្ជាក់ថា៖«ផ្សារណាត់សៀវភៅ រយ:ពេល៣ថ្ងៃនេះ នឹងមានស្តង់ចំនួន៥០ស្តង់ ដោយមានទាំងស្តង់សៀវភៅ និងស្តង់ម្ហូបអាហារ រួមទាំងផលិតផលក្នុងស្រុកជាច្រើនទៀត ដែលនឹងចាប់ដំណើរការពីម៉ោង ៨ព្រឹក ដល់៧យប់។ វាជាជំហានបន្ទាប់ បន្ទាប់ពីយើងបានបញ្ចប់កម្មវិធីយុទ្ធនាការសៀវភៅ១សហគមន៍១ នៅខេត្តកំពង់ស្ពឺ»។
លោក ម៉េន ម៉ាក់លី ស្ថាបនិកបណ្ណាល័យសំរាម ស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលសហការរៀបចំកម្មវីធិនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា កម្មវិធីផ្សារណាត់សៀវភៅនៅក្នុងខេត្តបន្ទាយមានជ័យ នឹងចូលរួមជួយជំរុញការអានរបស់ពលរដ្ឋនៅក្នុងខេត្ត ជាពិសេសយុវជននៅក្នុងក្រុមប៉ោយប៉ែតផ្ទាល់តែម្តង ដើម្បីឱ្យពួកគេ បានដឹងអំពីគុណសម្បត្តិនៃការអាន តារយៈការផ្សព្វផ្សាយនៅក្នុងកម្មវិធីផ្សារណាត់សៀវភៅនេះ។
ក្នុងនាមជាអ្នករៀបចំកម្មវិធីនេះ លោកថ្លែងដោយក្ដីរំពឹងថា ក្នុងពេល៣ថ្ងៃខាងមុខនេះ នឹងមានការចូលរួមពីសាធារណជនច្រើន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអាន និងគាំទ្រដល់ការតាំងលក់បង្ហាញស្នាដៃសៀវភៅរាប់រយក្បាលផងដែរ ខណៈកម្មវិធីផ្សារណាត់សៀវភៅនេះ គឺជាផ្នែកមួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់យទ្ធនាការ។
លោក បានបញ្ជាក់ថា៖«នេះគឺជាកម្មវីធី១ដែលអាចបណ្តុះទម្លាប់អាននៅក្នុងប្រទេសកម្ពុជា បើទោះជាមិនអាចល្អបាន១០០ ភាគរយ ប៉ុន្តែយើងនឹងព្យាយាមឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។ យើងនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតទៅកាន់សាធារណជន រួមទាំងដាក់លិខិតទៅកាន់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តផងដែរ ដើម្បីឱ្យកម្មវិធីនេះ អាចដំណើរការទៅដោយរលូន និងមានការចូលរួមច្រើន»។
លោក ម៉េន ម៉ាក់លី ថ្លែងថា ជាមួយគ្នានោះក្រុមការងារ នឹងធ្វើការផ្សព្វផ្សាយទៅកាន់សាធារណជននៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជ្រើសរើសបេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមការប្រកួតប្រជែងការអាន តំណាងឱ្យខេត្តបន្ទាយមានជ័យ សម្រាប់ទៅចូលរួមប្រកួតប្រជែងជើងឯកបំបែកជើងឯកប្រចាំប្រទេសជាព្រឹត្តិការណ៍ធំចុងក្រោយ។ កាលពីខែកុម្ភៈ គម្រោងយុទ្ធនាការសៀវភៅ១ សហគមន៍១ បានអះអាងថា គម្រោងរបស់ខ្លួន នឹងចូលរួមជំរុញឱ្យស្ថាប័នមួយចំនួនទទួលយកវប្បធម៌អាន និងចំណេះដឹងក្នុងប្រតិបត្តិការរបស់ពួកគេ ខណៈសៀវភៅ ២៥ ០០០ ក្បាល និងបណ្ណាល័យចំនួន ២៥ ត្រូវបានរំពឹងទុកថា នឹងផ្តល់ទៅដល់អ្នកអានចន្លោះពី៥ ម៉ឺន ទៅ៧ ម៉ឺននាក់នៅទូទាំង ២៥ រាជធានី-ខេត្ត។
យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតទី២ នៅក្នុងបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ ភាគរយ នៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន៕