ភ្នំពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេ​សាទ ​លោក ឌិ​ត ទីណា ​ណែនាំ​ដល់​គណៈ​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​ការងារនៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្ម (RUA)​ ដែល​ទើប​បើក​សម្ពោធ​ថ្មី​ ត្រូវ​ជ្រើស​រើស​សម្រិត​សម្រាំង​និស្សិត​ដែល​មាន​សមត្ថ​ភាព​ពិត​ប្រាកដ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន​ធំៗនិង​កសាង​កេរ្តិ៍​ឈ្មោះ​បង្កើត​ទំនុក​ចិត្ត​ចំពោះ​សាលា​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បានណែនាំ​​បែបនេះ​នៅក្នុ​ងពេល​ចូលរួម​បើក​ប​វេសនកាល​ឆ្នាំ​ទី​១ ឆ្នាំ​សិក្សា​២០២២-​២០២៣ និង​សម្ពោធ​មជ្ឈ​មណ្ឌល​ការងារនៃ​សាកល​វិទ្យាល័​យ​ភូមិន្ទ​កសិកម្ម​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣​​។

​លោក​បញ្ជាក់​ថា​៖«​មជ្ឈ​មណ្ឌល​ការងារ​នេះ​ត្រូវ​ជ្រើស​រើសសម្រិត​សម្រាំង​និស្សិត​ដែលមាន​សក្តានុ​ពល​ មាន​សមត្ថ​ភាព​ពិត​ប្រាកដ ​ទាំង​ចំណេះ​ដឹង ​និង​ចំណេះ​ធ្វើ ក្នុងការ​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន​ធំៗ និង​ជាការ​កសាង​កេរ្តិ៍​ឈ្មោះ បង្កើត​ទំនុក​ចិត្ត​ចំពោះ​សាលា​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​»​។

​ជាមួ​យគ្នា​នោះ ​លោក​រដ្ឋមន្ដ្រី​ បាន​ផ្ដល់​អនុសា​សន៍​ដល់​សាលា​ភូមិន្ទ​កសិកម្ម​ឱ្យ​ធ្វើការ​បន្ថែម​ទៀត​ ក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស តាម​រយៈ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​ជំរុញ​ឱ្យមាន​កម្មវិធី​ផ្សារភ្ជាប់​ក្រុមហ៊ុន​និង​សាកល​វិទ្យា​ល័យ ដើម្បី​តម្រង់​ទិស​និស្សិត​ឱ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​ក្រុម​ហ៊ុន​និង​ដំណើរ​ការ​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​។ បន្ថែម​លើ​នោះ ​ដើម្បី​ចូលរួម​ក្នុងការ​អភិ​វឌ្ឍ​ធនធាន​មនុស្ស លោក​ឌិ​ត ទីណា ក៏បាន​ផ្តល់​អាហារូ​បករណ៍​សម្រាប់​និស្សិត​ចំនួន១៩​នាក់​ផង​ដែរ​។

​ក្នុង​ពិធី​បើក​បវេសន​កាល​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹក​នាំសាស្ត្រាចារ្យ លោក​គ្រូ​អ្នកគ្រូ ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​បំពេញ​ភារកិ​ច្ច និង​បណ្ដុះប​ណ្ដាល​ធន​ធាន​មនុស្ស ​ដើម្បី​ចូលរួម​ក្នុងការ​អភិ​វឌ្ឍ​វិស័យ​កសិកម្ម ​ក៏ដូច​ជា​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ជាតិ​។

​ជា​មួយ​គ្នានេះ ​លោក​បាន​លើក​ឡើង​អំពី​ភាព​សំខាន់​នៃ​ទស្សន​វិទ្យា ​និង​ការ​អភិវឌ្ឍ​ធន​ធានម​នុស្ស និង​បាន​​ផ្តាំផ្ញើ​ដល់​ប្អូនៗ​និស្សិត​នៅ​ទីនោះ​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់ ដឹង​ចំណង់​ចំណូល​ចិត្ត មាន​ក្ដី​ស្រមៃ និង​កំណត់​គោល​ដៅ​ខ្លួនឯ​ង​ឱ្យបាន​ច្បាស់លា​ស់ ​ដែលជា​ត្រីវិ​ស័យ​នាំ​ផ្លូវ​ដើរ​ទៅរក​ភាពជោ​គជ័​យ ដោយ​មិន​បាក់​ទឹកចិត្ត​។ ទន្ទឹម​នឹង​នោះ ​ត្រូវ​តាម​ដាន​ផែនកា​រ បង្កើត​ទម្លាប់ ​ដោយ​ដាក់​ចិត្ត​រៀន​ដើម្បី​ចេះ​ទាំង​ចំណេះ​ដឹង​ក្នុង​ និង​ក្រៅ​សាលា​ ចេះ​ឱ្យ​ប្រាកដ ​ធ្វើឱ្យ​​ចេញ​ជា​លទ្ធ​ផល ​និង​ឱ្យ​ល្អ​បំផុត​។

​លោក​ថ្លែង​ថា​៖«​លើសពី​នេះ​ទៀត ​ត្រូវ​ពង្រឹង​សមត្ថ​ភាព​បច្ចេក​វិជ្ជា ​ពិសេស​ភាសា​ផ្សារ​ភ្ជាប់​នឹង​ពិភព​លោក ​ក្នុងការ​ពង្រីក​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលំ​ទូលាយដើម្បី​ឈាន​ទៅរក​ការ​សម្រេច​ក្ដី​ស្រមៃ​ជា​អ្នក​ជំនាញ​កសិកម្ម ​និង​ទទួល​បាន​ឱកាស​ការងារ​ក្នុង​វិស័យ​រដ្ឋ ឯក​ជន ​និង​អាច​ជា​វិ​និយោគិ​ន​ក្នុង​វិស័យ​កសិកម្ម​»​។

​ក្រសួងក​សិកម្ម រុក្ខាប្រ​មាញ់ និង​នេសាទ បា​ន​ឱ្យដឹងថា​ នេះ​ជា​លើក​ទី​២ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងក​សិកម្ម​បាន​មក​ជួប​សំណេះសំ​ណាល​ជា​មួយ​ថ្នា​ក់ដឹក​នាំ សា​ស្ត្រាចា​រ្យ លោ​កគ្រូ​អ្នកគ្រូ និង​និស្សិត​នៃ​សាក​ល​វិទ្យា​វិទ្យាល័យភូមិន្ទ​កសិកម្ម​។ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សាកល​វិទ្យា​ល័យ​មាន​និស្សិត​ចូល​រៀន​ចំនួន​ ១ ០៤៧​នាក់ ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ​៤២១​នាក់ ​ស្មើនឹ​ង​៤០​ភាគ​រយ​។

​ក្រសួង​បន្ត​ថា ​RUA បាន​អភិវឌ្ឍ​កម្ម​វិធី​សិក្សា​កាន់តែ​ប្រសើរ ​មាន​មុខ​វិជ្ជា​ច្រើន​ជាង​មុន ​វិធីសាស្ដ្រ​បង្រៀន​ថ្មីៗ គឺ​ចាប់​ផ្តើម​ពី​មហា​វិទ្យា​ល័យ​ជល​ផល និង​កសិ​ឧស្សាហ​កម្ម ដោយ​ផ្តោតលើ​ការ​អនុវត្ត​ផ្ទាល់ ​និង​ការចូល​រួម​ពី​និស្សិត​ដូច​ជាការ​ភ្ញាស់​កូន​ត្រី ​ការធ្វើ​ចំណី​ កា​រចិញ្ចឹម​ត្រី​ ការរៀប​ចំ​បែ ឬ​ស្រះ និង​ការធ្វើ​ទីផ្សារ ​ដើម្បី​ធានា​គុណ​ភាព​បណ្តុះ​បណ្តាល ​និង​សមត្ថ​ភាព​ប្រកួត​ប្រជែង​របស់​និស្សិត​ក្នុង​ទីផ្សា​រការងារ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​។

​ជា​មួយ​គ្នានេះដែ​រ សាលា​ទើប​ដាក់ឱ្យ​ដំណើរ​ការ​នូវ​មជ្ឈ​មណ្ឌល​ការ​ងារ​ ដែល​នឹង​ផ្តល់​ព័ត៌មា​ន ជួយ​តម្រង់​ទិស ​និង​ដើរតួ​នាទី​ជា​ស្ពាន​ត​ភ្ជាប់​រវាង​និស្សិត​ដែល​ជិត​បញ្ចប់​ឬ​ទើប​បញ្ចប់​ការ​សិក្សា​ជាមួ​យនឹ​ង​ទីផ្សារ​ការងារ​ផង​ដែរ​៕

វីដេអូ៖