
លោកហ៊ុន សែន និងបណ្តាញតេឡេក្រាម ដែលបានផ្ញើសារមកលោក។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមប្រព័ន្ធតេឡេក្រាម ក្រោយពីមានគណនីតេឡេក្រាមដែលបន្លំខ្លួនជាលោក ឃុន សៀ បានផ្ញើសារមកលោកឱ្យផ្ញើលុយតាមធនាគារ ABA ខណៈការស្រាវជ្រាវ បានរកឃើញថា ជនបន្លំខ្លួននោះ បានប្រើលេខកូដពីប្រទេសឡាវ ប៉ុន្តែកំពុងឈរជើងនៅតៃវ៉ាន់។
ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសារសំឡេងរបស់លោកជាង ២ នាទី ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ «ឥឡូវមានល្បិចបោកប្រាស់ ហើយករណីខ្លួនខ្ញុំនេះ មុននេះប្រហែលជា១ម៉ោង គឺមានការផ្ញើសារជាភាសាអង់គ្លេស ដើម្បីឱ្យខ្ញុំផ្ទេរលុយទៅ ABA ហើយប្រើប្រាស់នូវគណនីជាឧកញ៉ា ឃុន សៀ»។
លោកបន្តថា៖ «តែលេខទូរស័ព្ទ គឺជាលេខទូរស័ព្ទរបស់ឡាវ ហើយបើយោងទៅលើការស្រាវជ្រាវ អ្នកនោះ (ជនឆបោក) ឈរជើងនៅឯតៃវ៉ាន់ឯណោះ។ ប៉ុន្តែគេបានផ្ញើនូវតេឡេក្រាម ហើយដែលប្រើប្រាស់គណនីអ្នកឧកញ៉ា ឃុន សៀ ដើម្បីឱ្យខ្ញុំផ្ញើប្រាក់ទៅនោះ»។
ជាមួយនឹងការថ្លែងបែបនេះលោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះរូបភាពឆបោកដោយប្រើប្រាស់គណនីអ្នកណាម្នាក់ ឬជនដែលធ្លាប់ស្គាល់ ដោយត្រូវមានការពិនិត្យឱ្យបានត្រឹមត្រូវ ចៀសវាងរងគ្រោះ។
លោកបន្តថា៖ «អ៊ីចឹងទេ ខ្ញុំសុំឱ្យបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងករណីបែបនេះ។ ប្រហែលជាគេមិនបានដឹងថា ទូរស័ព្ទរបស់ខ្ញុំនេះគឺទូរស័ព្ទនាយករដ្ឋមន្ត្រីទេ។ អ៊ីចឹងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន ខ្ញុំផ្ញើទៅជាមួយនឹងរូបភាពនៃគណនីមនុស្សខូច ជាមួយនឹងលេខទូរស័ព្ទ ដែលលេខ ៨៥៦ នេះ គឺជាលេខប្រទេសឡាវ ដែលតាមការស្រាវជ្រាវមនុស្សនេះ ឈរជើងនៅតៃវ៉ាន់»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីឆបោកតាមប្រព័ន្ធតេឡេក្រាមនេះ រួមទាំងករណីថ្មីរបស់លោកនាយករដ្ឋមន្ត្រី គឺមន្ត្រីជំនាញ បន្តធ្វើការស៊ើបអង្កេត ដោយមិនអាចបង្ហើបឱ្យដឹងអ្វីច្រើននោះទេ ខណៈការលើកឡើងរបស់លោកហ៊ុន សែន គឺជាព័ត៌មានខ្លះៗដែលមន្ត្រីជំនាញបានស្រាវជ្រាវឃើញ។
ជាមួយគ្នានោះលោកបានបន្តថា៖ «ការស្រាវជ្រាវនេះ យើងនឹងធ្វើជាការសម្ងាត់ ជាពិសេសការកំណត់មុខសញ្ញានេះ គឺយើងមិនទាន់អាចប្រាប់បានទេ ដើម្បីកុំឱ្យជនល្មើសគេចខ្លួន»។
ការឆបោក ឬការបន្លំតាមរយៈប្រព័ន្ធតេឡេក្រាមនេះ គឺមិនមែនជារឿងថ្មីនោះទេ ដោយកន្លងមកមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាច្រើនរួមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរ បានទទួលរងគ្រោះជុំវិញការឆបោកក្នុងរូបភាពបែបនេះ ដោយខ្លះក៏បានខាតបង់ប្រាក់កាក់ ខណៈការបន្លំខ្លួនរបស់ជនទាំងនោះ គឺតាមរយៈការលួចគណនីផ្ទាល់ ឬការបង្កើតគណនីថ្មីដោយបន្លំជាជនណាម្នាក់ដើម្បីទាក់ទងឆបោកប្រាក់ ។
កាលពីខែសីហា ឆ្នាំ ២០២២ កន្លងមក ករណីស្រដៀងគ្នានេះ ក៏ត្រូវបានកើតឡើងផងដែរ ដោយគណនីតេឡេក្រាមរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារលោក ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណដែលមានប្រភពពីក្រៅប្រទេស បានបង្កើតដើម្បីប្រើប្រាស់ក្នុងការឆបោកប្រាក់ទៅអ្នកដទៃ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វីសុទ្ធី និងលោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទេកាលពីថ្ងៃទី ១៣ ខែមីនា។
ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្លាប់បានចេញសេចក្តីជូនដំណឹង អំពីវិធានការដើម្បីរារាំងការវាយប្រហារពីជនខិលខូចតាមប្រព័ន្ធតេឡេក្រាម (Telegram) ក្នុងការបន្លំប្រើប្រាស់គណនីក្លែងក្លាយដាក់ឈ្មោះរបស់បណ្តាថ្នាក់ដឹកនាំធំៗរបស់កម្ពុជា។
សេចក្តីជូនដំណឹងនោះ ក៏បានណែនាំពីវិធីសាស្ត្រក្នុងការការពារគណនី និងការពារខ្លួន ដើម្បីកុំឱ្យរងគ្រោះ ខណៈក្រសួងបានណែនាំឱ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច នៅពេលទទួលរងគ្រោះណាមួយក្នុងរូបភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបែបនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួង បញ្ជាក់ថា៖ «អ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមកយើង ដូចជាលេខទូរស័ព្ទជាដើម ជាពិសេសបើនោះជាការផ្ញើសារមកជាលើកដំបូង បើទោះបីជាគណនីនោះមានដាក់ឈ្មោះ និងរូបភាពជាបុគ្គលថ្នាក់ដឹកនាំ ឬអ្នកណាម្នាក់ដែលជាអ្នកស្គាល់ក៏ដោយ»។
ក្រសួងបានណែនាំបន្តថា៖ «អ្នកប្រើប្រាស់ត្រូវពិនិត្យមើលខ្លឹមសារនៃសារដែលផ្ញើមក ជាពិសេសគឺឯកសារភ្ជាប់ដែលមានភាពសង្ស័យ។ ប្រសិនបើមានភាពសង្ស័យអាចទាក់ទងទៅអ្នកដែលស្គាល់គ្នានោះតាមរយៈមធ្យោយបាយផ្សេងៗ ដូចជាទូរស័ព្ទទៅសួរម្ចាស់សារនោះតែម្តង។ ប្រសិនបើដឹងថា ម្ចាស់សារនោះជាគណនីមិនពិត យើងអាចធ្វើការបិទ (Block) ការទទួលសារពីគណនីនោះ ដោយជ្រើសរើសពាក្យជាភាសាអង់គ្លេសថា Block User»៕
វីដេអូ៖