កណ្តាលៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាប់​ទៅ​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​កម្ពុជា​កុំ​មើលស្រាល​ទំនាស់​នៅក្នុង​មូលដ្ឋាន ទោះបី​រឿង​តូចតាច​ក៏ដោយ ក៏ត្រូវ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ កុំ​ទុក​រឿង​នោះ​អូសបន្លាយ​រហូត​ក្លាយជា​រឿង​ធំ​ដោះស្រាយ​មិន​ចេញ ព្រោះ​អាច​ក្លាយជា​ឱកាស​របស់​ក្រុមប្រឆាំង​ឆ្កឹះ​ជា​បញ្ហា​វាយប្រហារ​រាជរដ្ឋាភិបាល​។

​លោ​ក ស ខេង ថ្លែង​បែបនេះ​ក្នុង​ពិធី​បុណ្យផ្កា​មហា​សាមគ្គី​កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​សង្ឃរាជ បួរ គ្រី នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី ​១២ ខែមីនា ឆ្នាំ​ ២០២៣​។

​លោក​ថ្លែងថា​៖ «​រឿង​ទំនាស់​នៅ​មូលដ្ឋាន​យើង​មិនត្រូវ​មើល​ស្រាល​ទេ សូមឱ្យ​យកចិត្ត​ទុក​ដាក់​ដើម្បី​ដោះស្រាយ​ទំនាស់​នៅ​នឹង​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ ហើយ​ប្រកបដោយ​យុ​ត្តិ​ធម៌​។​ប្រជាជន​នឹង​គិតថា គាត់​អត់​ចង់បាន​អី​លើសពី​ហ្នឹង​ទេ បើ​យើង​ផ្តល់​យុត្តិធម៌​ជូន​គាត់​នោះ​គាត់​ពិតជា​គាំទ្រ​យើង​»​។

​លោក​រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ​បាន​លើកឡើងថា បញ្ហា​អយុត្តិធម៌ គឺជា​រឿង​ឈឺចាប់​​បំផុត ហើយ​អ្នក​ដែល​ធ្លាប់​ជួប​ផ្ទាល់​ទើប​ដឹង​ច្បាស់​ថា ពិបាក​ក្នុងការ​ទទួលយក ហេតុនេះ​ការដោះស្រាយ​បញ្ហា​ដោយ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់បំផុត ហើយ​ចំណុច​នេះ​ក៏​ជា​ចំណុច​ដែល​ទទួលបាន​ការគាំទ្រ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​។ លោក​ថា ការដោះស្រាយ​ទំនាស់​ដោយ​យុត្តិធម៌​នេះ​ទៀតសោត​គឺជា​ការជួយ​ពង្រឹង​ដល់​ស្ថិរភាព​នយោបាយ និង​ពង្រឹង​ដល់​សន្តិសុខ​ស​ណ្តា​ប់​ធ្នាប់​នៅ​កម្ពុជា​ផងដែរ​។​

​លោ​ក ស ខេង បាន​បន្តថា ក្នុងសម័យ​ប្រទេស​កំពុង​រីក​ចម្រើន​លើ​គ្រប់​វិស័យនេះ​ប្រជា​ពលរដ្ឋ​មិនមាន​ការលំបាក​ក្នុងការ​រាយការណ៍៍​ពី​បញ្ហា​របស់ខ្លួន​នោះទេ ដោយ​ពួកគាត់​អាច​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មាន​ភូមិ ឃុំ​-​សង្កាត់ ជាដើម​។ ប្រសិន បើ​ភូមិ ឃុំ​ដោះស្រាយ​មិន​ចេញ ពលរដ្ឋ​មាន​ទូរស័ព្ទ​អាចទាក់ទង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឬ​ទាក់ទង​ទៅ​រូបលោក​ផ្ទាល់ ឬក៏​អាចទាក់ទង​ទៅ​អ្នក​ណាមួយ​ដែល​អាច​ពឹង​ឱ្យជួយ​ដោះស្រាយ​បញ្ហា​បាន​។​

​លោក​ថ្លែងថា​៖ «​មធ្យោបាយ​របស់​យើង​ស្រួល​ណាស់​ឥឡូវ​មិន​ពិបាក​ដូច​មុន​ទេ ពីមុន​ទាល់​តែមាន​ក្រដាស​ស្នាម​រត់​យកមក​ដាក់ ហើយ​ពេលខ្លះ​យកមក​ដាក់​គេ​មិន​ទទួល​ទៀត វេទនាណាស់ តែ​ឥឡូវ​អត់​អី​ទេ តាម​អន​ឡាញ​ហ្នឹង​ទៅ តាម​ទូរស័ព្ទ​ហ្នឹង​ទៅ ហើយ​ពេល​ទទួលបាន​[​បញ្ហា​ពលរដ្ឋ​]​ភ្លាម​យើង​ដោះស្រាយ​បញ្ហា​ភ្លាម អ៊ីចឹង​ដោះស្រាយបាន​ច្រើន​»​។

​នៅក្នុង​ពិធី​នោះដែរ លោក ស ខេង បាន​ថ្លែង​កោតសរសើរ​ដល់​សម្តេច​សង្ឃរាជ បួរ គ្រី និង​ព្រះសង្ឃ​ដទៃទៀត​ដែល​បាន​ផ្តួចផ្តើម​គំនិត​កសាង​សា​​កល​វិទ្យាល័យ​សម្ដេច​ព្រះសង្ឃ​រាជ បួរ គ្រី ស្ថិតនៅ​ស្រុក​អង្គ​​ស្នួល ខេត្តកណ្ដាល សម្រាប់​និស្សិត​សិក្សា​ដោយ​ឥតគិតថ្លៃ ​១០០​ ភាគរយ ។ លោក​ថា នេះ​ជាការ​រួមចំណែក​ដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។

​លោក ​គង់ សោ​ភ័​ណ្ឌ អភិ​បាល​ខេត្តកណ្ដាល​ថ្លែងថា សា​កល​វិទ្យាល័យ​នេះ មាន​សម្ដេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តេចព្រះ​សង្ឃនាយករ​ង​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​នៃ​ខេត្តកណ្ដាល ជា​ព្រះ​សាកលវិទ្យាធិការ ដោយ​កម្មវិធីសិក្សា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​មហាវិទ្យាល័យ​ចំនួន​ ៥ រួមមាន មហាវិទ្យាល័យ​សិល្បៈ មនុស្សសាស្ត្រ និង​ភាសា មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​, មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​, មហា​វិទ្យា​​ល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម និង​មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍ និង​ទេសចរណ៍ ដោយមាន​មុខជំនាញ​សរុប​ចំនួន​ ២០ ​ជំនាញ និង​បើក​បវេសនកាល​ជំនា​ន់ទី​ ១ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដោយ​ផ្ដល់​អាហារូបករណ៍​ ១០០​ ភាគរយ​សម្រាប់​ការសិក្សា​។​

​លោក​បន្តថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​នេះ មាន​សមណ​​និស្សិត​-​និស្សិត​កំពុង​សិក្សា​ចំនួន​ ៦០០​ អង្គ​នាក់ និង​មាន​សាស្ត្រា​ចា​រ្យ​បង្រៀន​ ២៣ ​អង្គ​នាក់ និង​មាន​ថ្នាក់ដឹកនាំ​គណៈ​គ្រប់គ្រង បុគ្គលិក​សរុប​ ៩៧ ​អង្គ​នាក់​។ សាកលវិទ្យាល័យ​នេះ​មាន​ ២ ​ទីតាំង ដោយ​ទី​តាំងទី​ ១ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ និង​ទី​ ២ ​ស្ថិតនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​កំពុងដំណើរការ​សាង​សង់​អគារសិក្សា​នៅ​ទី​តាំងទី​ ២​។

​អគារសិក្សា​កំពុង​សាងសង់​ ១ ​ខ្នង​នៅ​ទីតាំង​ទី​ ២ ​នោះ មាន​កម្ពស់ ​៧ ​ជាន់ មាន​ទំហំ​ ១៤ ៦៦៧ ​ម៉ែត្រការ៉េ​លើ​ផ្ទៃដី ​១៤ ៣៦៦​ម៉ែត្រការ៉េ គ្រោង​ចំណាយ​ប្រា​ក់ជាង​ ៤ ​លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិតពី​សម្ភារ​បំពាក់​។ បច្ចុប្បន្នកំពុង​ដំណើរ​ការចាក់​ជើងតាង និង​ធ្នឹម ខណៈ​ប្រភព​ថវិកា​បានមកពី​ការចូលរួម​បរិច្ចាគ​របស់​គណៈសង្ឃ ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្កា​ ៣ ​ខែម្ដង និង​បានមកពី​ការ​និមន្ត​សម្ដែង​ព្រះធម៌​ទេសនា​បិណ្ឌបាត​របស់​សម្ដេច​ព្រះសាក​ល​​វិទ្យា​ធិ​ការ​៕