​ព្រះ​វិហារៈ​ ​ក្រសួង​បរិស្ថាន​និង​អាជ្ញាធរ​ខេត្តព្រះ​វិហារ​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ-​ឃុំ​ ជាពិសេស​ប្រជា​សហ​គមន៍​ដែល​រស់នៅ​ក្បែរ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តោ្ន​ត​-​ភ្នំ​ពកឱ្យ បង្កើន​កិច្ច​សហការ​​បន្ថែម​ទៀត​ជាមួយ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្នុង​ការ​ការ​ពារ​ធន​ធាន​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ​ក្នុង​តំបន់​នេះ​ឱ្យនៅ​គង់​វង្ស​ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​សហ​គមន៍ ​និង​សង្គម​ជាតិ​។

​ការ​អំពា​វនាវ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ មក ដែល​បាន​បង្ក​ការ​ខូច​ខាត ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ធន​ធាន​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​។​

​លោក​មាស ញឹម អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិ​ហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ពី​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​​មក ​នៅ​ថ្ងៃទី​១២ ​ខែមីនា ឆ្នាំ​២០២៣ ​លោក គឹម ណុង អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​តំបន់កា​រពារ​ធម្ម​ជាតិ​នៃ​ក្រសួងប​រិស្ថានបាន​ចុះ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ដល់​សហ​គមន៍​មូល​ដ្ឋានដែល​រស់នៅ​ជាប់​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក ក្នុងស្រុក​ស​ង្គ​មថ្មី ខេត្តព្រះវិហារ​ដោយ​ផ្ទាល់ ដើម្បី​ជំរុញ​ឱ្យមាន​ការចូល​រួម​ពី​សហ​គមន៍​ក្នុង​កិច្ចកា​រពារ​ធន​ធានធ​ម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​។

​លោក​ថ្លែង​ថា ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ការចូល​រួម​ពី​ថ្នាក់ដឹ​កនាំ​សំខាន់​ៗនៃ​រដ្ឋបាល​ខេត្តព្រះ​វិហារ ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​និង​តំណាង​សហ​គមន៍​មូល​ដ្ឋាន​ជាច្រើន​នាក់​ទៀត​នោះ ​លោក​ គឹម ណុង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​កិច្ច​សហកា​រ​គ្នា​ឱ្យ​បាន​ល្អ​ក្នុង​កិច្ចការ​ពារ​ធន​ធាន​ធម្មជាតិឱ្យ​នៅ​គង់​វង្ស​សម្រាប់​ជា​«​ឧ​ត្ត​ម​ប្រយោ​ជន៍​របស់​សហ​គមន៍​ និង​សង្គម​ជាតិ​»​។

​ដោយ​លើក​ឡើង​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-​ភ្នំ​ពកជា​បន្តប​ន្ទាប់​នាពេល​កន្លង​មក ​លោក មាស ញឹម បាន​ថ្លែងថា នៅ​ឆ្នាំនេះ​ករណី​ភ្លើង​ឆេះ​ព្រៃ​បាន​បង្ក​ការខូច​ខាត​ និង​ប៉ះ​ពាល់​ព្រៃឈើ​ជាង​ ៤ ៥០០​ហិកតា​ ជា​ហេតុ​ធ្វើឱ្យ​ជះឥ​ទ្ធិពល​អវិជ្ជ​មានដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហ​គមន៍​រាប់រយ​គ្រួសារដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធាន​អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេ​ល​មាន​ភ្លើង​ឆេះ​ព្រៃ អ្នក​ដែល​រង​ផល​ប៉ះពាល់​ជាង​គេ​នោះ គឺប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍​មូល​ដ្ឋានដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ធន​ធាន​អនុផល​ព្រៃឈើ​​ដោយផ្ទា​ល់​តែម្ដ​ង ដូច្នេះ​ត្រូវមា​ន​ការ​ចូល​រួមទាំង​អស់​គ្នាដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោ​ជន៍​របស់​សហ​គមន៍ និង​សង្គម​ជាតិ​ទាំង​មូល​»​។​

​ជា​មួយ​គ្នានេះ លោក Benjamin Joseph Davis អ្នក​ការពារ​ និង​អភិរក្ស​ធនធា​នធម្ម​ជាតិក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​១៣ ​ខែមីនា ឆ្នាំ​​២០២៣​ថា ពេ​លនេះ​ស្ថានភា​ព​ភ្លើង​ឆេះ​ព្រៃបាន​រលត់​អស់ហើ​យ​បន្ទាប់ពី​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហ​គមន៍​បាន​រួម​សហ​ការ​គ្នាបាញ់​ទឹក​ពន្លត់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​។​

​លោក​ថ្លែ​ងថា​៖«​ភ្លើង​ឆេះ​ព្រៃ​បាន​រលត់​ហើយ ប៉ុន្តែ​ព្រៃ​ឈើ​ និង​ជីវចម្រុះ​ប្រមាណ​ជាង ​៤ ៥០០​ហិកតា នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-​ភ្នំ​ពកបាន​រង​ការឆេះ​ខូចខា​ត​យ៉ាង​ធ្ងន់​ធ្ងរ​។ទន្ទឹមនឹ​ងនេះ ​សត្វព្រៃ​មួយ​ចំនួនដែ​ល​ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​ផង​នោះបាន​រត់​ភៀសខ្លួន​ចេញ​ពី​តំបន់​ស្នូលទៅ​ផ្នែក​ខាង​ក្រៅ​នៃ​ដែន​ជម្រក​ដែល​បង្ក​ឱ្យ​មាន​កង្វល់​ជា​ខ្លាំង​»​។​

​លោកBenjamin បាន​បន្តថា ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជាគឺបង្ក​ឡើង​ពី​សកម្មភា​ព​មនុស្សតាមរយៈ​ការ​ប្រើប្រា​ស់​ភ្លើង​ក្នុង​ការ​រុករក​អនុផល​ព្រៃឈើ​ ដូចជា ការដុត​ភ្លើង​ទៅលើ​ដើម​ច្បោះ​ជ័រដើម្បី​យក​ជ័រទឹក​ និង​ជ័រ​ចុង ការដុត​ភ្លើង​ដើម្បី​យក​ទឹកឃ្មុំ​ព្រៃ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័​ត្ន និង​ការដុត​ភ្លើង​ដើម្បី​ស្ទាក់​ចាប់​សត្វ​ព្រៃ ដោយ​ខុស​ច្បាប់​។​

​លោក​បាន​បន្ថែម​ថា​៖«​វា​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវកំ​ណត់​មុខ​សញ្ញា​ជន​បង្ក​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​ចាប់​ខ្លួន​បញ្ជូន​ឱ្យ​តុលា​ការ​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ឬផ្ដន្ទា​ទោស​តាម​នីតិ​វិធី ព្រោះ​ជន​ប្រព្រឹត្ត​បទល្មើស តែង​តែ​លួច​ធ្វើ​សកម្ម​ភាព មុន និង​ក្រោយ​សក​ម្មភាព​នៃ​ការចុះ​ល្បាត​របស់​ក្រុម​ការ​ងារ​យើង​»​។

​បើតា​ម​លោក ​Benj​amin ការស្រា​វជ្រាវ​ស្វែង​រក​មុខ​សញ្ញា​ជន​ប្រព្រឹត្ត​ល្មើស​គឺជា​រឿង​សំខាន់​មួយដើម្បី​ធានា​បាន​​សុខ​សន្តិភា​ព​សង្គម និង​ការ​អភិវឌ្ឍ​។ ប៉ុន្តែ​ដើម្បី​ធានា​បាន​នីរ​ន្ត​រ​ភាព​ធ​នធាន​ធម្មជាតិសម្រាប់​ជា​ឧ​ត្ត​ម​ប្រយោ​ជន៍​របស់​សហ​គមន៍​ និង​សង្គម​ជាតិ ​គឺ​ទាម​ទារ​ឱ្យមាន​ការចូលរួម​ពង្រឹង​កា​រអនុវត្ត​ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពា​រធម្មជា​តិពី​គ្រប់​ភាគី​ពាក់ព័​ន្ធ​ ជា​ពិសេស​ការ​ចូល​រួមពី​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​ដោយ​ផ្ទាល់​៕