
សកម្មភាពរុះរើព្រះរាជដំណាក់ដែលភ្លើងឆេះនៅសៀមរាបពីថ្ងៃទី១៣ មីនា ។ រូបថត សហការី
សៀមរាបៈ ក្រុមមន្ត្រីក្រសួងព្រះបរមរាជវាំងកំពុងរុះរើសំណង់អគារព្រះរាជដំណាក់តូចក្នុងក្រុង-ខេត្តសៀមរាប ដើម្បីសាងសង់ជាថ្មីឡើងវិញ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះរងការខូចខាតស្ទើរតែទាំងស្រុងកាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។
លោក អ៊ិន រដ្ឋាសេរី ទីប្រឹក្សាក្រសួងព្រះបរមរាជវាំងប្រចាំនៅព្រះរាជដំណាក់ក្នុងខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី១៤ ខែមីនាថា នៅពេលនេះ ក្រុមមន្ត្រីនៃក្រសួងព្រះបរមរាជវាំងប្រចាំនៅព្រះរាជដំណាក់ក្នុងក្រុង-ខេត្តសៀមរាប កំពុងរុះរើ បោសសម្អាត សំណល់បាក់បែកនៃសំណង់អគារព្រះរាជដំណាក់តូចដែលរងការឆេះខូចខាតស្ទើរទាំងស្រុងនោះ ដើម្បីសាងសង់ជាថ្មីឡើងវិញ។
លោកថ្លែងថា៖«នៅពេលនេះ ក្រុមការងារយើងកំពុងរុះរើផ្នែកដំបូល និងបោសសម្អាតសំណល់បាក់បែក ចេញពីបរិវេណនៃសំណង់អគារព្រះរាជដំណាក់ ដែលរងការឆេះខូចខាតដោយគ្រោះអគ្គិភ័យនេះ ដើម្បីសាងសង់ជាថ្មីឡើងវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
បើតាមលោក រដ្ឋាសេរី ក្រៅពីសំណង់អគារ និងសម្ភារប្រើប្រាស់មួយចំនួន ដូចជា តុ កៅអី សាឡុង និងកម្រាលព្រំ គឺគ្មានឯកសារប្រវត្តិសាស្ត្រ ឬបុរាណវត្ថុសំខាន់ៗអ្វីត្រូវបានឆេះខូចខាតនោះទេ។
លោកមានប្រសាសន៍បន្ថែមថា៖ «ជាការពិត យើងទាំងអស់គ្នា ទាំងរាស្ត្រ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ គឺមានការសោកស្ដាយជាពន់ពេកចំពោះឧបទ្ទវហេតុនៃគ្រោះអគ្គិភ័យដ៏រន្ធត់នេះ ព្រោះសំណង់អគារព្រះរាជដំណាក់តូចក្នុងក្រុងសៀមរាបនេះ គឺមានទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិពីប្រទេសបារាំង តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ»។
ទន្ទឹមនឹងនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបច្ចុប្បន្ន កំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំងប្រទេសចិន ព្រះអង្គសព្វព្រះរាជហឫទ័យចេញព្រះរាជសារមួយ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយបានពិពណ៌នាពីទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃព្រះរាជដំណាក់តូចក្នុងខេត្តសៀមរាប និងការធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិពីបារាំង។
ក្នុងព្រះរាជសារនោះ សម្តេចព្រះមហាក្សត្រី បានពិពណ៌នាថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញយុទ្ធនាការនៅបរទេស មានដូចជា បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួមដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។
ក្នុងព្រះរាជសារនោះ សម្តេចព្រះមហាក្សត្រី បានបញ្ជាក់ថា៖«រវាងខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ១៩៥៣ខ្ញុំមានមហាកិត្តិយសបានដង្ហែព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣»។
ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រីក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុដ៏តក់ស្លុត និងរន្ធត់បំផុតលើព្រះរាជដំណាក់ខេត្តសៀមរាបដោយគ្រោះអគ្គិភ័យឆាបឆេះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ។
សម្តេចព្រះមហាក្សត្រី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍ភ្លាមៗ ។
យោងតាមព្រះរាជសារនោះ សម្តេចព្រះមហាក្សត្រីបានបញ្ជាក់ទៀតថា៖ «តាមសេចក្ដីទួលស្នើសុំរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ» ៕
វីដេអូ៖