​ភ្នំពេញៈ​​ ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវា​នុវត្តន៍ នឹង​រៀបចំ «​ទិវា​ជាតិ ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍​ លើក​ទី​១» រយៈ​ពេល​៣​ថ្ងៃ នៅ​ចុងខែ​មីនា​ ដែល​មាន​ព្រឹត្តិ​ការណ៍​ធំៗ​ចំនួន​ ៤​ ដើម្បី​ចូល​រួម​ចំណែក​ក្នុងការ​តម្រង់​ទិស និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ឱ្យ​គិតគូរ​លើ​វិស័យ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​។​

​ព្រឹត្តិ​ការណ៍​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នេះ ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​២៦ ​ដល់​ថ្ងៃទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣ ​ដោយ​នឹង​មាន​ការ​ចូល​រួម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នង​ឱកាស​បើក​កម្ម​វិធី​នេះ​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិ​ព័រណ៍​កោះ​ពេជ្រ​។ នេះ​បើ​តាម​ការប្រ​កាស​របស់​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ។​

​ក្រសួង ​បាន​ប្រកាសថា ទិវា​ជាតិ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ត្រូវបាន​រាជរដ្ឋាភិ​បាល​កម្ពុជា​អនុម័ត​ជា​ផ្លូវ​ការ​កំណត់​យក​ថ្ងៃទី​២៦ ​ខែមីនា ជា​រៀង​រាល់​ឆ្នាំ ​ហើយក៏​ជា​ព្រឹត្តិ​ការណ៍​ដំបូង​គេ​បង្អស់​នៅក្នុ​ង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ដឹកនាំ​ដោយ​ក្រសួង​ឧស្សា​ហកម្ម​ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិ​ស័យ​របស់​រា​ជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុងការ​ប្រែក្លា​យ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។

​ក្រសួង​ បាន​បញ្ជាក់​ថា​«​ផលិត​ផល និង​សេវា​កម្ម ផ្នែក​វិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ដែល​នឹង​តាំង​បង្ហាញ​រួម​មាន ១. ទឹកស្អាត​ ឧស្សា​ហកម្ម​មេកា​និច​ និង​អេ​ឡិច​ត្រូ​និក​ ២.បច្ចេក​វិទ្យា​ឌីជីថល​៖ ធនាគារ បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ បច្ចេក​វិទ្យា​បន្ថែម​ទិន្នន័យ​លើ​រូបភាព​ប្រត្យ​ក្ស​/​បច្ចេ​កវិទ្យា​រូបភាព​ប្រត្យ​ក្ស​និម្មិត ៣. ប្រព័ន្ធ​សុខា​ភិបាល​ឌីជីថល ៤. ថាម​ពល ៥. កសិ​ឧស្សាហ​កម្ម ៦. បម្រែ​បម្រួល​អាកាស​ធាតុ​៖ បន្ទះ​សូ​ឡា ​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេក​វិទ្យា ប្រព័ន្ធ​តម្រង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ៧. ផលិត​ផល និង​សេ​វាកម្ម​ផ្សេង​»​។

​តាម​ការ​ផ្សព្វ​ផ្សាយ ​កម្មវិធី​សំខាន់​ចំនួន​៤ នឹង​ត្រូវ​រៀបចំ​ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​នេះ ដែល​មាន​ដូចជា​ការ​តាំង​បង្ហាញ​ផ្នែក​វិទ្យា​សាស្ត្រ « Science Caravan » សហ​ការ​ជាមួយ​ក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យា​សាស្ត្រ ស្រាវ​ជ្រាវ ​និង​នវានុវ​ត្តន៍ នៃ​ប្រទេស​ថៃ ការ​ផ្តល់​ពានរង្វាន់​ដល់​អ្នកវិទ្យា​សាស្ត្រ​ឆ្នើម​កម្ពុជា ព្រឹ​ត្តិការណ៍​ពិព័រណ៍​ វ​.​ប​.​ន​. និង​សិក្ខា​សាលា​ និង​ជំនួប​ពិភាក្សា​លើ​ផ្នែក វ​.​ប​.​ន​.៕

​លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិ​ទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវ​ត្តន៍ បាន​អះអាង​ថា ទិវា​ជាតិ​នេះ ​រៀប​ចំឡើង​ក្នុង​គោល​បំណង​ធ្វើការ​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ដល់​សាធា​រណ​ជន​នៃ​មជ្ឈដ្ឋាន​ជាតិ ​និង​អន្ដរ​ជាតិ​ឱ្យបាន​យល់​ដឹង​អំពី​កា​រវិវឌ្ឍទៅ​មុខ និង​ចក្ខុវិ​ស័យ​យូរអង្វែង​របស់​កម្ពុជា​លើ​ផ្នែក​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវា​នុវត្តន៍ ជាពិ​សេស ការ​លើក​កម្ពស់​នូវ​ស្នាដៃ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា និង​នវា​នុវត្តន៍ របស់​សិស្ស ​និស្សិត និង​បញ្ញវន្ត​ខ្មែរ តា​មរយៈ​ការផ្ដល់​ពានរ​ង្វាន់ អ្នក​វិទ្យា​សាស្ត្រ​ឆ្នើម​កម្ពុជា​។

​លោក ​បាន​បញ្ជាក់​ថា​៖«​ព្រឹត្តិកា​រណ៍​នេះ ក៏​ជា​ចំណែក​មួយ​ក្នុងការ​តម្រង់​ទិស និង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ឱ្យ​គិត​គូរ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​វិទ្យា​សាស្ត្រ ប​ច្ចេកវិ​ទ្យា និង​នវានុវ​ត្តន៍ សំដៅ​ជំរុញ​ឱ្យ​កម្ពុជា ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ទាំង​សេដ្ឋ​កិច្ច ​និង​សង្គម ​តាម​បែប​វិទ្យា​សាស្ត្រ​ក្នុង​យុគស​ម័យ​ឧស្សា​ហកម្ម​ជំនា​ន់ទី​៤ និង​សេដ្ឋ​កិច្ច​ឌីជី​ថល​»​។​

​តាម​លោក ​ចម ប្រសិទ្ធ ក្នុង​ថ្ងៃទី​១ និង​ថ្ងៃទី​២ ការ​រៀបចំ​កម្មវិធី​នេះ គឺធ្វើ​ឡើង​សម្រាប់​ការងារ​ពាណិជ្ជ​កម្ម វិនិ​យោគ ការ​ពិភា​ក្សា​ផ្លាស់​ប្តូរ​គំនិត ​បង្កើត​គំនិត​ថ្មី សិក្សា​ស្រាវ​ជ្រាវ​ និង​ការ​ចូល​រួម សហ​ការគ្នា​ផ្សេងៗ​ ខណៈ​នៅ​ថ្ងៃទី​៣ ​គឺធ្វើ​ឡើង​សម្រាប់​សា​ធារណ​ជន​ទូទៅ ដែល​អាច​ចូល​រួម​ដោយ​សេរី​។​

​លោក ​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ និង​មាន​សេចក្តី​រីក​រាយ​សូម​អញ្ជើញ​​បណ្តា​ក្រុម​ហ៊ុន សហ​គ្រាស ​អាជី​វកម្ម ផលិត​កម្ម ដែល​មាន​ការពាក់​ព័ន្ធ​ក្នុង​ទិដ្ឋ​ភាព ​ឬ​ផ្នែក​នៃ​វិទ្យា​សាស្ត្រ ប​ច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ចូលរួម​គាំទ្រ និង​ដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផល​- សេ​វាកម្ម​រប​ស់ខ្លួន​នៅក្នុ​ង​ពិព័រណ៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុវ​ត្តន៍ ក​ម្ពុជា​-​អន្ត​រជាតិ ​លើក​ទី​១ ​ឆ្នាំ​២០២៣»៕