
លោក ម៉ម ប៊ុនហេង និងលោក Ueno Atsushi ក្នុងជំនួបកាលពីថ្ងៃទី១៣មីនា នៅទីស្តីការក្រសួងសុខាភិបាល។ រូបថត ក្រសួងសុខាភិបាល
ភ្នំពេញៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកិច្ចសហការលើវិស័យសុខាភិបាល ការផ្ដល់ជំនួយបន្ទាន់ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ ១៩ ខណៈខាងភាគីជប៉ុនស្នើឱ្យមានការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀត។
លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំ កម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែមីនា នៅទីស្ដីការក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានសម្តែងការអបអរសាទរចំពោះ លោក Ueno Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការលើវិស័យ សុខាភិបាលរវាងប្រទេសទាំង២។
លោកបានថ្លែងថា៖ «យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយបន្ទាន់សម្រាប់ទប់ស្កាត់ ឆ្លើយតបនឹងការរាលដាលជំងឺកូវីដ១៩ ដែលមានទាំងសម្ភារ ថវិកា និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ»។
នាឱកាសនោះដែរ លោក Ueno Atsushi ក៏បានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀតទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។
លោក Ueno Atsushi មានប្រសាសន៍ថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ ហើយក៏អរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំង២ផងដែរ»។
ក្រសួងសុខាភិបាលកម្ពុជា គាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងនោះពិសេសគឺតែងតែគាំទ្រដល់ JICA ក្នុងការអនុវត្តគម្រោងជំនួយឥតសំណងនានា ជាក់ស្តែងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលបាននិងកំពុងអនុវត្តជាដើម។
លោក ម៉ម ប៊ុនហេង បានឆ្លើយតបវិញថា លោកគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលរវាង ប្រទេសទាំង២ ជាក់ស្ដែងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្តជាច្រើន ការបណ្តុះបណ្តាល ធនធានមនុស្ស ដែលជាការសបញ្ជាក់នូវការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន។
សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ ១៩ ដែលក្នុងនោះមានដូចជា ជំនួយបឋមនាខែកុម្ភៈ ឆ្នាំ២០២០ ពេលដែលកម្ពុជាបានរកឃើញករណីកូវីដ១៩ ដំបូង រួមមាន កញ្ចប់តេស្តរហ័ស, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់ មន្ត្រីសុខាភិបាល (Personal Protection Equipment)និងកញ្ចប់ឧបករណ៍ពិសោធន៍ និងម៉ាស់។
ក្រសួងសុខាភិបាលបានបន្តទៀតថា ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Economic and Social Development Program) បានផ្ដល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ២ ០០០លានយេន ដែលស្មើប្រមាណជា ១៨,៥លានដុល្លារអាមេរិក អនុវត្តដោយ Japan International Cooperation System (JICS)។
បើតាមក្រសួងសុខាភិបាល តាមរយៈកម្មវិធី ជំនួយបន្ទាន់ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦,៣ លានដុល្លារ អាមេរិក អនុវត្តដោយ UNOPS រួមមាន សាងសង់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្ស៊ែន (Oxygen Plant) នៅ ១១ មន្ទីរពេទ្យ ដែលបាននិងកំពុងអនុវត្តជិតចប់, សម្ភារឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ, សម្ភារ IT ព្រមទាំងបានចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងផ្ដល់ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ១លានដូស តាមរយៈមជ្ឈមណ្ឌល COVAX៕