
លោក ប្រាជ្ញ ចន្ទ និងមន្ត្រី គជប ក្នុងសន្និសីទកាសែតមុនចេញដំណើរទៅបារាំង។ ហេង ជីវ័ន
ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោឆ្នោត (គជប) ថ្លែងថា លោកនឹងផ្តល់ព័ត៌មានដល់ភាគីបារាំង ក៏ដូចជាសហគមន៍អឺរ៉ុបពីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ ២០២៣ នៅកម្ពុជាក្នុងបំណង ដើម្បីភាគីបារាំងក៏ដូចជាសហគមន៍អឺរ៉ុបជួយបន្តការគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតបន្ថែមទៀតនៅអាណត្តិថ្មីនេះ។
លោក ប្រាជ្ញ ចន្ទ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរទៅទស្សនកិច្ចអំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង។
លោក ប្រាជ្ញ ចន្ទ ថ្លែងបន្តថា ទាក់ទងនឹងដំណើរទស្សនកិច្ចនេះលោកគ្រោងនឹងលើកយោបល់ ផ្តល់ដំណឹង ព័ត៌មានដល់ខាងភាគីបារាំងបានជ្រួតជ្រាប អំពីបច្ចុប្បន្នភាពដែលកម្ពុជាកំពុងដំណើរការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ ២០២៣ នេះ ដោយស្ថាប័ន គជប ជាស្ថាប័នឯករាជ្យ និងបំពេញតួនាទីជាសមត្ថកិច្ចចាត់ចែងរៀបចំការបោះឆ្នោត ដោយផ្អែកលើច្បាប់របស់កម្ពុជា ដើម្បីធ្វើឱ្យការបោះឆ្នោត ១ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា គោលបំណងចង់ផ្តល់ព័ត៌មានដល់ភាគីបារាំងក៏ដូចជាសហគមន៍អឺរ៉ុបនេះគឺដើម្បីឱ្យគេពិចារណាក្នុងការបន្តគាំទ្រដល់កម្ពុជាក្នុងការបោះឆ្នោត ព្រោះ កន្លងមកសហគមន៍អឺរ៉ុប និងជប៉ុន ធ្លាប់បានសហការគ្នាជួយដល់កម្ពុជាទាក់ទងនឹងការកែទម្រង់ការបោះឆ្នោត ជាពិសេសការរៀបចំ និងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយបញ្ចូលទិន្នន័យក្នុងបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា៖ «យើងប្រឹងប្រែងខិតខំធ្វើដំណើរ [ទៅទស្សនកិច្ច] ស្របពេលកំពុងមមាញឹកទាក់ទងការងារបោះឆ្នោត ដើម្បីបង្ហាញពីកម្ពុជាយើងក្នុងការត្រៀមរៀបចំការបោះឆ្នោតដល់បណ្តាភាគីទាំងឡាយនៅអឺរ៉ុប ពិសេសគឺបារាំងនេះ ឱ្យគេយល់បានអំពីដំណើរការនៃការចាត់ចែងការបោះឆ្នោតនៅកម្ពុជាយើង»។
លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាធម្មនុញ្ញរួចមកចាប់តាំងពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ននេះ គជប បានចាត់ចែងរៀបចំការបោះឆ្នោតទាំងសកល និងអសកលតាមអាណត្តិបានចំនួន ១៦ លើកមកហើយ ដែលការធ្វើកន្លងមកនេះគឺធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោឆ្នោតរូបនេះ ថ្លែងថា៖ «យើងចង់បង្ហាញឱ្យឃើញអ្វីដែលយើងប្រឹងប្រែងកន្លងមក ហើយដែលយើងនឹងធ្វើនៅចំពោះមុខនៅឆ្នាំ ២០២៣ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ នេះ ដើម្បីឱ្យបណ្តាភាគីនៅសហភាពអឺរ៉ុប ពិសេសសាធារណរដ្ឋបារាំងបានជ្រាបថា កម្ពុជាកំពុងដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោឆ្នោត បានឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូ គជប កម្ពុជា នឹងមានជំនួបនៅក្រសួងមហាផ្ទៃនៃសាធារណរដ្ឋបារាំងជាពិសេសនៅទីនោះនឹងបានជួបជាមួយអង្គភាពដែលបំពេញការងារទាក់ទងនឹងការបោះឆ្នោត។
លោកបានថ្លែងថា ការបោះឆ្នោតនៅប្រទេសបារាំង គឺចាត់ចែងរៀបចំដោយស្ថិតនៅក្នុងក្រសួងមហាផ្ទៃតែម្តង។ ជាមួយគ្នានោះ ក៏មានទស្សនកិច្ចនៅរដ្ឋសភាផងដែរ ដែលតាមគម្រោងគឺជួបជាមួយនឹងគណ-បក្សនយោបាយ និងបេក្ខជន ឈរឈ្មោះបោះឆ្នោតនៅទីនោះ។
បន្ថែមលើនោះលោកប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងជួបជាមួយក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័នទាំង ២ នេះ ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់ ឬពាក្យបណ្តឹង អំពីការបោះឆ្នោត។ ក្រៅពីនេះក៏មានការជួបជាមួយខាងសោតទស្សន៍ ដែលទាក់ទងនឹងការពិនិត្យទៅលើការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ និងបេក្ខជន រួចហើយនឹងជួបជាមួយសាលាក្រុងប៉ារីស និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការងារមួយចំនួនទៀតក្នុងកិច្ចការងារបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទី ១០ ខែមីនា បានឱ្យដឹងថា តាមកំណត់ទូតនៃស្ថានទូតបារាំង ចុះថ្ងៃទី ៦ ខែមីនានេះ លោកស្រី អាត់ សូហ្វី នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធ បោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ ២០២៣។
ប្រភពបន្តថា ការអញ្ជើញកម្ពុជាទៅទស្សនកិច្ចនៅបារាំងនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង៕