
លោកឌិត ទីណា នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី ១៣ មីនា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យសាកល វិទ្យាល័យភូមិន្ទកសិកម្ម (RUA) ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សានិងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យដើម្បីតម្រង់ទិសនិស្សិតឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់គណៈគ្រប់គ្រង RUA ត្រូវជ្រើសរើសសម្រិតសម្រាំងនិស្សិតដែលមានសក្តានុពល មានសមត្ថភាពពិតប្រាកដ ក្នុងការចាប់យកឱកាសការងារជាមួយក្រុមហ៊ុនឯកជនធំៗ និងកសាងកេរ្តិ៍ឈ្មោះបង្កើតទំនុកចិត្តចំពោះសាលាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា ២០២២- ២០២៣ និងសម្ពោធមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី ១៣ មីនា។
លោកបន្ថែមថា និស្សិតទាំងអស់ចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូល ចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួនឯងច្បាស់លាស់ ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យដោយមិនបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះ ត្រូវ តាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀន ដើម្បីចេះទាំងចំណេះដឹងក្នុងនិងក្រៅសាលាចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត។
លោកបញ្ជាក់ថា៖ «និស្សិតទាំងអស់ ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យាពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែ ទូលំទូលាយដើម្បីឈានទៅរក ការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋឯកជន និងអាចជាវិនិយោគិន ក្នុងវិស័យកសិកម្ម»។
អគ្គនាយកក្រុមហ៊ុនអ្រាហ្គ៊ីប៊ី លោកយ៉ង ប៉ាក់ ប្រាប់ថា ជារៀងរាល់ឆ្នាំ លោកសង្កេតឃើញថា ដោយសារតែកម្ពុជាជាប្រទេសផលិតកម្មកសិកម្ម ដូចនេះត្រូវការធនធានមនុស្សផ្នែកជំនាញកសិកម្ម រាប់ទាំងក្សេត្រសាស្ត្រគ្រឿងយន្តកសិកម្ម កែច្នៃ ផលិតផលកសិកម្ម, បសុសត្វ ជាដើម មិនតិចជាង ១ ម៉ឺននាក់ទេ។ លោកបន្ថែមថា មិនមែន មានន័យថា ទាល់តែរៀនកសិកម្ម ឬជំនាញកសិកម្មបានក្លាយជាធនធានមនុស្ស ក្នុងវិស័យ កសិកម្មនោះទេ។ ក្នុងវិស័យកសិកម្មក៏ត្រូវការជំនាញហិរញ្ញវត្ថុ ព័ត៌មានវិទ្យា បច្ចេកវិទ្យា ធុរកិច្ច ទីផ្សារ និងជំនាញផ្សេងៗទៀតដែរ។
លោក យ៉ង ប៉ាក់ បញ្ជាក់ដូច្នេះថា៖ «ជារឿយៗ ពេលយើងប្រកាសជ្រើសរើសបុគ្គលិក យើងឃើញនិស្សិតជាច្រើន ហាក់មានការរើសអើងមកក្រុមហ៊ុន នៅក្នុងវិស័យកសិកម្ម។ យើងសង្ឃឹមថា និស្សិតបញ្ញវន្ត យើងនឹងផ្លាស់ប្តូរផ្នត់គំនិតនេះ។ ថ្វីដ្បិតតែអ្រាហ្គ៊ីប៊ី ជាក្រុមហ៊ុន ផ្តល់សេវាកម្មផ្នែកកសិកម្ម តែមិនមែនមានន័យថា យើងត្រូវការតែបុគ្គលិកជំនាញកសិកម្មទេ។ ក្រុមហ៊ុនអ្រាហ្គ៊ីប៊ី ក៏ដូចជាក្រុមហ៊ុន កសិកម្មផ្សេងទៀតដែរ តែងតែស្វះស្វែង និងស្វាគមន៍ ដល់ប្អូនៗនិស្សិតដែលចង់បម្រើការងារនៅក្រុមហ៊ុនរបស់យើង រាប់ទាំងអ្នកហាត់ការ និង បុគ្គលិកពេញសិទ្ធិ»។
បើតាមសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យមាននិស្សិត ចំនួន ១ ០៤៧ នាក់ក្នុងនោះស្ត្រីមានចំនួន ៤២១ នាក់ស្មើនឹង ៤០%។ RUA បានអភិវឌ្ឍកម្មវិធីសិក្សាកាន់តែប្រសើរ មានមុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើការអនុវត្តផ្ទាល់ និងការចូលរួម ពីនិស្សិតដូចជាការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រី ការរៀបចំបែឬស្រះ និងការធ្វើទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល និងសមត្ថភាពប្រកួតប្រជែងរបស់និស្សិតក្នុងទីផ្សារការងារក្រោយពេលបញ្ចប់ការសិក្សា។
ជាមួយគ្នានេះដែរ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយតម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតជិតបញ្ចប់ឬទើបបញ្ចប់ការសិក្សាជាមួយនឹងទីផ្សារការងារ៕