
សិស្សទទួលទានអាហារដែលផ្ដល់ឱ្យនៅតាមសាលា។ រូប សហការី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបានត្រៀមថវិកាជាង ៤ លានដុល្លារ សម្រាប់អនុវត្តនៅឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារក្នុងតំបន់ក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ព្រមទាំងរួមចំណែកបង្កើនផលិតភាពស្បៀងផងដែរ។
នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ននិងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។
អនុក្រឹត្យដែលមាន ១០ ជំពូក និង ៣១ មាត្រា បានលើកឡើងថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះសាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសឱ្យអនុវត្តកម្មវិធីនេះដែលក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នគ្រប់គ្រងការអនុវត្តនេះ។
អនុក្រឹត្យនេះបានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរាល់ឯកសារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីដើម្បីគ្រប់គ្រងនិងអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល»។
មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលក៏បានកំណត់ក្នុងអនុក្រឹត្យនេះផងដែរទាក់ទងនឹងការកំណត់ពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្តង់ដាសំណង់ផ្ទះបាយ និងកន្លែងសិស្សទទួលទានអាហារនៅតាមសាលារៀនគោលដៅ នៅក្នុងសៀវភៅណែនាំប្រតិបត្តិកម្មវិធី។
ក្នុងការអនុវត្តកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីប្រាក់ឧបត្ថម្ភរបបអាហារផងដែរដោយមានសម្រាប់សិស្ស ចុងភៅ និងវិធីសាស្ត្រកំណត់ចំនួនសិស្សដែលត្រូវទទួលរបបអាហារនៅតាមវេនសិក្សានីមួយៗក្នុងសាលារៀនគោលដៅ។
អនុក្រឹត្យនេះបានបន្ថែមថា «ក្រសួងអប់រំ ត្រូវគ្រោងចំណាយថវិកាប្រតិបត្តិការប្រចាំឆ្នាំ ដោយរាប់បញ្ចូលទាំងការជួសជុលតូច ទិញសម្ភារផ្ទះបាយ និងសម្ភារអនាម័យតាមការចាំបាច់សម្រាប់ការអនុវត្តកម្មវិធីដោយភ្ជាប់មក ជាមួយនូវព័ត៌មានលម្អិតដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យ និងសម្រេច ដែលត្រូវធ្វើឱ្យបានមុនដំណាច់ខែមីនា នៃឆ្នាំនីមួយៗ»។
បើយោងតាមប្រភពដដែលនេះ ក្រៅពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានក្រសួង ស្ថាប័ន មួយចំនួនត្រូវមានភារកិច្ចក្នុងការអនុវត្តកម្មវិធីនេះផងដែរ ក្នុងនោះមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម,ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ,ក្រសួងមហាផ្ទៃ,ក្រសួងសុខាភិបាល,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី និងរដ្ឋបាលក្រុង-ស្រុក។
សូមជម្រាបផងដែរថា កសិផលក្នុងសហគមន៍សំដៅលើផលិតផលក្នុងសហគមន៍ដែលមានដូចជា អង្ករ សាច់ ត្រី ស៊ុត ទឹកដោះសត្វ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ចំណីអាហារដែលបញ្ចូលមីក្រូសារជាតិជាដើមដែលមានប្រភពពីផលិតកម្មដំបូងសម្រាប់ផ្គត់ផ្គង់តាមសាលារៀនសាធារណៈ។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់នៅថ្ងៃទី ១៤ ខែមីនាថា អាហារូបត្ថម្ភល្អ ចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងបណ្តាលឱ្យគុណភាពជីវិតរឹតតែប្រសើរ។
លោកបានថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព»។
លោកស្រី គ្លែរ កូណាន់ តំណាងអង្គការស្បៀងអាហារពិភពលោក ធ្លាប់បានលើកឡើងថា កម្មវិធីសុខភាព និងអាហារូបត្ថម្ភ ដែលអនុវត្តនៅតាមសាលារៀនបានកាត់បន្ថយភាពអត់ឃ្លាននិងជាការលើកទឹកចិត្តដ៏មានឥទ្ធិពលដើម្បីឱ្យកុមារវិលត្រឡប់មកសាលារៀនវិញ។ កម្មវិធីនេះកាន់តែមានលក្ខណពិសេសទៅទៀតសម្រាប់កុមារងាយរងគ្រោះដែលភាគច្រើនពឹងអាស្រ័យលើអាហារដែលផ្ដល់នៅតាមសាលារៀន និងមានជម្រើសសិក្សានៅផ្ទះតិចតួច។
សូមបញ្ជាក់ផងដែរថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រនិងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀននិងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
បច្ចុប្បន្នកម្មវិធីនេះអនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៤២៧ សាលាក្នុងខេត្តចំនួន ១០ រួមមានខេត្តបាត់ដំបង,បន្ទាយមានជ័យ,កំពង់ចាម,សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ,កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ក្នុងនោះមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់ ដែលរាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ១៧ ០៨០ លានរៀល សម្រាប់ឆ្នាំ ២០២៣៕