ភ្នំពេញៈ កិច្ចប្រជុំ​ប្រធាន​ស្ថាប័ន​ប្រកួត​​ប្រជែង​អាស៊ាន​លើក​ទី​ ៤ នៅ​ទីក្រុង​ផា​​ឡា​វ៉ាន់ ប្រទេស​ហ្វីលីពីន បាន​ពិភាក្សា​លើ​គោលការណ៍​ណែនាំ​ក្នុងការ​ចែករំលែក ទៅលើ​ករណី​នៃ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច អាស៊ាន និង​ប្រព័ន្ធ​ព័ត៌មាន ហើយ​កិច្ចប្រជុំ​ក៏​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ប្រកួត​​ប្រជែង​សម្រាប់​ក្រោយ​ឆ្នាំ ​២០២៥ ដែល​គ្រោង​កំណត់​សកម្មភាព​ពាក់ព័ន្ធ​កិច្ចការ​​ប្រកួតប្រជែង​សម្រាប់ ២០ ​ឆ្នាំ​ខាងមុខ​។​

​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) និង​ជា​ប្រធាន​លេខាធិការ​ដ្ឋា​ន​នៃ​គណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា (​គ​.​ប​.​ក​) បាន​ដឹកនាំ​មន្ត្រី​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រធាន​ស្ថាប័ន​ប្រកួត​ប្រជែង​អាស៊ាន​លើក​ទី​៤ នៅ​ប្រទេស​ហ្វីលីពីន ​កាលពី​ថ្ងៃទី​ ១៣ ​មីនា​។

​កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែល​អនុញ្ញាតឱ្យ​ប្រធាន​ស្ថាប័ន​ប្រកួតប្រជែង​អាស៊ាន​ទាំងអស់ បាន​ជួបជុំគ្នា​ពិភាក្សា​ពាក់ព័ន្ធ​នឹង​របៀបវារៈ​ចំនួន​ ៣ ដែលមាន​ដូចជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​លើ​កិច្ច​ព្រម​​ព្រៀង​ក្របខ័ណ្ឌ​ប្រកួតប្រជែង​អាស៊ាន​លើក​ទី​ ១ និង​ផែនការ​ការងារ​បន្ត​។ វឌ្ឍន​ភាព​នៃ​សកម្មភាព​ដែលជា​អាទិភាព ក្រោម​ផែនការ​សកម្មភាព​ប្រកួតប្រជែង​ឆ្នាំ​ ២០២៥ និង​ផែនការ​សកម្មភាព​ប្រកួត​​ប្រជែង​សម្រាប់​ក្រោយ​ឆ្នាំ​ ២០២៥​។ នេះ​បើតាម​អគ្គនាយកដ្ឋាន ក​.​ប​.​ប ។​

​លោក ផាន អូន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ មីនា​ថា មាន​លទ្ធផល​ជាច្រើន​ដែល​ភាគី​ប្រធាន​ស្ថាប័ន​ប្រកួតប្រជែង​អាស៊ាន​រួមទាំង​កម្ពុជា​បានសម្រេច​ឯក​ភាព និង​បានដាក់​ផែនការ​ក្នុង​ការជួប​ពិភាក្សាគ្នា​បន្តទៀត​ក្នុងពេល​ខាងមុខ​។​

​លោក​ថា ជាក់ស្តែង កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការប្រកួតប្រជែង​នេះ កំពុង​ត្រូវបានធ្វើ​ការចរចា​នៅក្នុង​កម្រិត​បច្ចេកទេស​ដោយ​ក្រុម​ជំនាញការ​ប្រកួតប្រជែង (AEGC) ដែល​គ្រោង​នឹង​បញ្ចប់ និង​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​ប្រធាន​ស្ថាប័ន​ប្រកួតប្រជែង​អាស៊ាន (AHCA) នៅក្នុង​ត្រីមាស​ទី​ ២ នៃ​ឆ្នាំ ​២០២៤​។​

​លោក​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​បម្រើ​ជា​យន្តការ​សហប្រតិបត្តិ​ការ​ដែលមាន​លក្ខណៈ​ជា​ផ្លូវការ​មួយ​ក្នុង​ការជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​នៅពេល​មាន​ករណី​ឆ្លងដែន​សមត្ថកិច្ច និង​ការ​សម្រប​​សម្រួល លើ​បញ្ហា​គោលនយោបាយ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នៅក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​»​។​

​កិច្ចប្រជុំ​ប្រធាន​ស្ថាប័ន​ប្រកួតប្រជែង​អាស៊ាន គឺជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែល​អនុញ្ញាតឱ្យ​ប្រធាន​ស្ថាប័ន​ប្រកួតប្រជែង​អាស៊ាន បាន​ជួបជុំ​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​សកម្មភាព​ដែលជា​អាទិភាព​ក្រោម​ផែនការ​សកម្ម​​ភាព​ប្រកួតប្រជែង​ឆ្នាំ​២០២៥​។​

​លោកបាន​បញ្ជាក់ថា​៖ «​យើង​បាន​ពិភាក្សា​លើ​គោលការណ៍​ណែនាំ​ក្នុងការ​ចែករំលែក​ទៅលើ​ករណី​នៃ​ការរួមបញ្ចូល​គ្នា​នៃ​ធុ​រ​កិច្ច និង​ប្រព័ន្ធ​ព័ត៌មាន​លើ​ករណី​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​អាស៊ាន ហើយ​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ប្រកួតប្រជែង​សម្រាប់​ក្រោយ​ឆ្នាំ​ ២០២៥​ ដែល​គ្រោង​កំណត់​សកម្មភាព​ពាក់​​ព័ន្ធ​កិច្ចការ​ប្រកួតប្រជែង​សម្រាប់ ២០ ​ឆ្នាំ​ខាងមុខ គឺ​រហូតដល់​ឆ្នាំ ២០៤៥ ដែល​ជាក់ស្តែង​ក្រុម​ជំនាញការ​អាសា​ន និង​លេខា​ធិ​ការដ្ឋាន​អាស៊ាន​នឹងធ្វើ​ការពិភាក្សា​បន្ថែម​លើ​ការកំណត់​សកម្មភាព​ទាំងនេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ​»​។

​ទន្ទឹមនឹងនេះ លោក ផាន អូន ឱ្យដឹងថា ក្នុងអំឡុង​ពេលនោះ​មន្ត្រី​កម្ពុជា​ក៏បាន​ជួប​ពិ​ភា​ក្សា​ជាមួយ​ដៃគូ​សន្ទនា ដើម្បី​ទទួល​​បាន​កិច្ច​ជំនួយ​ប​ចេ្ច​ក​ទេស​ពី​ប្រទេស​មួយចំនួន ដូចជា​អូស្ត្រាលី និង​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​កម្ពុជា មាន​លិខិតបទដ្ឋាន​ច្បាប់ និង​ក្រោម​ច្បាប់ ដើម្បី​ធានា​ដល់​ការ​​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​។​

​សូមបញ្ជាក់​ផងដែរ​ថា ច្បាប់​ស្តីពី​ការប្រកួតប្រជែង របស់​កម្ពុជា ត្រូវបាន​អនុម័ត និង​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ២០២១៕