
ទិដ្ឋភាពអគ្គិភ័យឆេះផ្ទះនៅក្នុងខណ្ឌមានជ័យកាលពីល្ងាចថ្ងៃទី១៤ មីនា ។ រូបថត សហការី
ភ្នំពេញៈ ផ្ទះ និងបន្ទប់ជួលសរុប ២១ ខ្នង-បន្ទប់ របស់ប្រជាពលរដ្ឋក្នុងភូមិឫស្សី សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ បានរងការឆេះខូចខាតយ៉ាងដំណំ ដោយសារគ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីមូលដ្ឋាន។
លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ ២ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីម៉ោងជាង ៦ ល្ងាចថ្ងៃទី១៤ ខែមីនា មានអគ្គិភ័យកើតឡើងនៅចំណុចក្រុមទី១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ២ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ បាននាំគ្នាដងទឹកមកជួយពន្លត់។ បន្ទាប់មកកម្លាំងនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋានរាជធានីភ្នំពេញក៏បានមកដល់ ហើយបានរួមសហការគ្នាពន្លត់អគ្គិភ័យនោះឱ្យរលត់ទៅវិញ ដោយប្រើពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។
លោកថ្លែងថា៖ «គ្មានប្រជាពលរដ្ឋ ឬមន្ត្រីណាម្នាក់រងរបួស ឬស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះទេ ប៉ុន្តែផ្ទះនិងបន្ទប់ជួលសរុបចំនួន ២១ ខ្នង និងបន្ទប់ បានរងការឆេះខូចខាតយ៉ាងដំណំ»។
បើតាមលោក សំអុល ក្រោយពីមានគ្រោះអគ្គិភ័យនេះ អាជ្ញាធរសង្កាត់ និងខណ្ឌ រួមទាំងសប្បុរសជន មួយចំនួនបាននាំយកអំណោយសង្គ្រោះបឋម ទៅជួយដល់គ្រួសារជនរងគ្រោះ ដែលក្នុង ១ គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១ យួរ និងថវិកាចំនួន ១២ ម៉ឺនរៀល ដើម្បីជួយរំលែកការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
លោក សំអុល បានបន្ថែមថា៖«ដោយសារមានការលើកឡើងផ្សេងៗគ្នាពីក្រុមគ្រួសារជនរងគ្រោះខ្លះថា ករណីគ្រោះអគ្គិភ័យនេះគឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស សម្រាប់ចម្អិនម្ហូបអាហារ និងខ្លះទៀតថា បណ្ដាលមកពីទុស្សេខ្សែភ្លើងនោះ នៅពេលនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងស្រាវជ្រាវ និងប្រមូលទិន្នន័យបន្ថែមពីគ្រួសារជនរងគ្រោះ និងអ្នកភូមិក្បែរកន្លែងកើតហេតុ ដើម្បីកំណត់អំពីមូលហេតុនៃគ្រោះអគ្គិភ័យនេះឱ្យបានច្បាស់លាស់»។
លោក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី១៥ ខែមីនា ថា បន្ទាប់ពីពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរអ្នកភូមិទាំងជនរងគ្រោះ និងអ្នកនៅជិតកន្លែងកើតហេតុ អស់ជាច្រើនម៉ោង ក្រុមមន្ត្រីនគរបាលជំនាញបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យនេះ មិនបង្កឡើងពីការផ្ទុះកំប៉ុងហ្គាសក្នុងអំឡុងពេលដាំស្លនោះទេ។
លោកបានបញ្ជាក់ថា៖«ករណីគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីផ្ទុះឆ្លងចរន្តអគ្គិសនីឬទុស្សេខ្សែភ្លើង»។
បើតាមលោកព្រហ្ម យ៉ន នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប២៩គ្រឿង ក្នុងនោះមកពីការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ១៥ គ្រឿង មកពីក្រសួងមហាផ្ទៃ ២ គ្រឿង មកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ១ គ្រឿង មកពីទីក្រុងរណបកោះនរា ១ គ្រឿង មកពីកងពលតូចលេខ ៧០ ចំនួន ៤ គ្រឿង និងមកពីក្រុមហ៊ុន OCIC ជ្រោយចង្វារចំនួន ៦ គ្រឿងដោយប្រើប្រាស់ទឹកសរុបអស់ ១៩៨ ម៉ែត្រគុប។
ដោយសាររដូវនេះជារដូវក្ដៅ ដែលងាយនឹងមានគ្រោះអគ្គិភ័យកើតឡើង លោក ព្រហ្ម យ៉ន បានអំពាវនាវ ឱ្យពលរដ្ឋ អាជីវករ ម្ចាស់គ្រឹះស្ថាន រោងចក្រ សហគ្រាសតូចធំ នៅគ្រប់ទីមណ្ឌលទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ដោយត្រូវត្រួតពិនិត្យរាល់ឧបករណ៍ប្រើប្រាស់ទាំងអស់ឱ្យបានត្រឹមត្រូវ និងជាប្រចាំ ជាពិសេសត្រូវបិទឬពន្លត់ភ្លើង ចង្ក្រានអគ្គិសនី ហ្គាស អុស-ធ្យូង ឱ្យអស់ជាមុន ក្រោយពេលដាំស្លឬចាកចេញពីផ្ទះ៕