ភ្នំពេញៈ លោក​ ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៣ នៅ​វិមាន​រដ្ឋ​សភាប​បានទទួល​ជួប​សម្ដែង​ការគួរសម ជាមួយ​លោក លោក ចា​ស្ទី​ន ខេ​វិ​ន វី​យ៉ា​ត ​(Justin Kevin Whyatt) ឯកអគ្គរាជទូត​អូស្ត្រាលី​ដែល​ត្រូវបានតែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់រដ្ឋសភាបានឱ្យដឹងថា លោក ហេង សំរិន បានស្នើ​ឯកអគ្គរាជទូត​ថ្មី​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ជួយ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​បង្កើន​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ខណៈ​ភាគី​អូ​ស្រា្ត​លី​ថា នឹង​បន្ត​ការគាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅលើ​វិស័យ​ជាច្រើន​ទៀត​។​

លោក ហេង សំរិន បាន​គូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា បេសកកម្ម​ការទូតរ​បស់ លោក ចា​ស្ទី​ន ខេ​វិ​ន វី​យ៉ា​ត​នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់ ដែល​នឹង​រួមចំណែក​បន្ថែមទៀត ដល់​ការបន្ត​រឹតចំណង នៃ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។​

សេចក្ដីប្រកាសព័ត៌មានដដែននេះបានអះអាងថា លោក បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ អូស្ត្រាលី​បាន​ជួយឧបត្ថម្ភ​វ៉ាក់សាំង និង​បរិក្ខារ​ពេទ្យ​ជាច្រើន ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពីនេះ លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​អូស្ត្រាលី ដែល​បានរួម​ចំណែក ក្នុងការ​ស្វែងរក សន្តិភាព និង​បន្ត​ជួយ​ក្នុង​ដំណើរការ​អភិវឌ្ឍ ប្រទេស​កម្ពុជា លើ​វិស័យ​ជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន​ជាដើម​។ ខណៈ​លោក​ស្នើ​ដល់​ភាគី​អូស្ត្រាលី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី លោក​ថា​៖«​ស្នើ​ដល់​ភាគី​អូស្ត្រាលី បន្ត​ជួយ​គាំទ្រ​កម្ពុជា តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម ទ្វេភាគី វិនិយោគ ទេសចរណ៍ និង​ជួយ​អភិវឌ្ឍ​សមត្ថភាព ធនធានមនុស្ស ដោយ​បង្កើន​ការផ្តល់​អាហារូបករណ៍​បន្ថែមទៀត ដល់​និស្សិត​កម្ពុជា បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​»​។​

សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់​ផងដែរ​ថា រដ្ឋសភា​កម្ពុជា និង​សភា​អូស្ត្រាលី ក៏មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយគ្នា ការផ្លាស់ប្តូរ​ទស្សនកិច្ច ចែករំលែក​បទពិសោធ​ន៍ និង​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរ​សភា​នានា ក្នុង​តំបន់ និង​សក​លោក​។​

លោក ចា​ស្ទី​ន ខេ​វិ​ន វី​យ៉ា​ត ត្រូវបានស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដោយបានថ្លែង ​អបអរសាទរ​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ជោគជ័យ ហើយ​លោក​ក៏បាន​អបអរសាទរ​រដ្ឋសភា​កម្ពុជា នៅក្នុង​ការរៀបចំ​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) នាពេល​កន្លងមក ជាពិសេស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា ទៅកាន់​ប្រទេស​អូ​ស្រា្ត​លី​កាលពី​ឆ្នាំ​២០២០ ក្នុងការ​ចូលរួម​វេទិកាសភា APPF​។

​សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា​៖«​អូស្ត្រាលី នឹង​បន្ត​ការគាំទ្រ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅលើ​វិស័យ​ជាច្រើន​ទៀត មាន​វិស័យ​សុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ជាដើម​»​។

​យោងតាមប្រភពពីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​បាន​កើន​ឡើងជា​លំដាប់​ពី​ចំនួន ២០៥ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ដល់ ៥២៣​លាន ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២២​។​ព្រមជាមួយ​គ្នា​នោះ កម្ពុជា និង​អូស្ត្រាលី​មានកម្ម​វិធី និង​គម្រោង​ជាច្រើន​ដែល​បាន និង​កំពុង​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ដូចជា កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​–​អូស្ត្រាលី (CAVAC) កម្មវិធី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ (3i) កម្មវិធី​ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ (P4I) កម្មវិធី​ភាពជា​ដៃគូ​មេគង្គ​–​អូស្ត្រាលី (MAP) និង​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​និរន្តរភាព និង​សមធម៌ (ACCESS)​។ ចុងក្រោយ​នេះ​គឺ កម្មវិធី​ភាពជា​ដៃគូ​កម្ពុជា​–​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAP RED) ដែលមាន​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦៥ លាន​ដុល្លារ​អាមេរិក​។

សូមជម្រាបថា កម្ពុជា​-​អូស្ត្រាលី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ជា​យូរយារ​ណាស់​មកហើយ គឺ​តាំងពី​ឆ្នាំ​១៩៥២ ហើយ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ កាន់តែ​ត្រូវបាន​លើកកម្ពស់​យ៉ាង​ជិតស្និទ្ធ និង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​៕