ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា សន្និសីទ​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើក​ទី​៥ ដ៏​មាន​សារៈសំខាន់ គឺធ្វើឡើង​ដោយមាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង និង​លើកកម្ពស់​សិទ្ធិ​របស់​ជ​ន​មាន​ពិការភាព ហើយ​លោក​បាន​អំពាវនាវ​សហគមន៍ជាតិ និង​អន្ដរជាតិ បន្ដ​រួមគ្នា​គាំទ្រ​គោលនយោបាយ​នានា ដើម្បី​ផ្ដល់​សិទ្ធិ​ពិតប្រាកដ​ដល់​ជន​មាន​ពិការភាព​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើក​ទី​៥ ​ស្តីពី​ការ​​អភិវឌ្ឍ​សហគមន៍ តាមបែប​បរិ​យា​ប័ន្ន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ ​២០២៣​។ សន្និសីទ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការ​ពង្រឹង​ការផ្ដល់​ភាព​អង់អាច​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ជន​មាន​ពិការភាព​ក្នុងអំឡុង និង​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ តាមរយៈ​ការអភិវឌ្ឍ​តាមបែប​បរិ​យា​ប័ន្ន​នៅ​សហគមន៍​»​។

​សន្និសីទ​នេះ មានការ​ចូលរួម​ពី​ប្រតិភូ​តំណាង​ប្រទេស​ដៃ​​គូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល អង្គការ​តំណាង​ជន​មាន​ពិការភាព និង​ជន​មាន​ពិការ​ភាព​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ប្រមាណ​ជា​ ១​ ពាន់​នាក់​។​

​លោក​ ហ៊ុន សែន ថ្លែងថា ៖ «​សន្និសីទ​នេះ​មាន​គោលបំណង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង និង​លើកកម្ពស់​សិទ្ធិ​របស់​ជ​ន​មាន​ពិការភាព​តាមរយៈ​ការផ្តល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ជួបជុំគ្នា ចែករំលែក​បទពិសោធ​ន៍ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​កំពុង​កើតមាន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ការលើក​ទិសដៅ​សម្រាប់​អនុវត្ត​នាពេលខាងមុខ​»​។

​លោក​ថា​៖ «​ខ្ញុំ​សូម​អំពាវ​​នាវ​ដល់​សហគមន៍ជាតិ និង​អន្តរជាតិ សូម​បន្ត​រួមគ្នា​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្តីពី​ជន​មាន​ពិការភាព អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព​របស់​អង្គការសហប្រជាជាតិ និង​យុទ្ធសាស្ត្រ​ទីក្រុង អ៊ីន​ឈុន ដើម្បី​ផ្តល់​សិទ្ធិ​ពិតប្រាកដ​ដល់​ជន​មាន​ពិការភាព​»​។​

​បច្ចុប្បន្ន​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ភូមិសាស្ត្រ​ន​យោ​​បាយ​បាន និង​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជាជន​ទូទៅ ជាពិសេស​ជន​មាន​ពិការភាព និង​ជន​ងាយ​រងគ្រោះ​ដទៃទៀត​។ ជាក់ស្តែង​ដោយបាន​គិតគូរ​ល្អិត​ល្អន់​ពី​សុខុមាលភាព របស់​ជនពិការ​ភាព រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​កូតា​រហូតដល់​ចំនួន​​ ២% សម្រាប់​ជ្រើសរើស ជន​មាន​ពិការភាព​ឱ្យ​បម្រើ​ការងារ​នៅ​ក្រសួង​-​ស្ថាប័នរដ្ឋ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង​ការ​លើកកម្ពស់​ជនពិការ​។

​លោក​បន្ថែមថា ជាមួយគ្នានេះ​វិស័យ​ឯកជន ត្រូវបាន​លើកទឹកចិត្ត​ជាពិសេស ឱ្យទទួល​យក​ជន​មាន​ពិការភាព​បម្រើ​ការងារ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ផ្តល់ឱកាស​ជន​មាន​ពិការភាព​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ឱ្យបាន​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​លោក ហ៊ុន សែន ថ្លែង​ទៀតថា៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​ពង្រឹង​អនុវត្ត និង​ពង្រីក​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​បរិ​យា​ប័ន្ន មាន​ប្រសិទ្ធភាព និង​ទូលំទូលាយ និង​សូម​អំពាវនាវ​ឱ្យមាន​ការចូល​រួមជាមួយ​គ្នា ក្នុង​ស្មារតី​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ក្នុងការ​​អនុវត្ត​សេចក្តីថ្លែងការណ៍​ហ្សា​ការ​តា ស្តីពី​ទសវត្សរ៍​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ ​២០២៣-២០៣២ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ជន​មាន​ពិការភាព ទាំង​ក្នុងប្រទេស តំបន់ និង​សកល​»​។​

លោកហ៊ុន សែន ក្នុងសន្និសីទជន​មា​នពិការភាព កាលពីថ្ងៃ​ទី ១៥ មីនា​​​។ រូបថត SPM

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក៏បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា បញ្ហា​ពិការភាព ជា​បញ្ហា​គួរ​យកចិត្តទុកដាក់ សម្រាប់​ពិភពលោក ដោយ​ក្នុងនោះ​អត្រា​ជន​មាន​ពិការភាព​បាន​កើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ ដោយសារ​កត្តា​ជាច្រើន រួមមាន​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ចាស់ជរា តំណពូជ និង​គ្រោះថ្នាក់​ផ្សេងៗ​។

​នៅ​កម្ពុជា យោងតាម​ការអង្កេត​សេដ្ឋកិច្ច សង្គម​កម្ពុជា​ឆ្នាំ​ ២០២១ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​បានបញ្ជាក់​ថា អត្រា​ជន​មាន​ពិការភាព​មាន​ប្រមាណ ៥,៣% គឺ​ស្មើនឹង ៨៧២ ៥២៧​ នាក់ នៃ​ចំនួន​ប្រជាជន​សរុប​។

​លោក​​ វង សូត ថ្លែងថា៖ «​ផ្តើមចេញពី​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​វិស័យ​ពិការ​ភាពជា​ការងារ​អា​ទិ​ភាព ដោយបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជនពិការ និង​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ​ផ្សេងៗ ព្រមទាំង​បាន​កសាង និង​ដាក់ឱ្យអនុវត្ត​ច្បាប់ គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាច្រើន សំដៅ​ពង្រឹង​ការផ្តល់សេវា លើកកម្ពស់​សិទ្ធិ និង​គុណភាព​ជីវិត​​រស់នៅ​របស់​ជន​មាន​ពិការភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។

​បើតាម​លោក​ វង សូត ជាក់​ស្ដែង​ក្នុង​ឆ្នាំ​ ២០២២ ជន​មាន​ពិការភាព​ត្រូវបាន​ផ្ដល់​អាទិភាព​ក្នុងការ​ជ្រើសរើស​ឱ្យចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​រួមមាន ក្រសួង ស្ថាប័នរដ្ឋ​ចំនួន​ ៣៧ បានជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​សរុប​ចំនួន ៣ ៧៤៨​ នាក់​។​

​វិស័យ​ឯកជន​ចំនួន ២៩១​ សហគ្រាស ធនា​គារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ បាន​ចុះ​បញ្ជិកា និង​ទទួលបាន​វិ​ញ្ញា​ប​នប​ត្រ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដែលមាន​ជន​មាន​ពិការភាព​ចូល​បម្រើការ​ចំនួន ៥ ៨៣៩​ នាក់ ផងដែរ​។ ចំពោះមុខ​ក្រសួង​ក៏បាន​បើក​ផ្ដល់​បណ្ណ​សង្គមកិច្ច និង​ថវិកា របប​ឧបត្ថម្ភ​គោលនយោបាយ​ជូន​ជន​មាន​ពិការភាព​ក្រីក្រ​សរុប​ចំនួន​ ១៩ ៣៧៤​ នាក់ និង​ចំនួន ១៦ ៤៨៩​ នាក់​ទៀត កំពុង​រៀបចំ​បើក​របប​គោលនយោបាយ​។

​លោក ហ្គូ​ឡាំ ណា​ប៊ី នី​ហ្សា​ម៉ា​នី ប្រធាន​បណ្តាញ​ជន​មាន​ពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ក៏បាន​លើកឡើង​ក្នុង​ពិធី​នោះដែរ​ថា ការអភិវឌ្ឍ​សហគមន៍​តាមបែប​បរិ​យា​ប័ន្ន ហៅ​កាត់​ថា CBID បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៩ ហើយ​បណ្តាញ CBID បាន​ឯក​ភាព​គ្នា​ដោយ​អនុវត្ត​ទៅតាម​អង្គការ​សុខ​ភាព​ពិភពលោក ហើយ​លោក​មាន​ការជឿ​ជាក់​យ៉ាង​មុតមាំ​ថា អ្វីដែល​បាន​អភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​អនុវត្ត​អនុលោមភាព​ទៅតាម​គោលដៅ និង​អភិក្រម​ដើម្បី​ការអភិវឌ្ឍ​នៅក្នុង​សង្គម​។

​លោក​ថា​៖ «​សន្និសីទ​នាពេលនេះ ធ្វើឡើង​ដើម្បី​ផ្តល់​ភាព​អង់អាច​ទៅដល់​មនុស្ស​ទាំងអស់​ជាពិសេស​អ្នក​ដែលមាន​ពិការភាព និង​នៅក្នុង​អំឡុង​ដែលមាន​វិបត្តិ​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩»​។​

​លោក ហ្គូ​ឡាំ ណា​ប៊ី នី​ហ្សា​ម៉ា​នី បានបង្ហាញ​នូវ​ភាព​ជឿជាក់ថា សន្និសីទ​រយៈពេល​ ៣ ​ថ្ងៃនេះ នឹង​នាំមក​នូវ​ផ្លែផ្កា​ដើម្បី​ត​ភ្ជាប់​ទៅគ្រប់​កម្រិត គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដើម្បី​អនុវត្ត និង​ជួយ​ផ្តល់ព័ត៌មាន​ទៅដល់​អ្នក​ដែលមាន​តួនាទី​តាក់តែង​ឱ្យមាន​គោលនយោបាយ​នៅ​ថ្នាក់ជាតិ ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ រួមទាំង​សហគមន៍​ផងដែរ​៕