
លោក ហ៊ុន សែន នៅក្នុងកម្មវិធីនៅថ្ងៃទី ១៥ មីនា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានដល់ជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជាដោយលោកអះអាងថា នឹងមិនយោគយល់ជាដាច់ខាត ហើយលោកតាំងខ្លួនប្តូរផ្តាច់គ្រប់តម្លៃទាំងអស់ដើម្បីការពារសន្តិភាពសម្រាប់កម្ពុជា។
លោកថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នាល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។ លោក ហ៊ុន សែន បញ្ជាក់ថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»បានបង្ហាញពីទុក្ខសោកដែលរូបលោកបានហែលឆ្លងក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលកម្ពុជាជាង៣ទសវត្សរ៍ ជានិមិត្តរូបនៃការឈឺចាប់របស់ប្រជាជនកម្ពុជាទាំងមូលដែលបានហែលឆ្លងដូចគ្នា។
លោកថ្លែងដូច្នេះថា៖ «រឿងឈឺចាប់ទាំងអស់នេះ ហើយដែលខ្ញុំត្រូវតែក្បាលរឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព ត្រូវចាំថា ទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលស្រក់អ្នកកុំសង្ឃឹមថា ហ៊ុន សែន អាចយោគយល់ដល់អ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា»។
លោកបន្តថា៖ «គេត្រូវយល់ខ្ញុំមិនភ្លើតភ្លើនជាមួយអំណាចហើយក៏មិនទុកឱ្យអ្នកដែលមានចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចតែចិត្តនោះទេ គេត្រូវយល់ ត្រូវដឹងពីរឿងនេះ មិនថា ដោយតម្លៃណា ត្រូវការពារសន្ដិភាពឱ្យបាន»។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា ទម្រាំមានសន្តិភាពដូចបច្ចុប្បន្ន លោកបានយកទុនជីវិតផ្ទាល់ខ្លួនទៅប្តូរផ្តាច់ ដើម្បីការរស់រានមានជីវិត និងភាពសុខសាន្តរបស់ប្រជាជនខ្មែរ។ជាមួយគ្នានេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធាន បានការពារសុខសន្តិភាពជូនប្រជាជាតិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលនាំឱ្យមានការអភិវឌ្ឍ បង្រួបបង្រួមជាតិ ស្ថិរភាពជាតិ ដែលមិនអាចឱ្យនរណាមកជ្រៀតជ្រែកបំផ្លាញតម្លៃសន្តិភាពនេះបានឡើយ។
លោកបានបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាយើងបានឆ្លងកាត់វិនាសកម្ម សង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកហើយ ដែលពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ យើងឆ្លងកាត់សង្គ្រាម ៥ ឆ្នាំ បន្ទាប់មកកាន់របបប្រល័យពូជសាសន៍ជាង ៣ ឆ្នាំមកទៀត ហើយបានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ សង្គ្រាមខ្លះ រយៈពេល ១០ ឆ្នាំបន្ថែមទៀត សរុបប្រហែល ៣០ ឆ្នាំ ដូច្នេះប្រជាជនកម្ពុជាមិនត្រូវការគ្រោះមហន្តរាយដូចអតីតកាលទៀតទេ»។
លោកបន្ថែមថា ដោយសារភាពឆ្អែតឆ្អន់នឹងវិនាសកម្មពីភ្លើងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ទាំងប្រជាជន ទាំងថ្នាក់ដឹកនាំប្រទេស ត្រូវការពារតម្លៃសន្តិភាពឱ្យខាងតែបាន ដោយសារសន្តិភាពជាបាតគ្រឹះនៃស្ថិរភាព បង្រួបបង្រួមជាតិ និងការអភិវឌ្ឍដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាមេដឹកនាំយូរឆ្នាំហើយធ្លាប់តស៊ូរំដោះជាតិ ប្រកាសប្តូរផ្តាច់ការពារសន្តិភាពដូច្នេះ។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកភាពលើការប្រកាសគាំពារតម្លៃសន្តិភាពរបស់លោក ហ៊ុន សែន ដោយលោកថ្លែងថា សន្តិភាពជាបាតគ្រឹះសម្រាប់កសាងដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិ បន្ទាប់ពីកម្ពុជាបានហែលឆ្លងអសន្តិសុខជាច្រើនទសវត្សរ៍ដែលធ្វើឱ្យមានការយឺតយ៉ាវក្នុងការកសាងប្រទេស។
លោកថ្លែងថា ការផ្ញើសារព្រមាននេះ ដោយសារកម្តៅនយោបាយនៅមុនការបោះឆ្នោតជាតិខែកក្កដា ២០២៣ ជិតឈានមកដល់។
លោក យង់ ពៅ បញ្ជាក់ថា៖ «កម្ពុជាជិតដល់ពេលវេលាបោះឆ្នោត កម្តៅនយោបាយហ្នឹងវាក្តៅ ដោយសារមានសកម្មជននយោបាយក្រៅរដ្ឋាភិបាលចេះតែបំពងសំឡេង ជាពិសេសអ្នកនយោបាយនៅក្រៅប្រទេសដែលអាចនឹងធ្វើឱ្យមានការគិតខុសឆ្គង ឬសកម្មជននយោបាយក្នុងស្រុកអាចបង្កឱ្យមានចលាចលក្នុងប្រទេស ដែលរំខានដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧»។
លោកបន្តថា លោកនាយករដ្ឋមន្ត្រីទំនងផ្ញើសារដល់សកម្មជននយោបាយទាំងនេះ និងអ្នកនយោបាយនិន្នាការប្រឆាំងក្រៅស្រុកដែលចេះតែដុតរោលស្ថានការណ៍ និងដុតរោលដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនផងដែរ។អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ថ្លែងថា ការផ្ញើសារនេះជាការគូសបន្ទាត់ក្រហមទុកជាមុនសម្រាប់អ្នកនយោបាយដែលចូលចិត្តដុតរោលស្ថានការណ៍នយោបាយដែលអាចបង្កអសន្តិសុខសង្គម៕