
ជនបរទេសត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ ២០២១។ រូប នគរបាល
ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ បានចេញរបាយការណ៍ស្ដីពីការចាប់ និងបណ្ដេញជនបរទេសខុសច្បាប់ ប្រមាណជិត ៦ ០០០ នាក់ ចេញពីប្រទេសកម្ពុជា ខណៈជនបរទេសចំនួន ១ ៦១២ នាក់ផ្សេងទៀត ដែលបានប្រព្រឹត្តបទល្មើសត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារនៅកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ មីនា លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាប់និងបណ្ដេញជនបរទេសចំនួន ៥ ៨២៥ នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា ពួកគេបានលួចចូលមកស្នាក់នៅ និងបម្រើការងារនៅកម្ពុជាដោយខុសច្បាប់ក្នុងនោះមានជនជាតិថៃ ចិន និងវៀតណាម មានចំនួនច្រើនជាងគេ។
លោកបញ្ជាក់ថា៖ «ជនបរទេសទាំងនោះភាគច្រើនត្រូវបានក្រុមសមត្ថកិច្ចនគរបាលជំនាញ ស្រាវជ្រាវនិងបង្ក្រាបបានពីតាមកន្លែងដែលពួកគេកំពុងធ្វើការងារ ដោយគ្មានឯកសារត្រឹមត្រូវ ដូចជានៅតាមការដ្ឋានសំណង់ ក្លិបកម្សាន្ត និងបនល្បែងមួយចំនួននៅកម្ពុជា។ ពួកគេបានលួចចូលមកកម្ពុជា តាមច្រករបៀងដោយខុសច្បាប់»។
លោកបន្ថែមថា ក្រៅពីនេះ ក៏មានជនបរទេសចំនួន ១ ៦១២ នាក់ [៤៥ សញ្ជាតិ] ក្នុងនោះមានជនជាតិវៀតណាម ចិន និងថៃច្រើនជាងគេ ត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារនៅកម្ពុជា ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ដូចជាបទល្មើសឃាតកម្ម គ្រឿងញៀន... និងចាប់ជំរិត។ ដោយឡែកជនបរទេសរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗមាន ២៨២ នាក់ ក្នុងនោះស្លាប់ ២២៣ នាក់។
បើតាមលោក វណ្ណថន នៅពេលនេះ ក្រុមមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងបន្តស្រាវជ្រាវ និងតាមចាប់ជនបរទេស ដែលកំពុងលាក់ខ្លួននិងបម្រើការងារដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានាប្រឆាំងនឹងច្បាប់នៅកម្ពុជា ដើម្បីកសាងសំណុំរឿងបញ្ជូនឱ្យតុលាការចាត់វិធានការទៅតាមច្បាប់។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា លទ្ធផលដែលអាជ្ញាធរអន្តោប្រវេសន៍ធ្វើការបង្ក្រាបបានទាំងនេះ គឺវាអាចគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ។ លោកថាវាអាចនឹងមានចំនួនជនបរទេសស្នាក់នៅខុសច្បាប់ច្រើនជាងនេះទៅទៀត។
ទោះបីជាយ៉ាងណា លោក ស៊ឹង សែនករុណា សូមឱ្យអាជ្ញាធរអន្តោប្រវេសន៍ត្រូវជំរុញនិងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍ ប្រកបដោយភាពត្រឹមត្រូវ និងសូមកុំឱ្យមានការរើសអើងទៅលើជាតិសាសន៍ណាមួយ។
លោកបញ្ជាក់ថា៖ «យើងចង់ឱ្យមានការជំរុញនិងមានការខិតខំអនុវត្តឱ្យបានកាន់តែល្អជាបន្តទៅទៀត ទោះបីជាចំនួនហ្នឹងក្នុងកម្រិតណាមួយក៏ដោយ ក៏ប៉ុន្តែយើងសុំឱ្យបន្តបំពេញនូវតួនាទីហ្នឹងឱ្យកាន់តែសកម្ម និងកាន់តែល្អប្រសើរថែមទៀត» បន្ថែមពីនេះ លោក ណុប វី អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានថ្លែងថា ក្នុងដំណើរការការងារគ្រប់គ្រងការចេញចូលប្រទេស របស់ជនបរទេសនេះ មន្ត្រីនគរបាលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញបទល្មើស ចំនួន ៧៩២ លើក ប្រព្រឹត្តដោយអ្នកដំណើរ ១ ១៣៤ នាក់ ដោយបានចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។
អ្នកទាំងនោះ ជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អូស្ត្រាលី បង់ក្លាដែស ឥណ្ឌា ថៃ អាមេរិក អង់គ្លេស តៃវ៉ាន់ សិង្ហបុរី ស្រីលង្កា ដាណឺម៉ាក បារាំង បែលហ្ស៊ិក និងជនជាតិរុស្ស៊ី ជាដើម៕