​ភ្នំពេញៈ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​អះ​​អាង​ថា ក្នុង​ឆ្នាំ​ ២០២២ ជន​រង​គ្រោះ​បានដាក់​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​កើនឡើង​ប្រហែល​ជាង ​៦០​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២១ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រា​ត​ត្បា​តនៃ​ជំងឺ​កូ​វីដ​ ១៩​។

​លោក សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១៤ មីនា​ថា​៖ «​ក្នុង​ឆ្នាំ ២០២២ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កត់​​សម្គាល់​ឃើញថា ជនរងគ្រោះ​បានដាក់​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក មានការ​កើនឡើង​ប្រហែល​ជាង​ ៦០ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២១​ កន្លងទៅនេះ ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​

​បើតាម​លោក សុខ នី​ត្យា ផ្អែក​តាម​ករណី​ឆបោក​ដែល​បាន​កើតឡើង​ថ្មីៗ​នេះ នាយកដ្ឋាន បាននិងកំពុង​ស្រាវជ្រាវ និង​តាមដាន​បង្ក្រាប​មុខសញ្ញា ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​តួលេខ​ដែល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះទេ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កាន់តែ​វិ​វ​ឌ្ឍ​និង​បានផ្តល់​ភាពងាយស្រួល​ដល់​មនុស្ស​លោក​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។ ទន្ទឹមនឹងនេះ ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ក៏បាន​ប្រើប្រាស់​វិស័យនេះ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នានា ជាក់ស្តែង​បទល្មើស​ឆបោក​តាម​បណ្តាញ​សង្គម បាន និង​កំពុង​កើតឡើង​និង​វិ​វ​ឌ្ឍ​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដែលជា​បញ្ហា​ចម្បង​និង​ត្រូវ​ដោះស្រាយ​»​។

​កាលពី​ថ្ងៃទី​ ១៣ មីនា លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិច​ឆបោក​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ក្រោយពី​មាន​គណនី​តេ​ឡេ​ក្រាម​ដែល​បន្លំ​ខ្លួន​ជា​លោក​ឃុន សៀ បាន​ផ្ញើ​សារ​ទៅ​លោក​ឱ្យ​ផ្ញើ​លុយ​តាម​ធនាគារ ABA​។

​តាមរយៈ​សារ​សំឡេង​ជាង​ ២ ​នាទី លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវ​មាន​ល្បិច​បោកប្រាស់​ហើយ​ករណី​ខ្លួន​ខ្ញុំ​នេះ មុននេះ​ប្រហែលជា​ ១ ម៉ោង​ គឺមាន​ការផ្ញើ​សារ​ជា​ភាសា​អង់គ្លេស ដើម្បីឱ្យ​ខ្ញុំ​ផ្ទេរ​លុយ​ទៅ ABA ហើយ​ប្រើប្រាស់​នូវ​គណនី​ជា​ឧកញ៉ា ឃុន សៀ តែ​លេខ​ទូរស័ព្ទ​គឺជា​លេខ​ទូរស័ព្ទ​របស់​ឡាវ ហើយ​បើ​យោងទៅលើ​ការស្រាវជ្រាវ អ្នកនោះ ​(​ជន​ឆបោក​)​ឈរជើង​នៅឯ​តៃវ៉ាន់​ឯណោះ​។​ប៉ុន្តែ​គេ​បាន​ផ្ញើ​នូវ​តេ​ឡេ​ក្រាម ហើយ​ដែល​ប្រើ​ប្រាស់​គណនី​អ្នកឧកញ៉ា ឃុន សៀ ដើម្បីឱ្យ​ខ្ញុំ​ផ្ញើ​ប្រាក់​ទៅនោះ​»​។​

​មិនមែនជា​ករណី​លើក​ទី​១ ​ទេ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ទទួលរង​នូវ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​​ឡាញ ព្រោះ​កាលពី​អំឡុង​ឆ្នាំ​ ២០២២ ករណី​ស្រដៀង​គ្នា​នេះ ក៏ត្រូវ​បានកើត​​ឡើងជា​បន្តបន្ទាប់​ផងដែរ ដោយ​គណនី​តេ​ឡេ​ក្រាម​របស់លោក​និង​ក្រុមគ្រួសារ​លោក​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែលមាន​ប្រភពពី​ក្រៅប្រទេស បាន​បង្កើត​ដើម្បី​ប្រើប្រាស់​ក្នុងការ​ឆបោក​ប្រាក់​ទៅ​អ្នកដទៃ​។

​បន្ថែម​ពីនេះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ក៏​ធ្លាប់បាន​អះអាងថា ទទួលរង​គ្រោះ​ជុំវិញ​ការ​ឆបោក​ក្នុង​រូបភាព​បែបនេះ​ដោយ​អ្នកខ្លះ​ក៏បាន​ខាតបង់​ប្រាក់ ខណៈ​ការបន្លំ​ខ្លួន​របស់​ជន​ទាំងនោះ​គឺ​តាមរយៈ​ការ​លួច​គណនី​ផ្ទាល់ ឬ​ការ​បង្កើត​គណនី​ថ្មី​ដោយ​បន្លំ​ជា​ជន​ណា​ ម្នាក់​ដើម្បី​ទាក់ទង​ឆបោក​ប្រាក់ ។​

​លោក ង៉ែត ម៉ូ​សេ អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិសុខ​ឌីជីថល បានលើកឡើង​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្មីៗ​នេះ​ថា ការបោកប្រាស់​តាម​បណ្តាញ​សង្គម កំពុង​ក្លាយទៅជា​រឿង​ធម្មតា ដែល​កំពុង​កើតមាន​ច្រើនឡើងៗ​ដែល​ចាំបាច់​តម្រូវឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​ចេះ​ពី​វិធី​ការពារ​ខ្លួន​។​

​លោក​បាន​រៀបរាប់​ពី​គ​ន្លះ​ការពារ​ខ្លួន​ថា​៖ «​ទី​១ ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​ការ​ក្លែងបន្លំ​។​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការ​ log in ផេ​ច​ក្លែងបន្លំ​ក្លែង​ក្លាយ ដែល​ព្យាយាម​លួច​ចូល​នូវ​ឈ្មោះ​ចូល​ប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក​។ ទី​២ ការ​ឆបោក​តាមរយៈ​ការវិនិយោគ ដែល​អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បង្ហោះ​ឬ​ការផ្សាយពាណិជ្ជកម្ម​ដែល​សន្យាថា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ដ៏​ច្រើន​។​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​ត្រូវ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ហើយ​មិនត្រូវ​ធ្វើការ​ស្ម័គ្រចិត្ត​វិនិយោគ​យ៉ាង​លឿន​ដោយ​មិនបាន​ឈ្វេងយល់​ស៊ីជម្រៅ​នោះទេ​»​។​

លោក ង៉ែត ម៉ូ​សេ បាន​បន្តថា​៖ «​ទី​៣ ត្រូវ​ប្រុងប្រយ័ត្ន​ការ​ឆបោក​ដោយ​ក្លែងបន្លំ​ជា​បុគ្គល​ណា​ម្នាក់​ឬ​ជា​ស្ថាប័ន​ស្របច្បាប់​ណាមួយ​។​ការ​ឆបោក​ក្នុង​រូបភាព​នេះ​កំពុងមាន​ការកើនឡើង​ច្រើន​ទៅលើ​បណ្តាញ​សង្គម​ដោយ​ជន​បោកប្រាស់​បាន​បង្កើត​គណ​នី ឬ​ផេ​ច​ក្លែងក្លាយ​ដែល​ធ្វើជា​មនុស្ស​ឬក៏​ក្រុម​ដែល​យើង​ស្គាល់​ដើម្បី​ព្យាយាម​លួច​យកលុយ​ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង​។ ទី​៤ ប្រុងប្រយ័ត្ន​ជាមួយ​ការ​ឆបោក​តាមរយៈ​កម្ចី​ខុសច្បាប់ ដែល​ជន​ឆបោក​មួយចំនួន​អាច​ផ្តល់​ជា​ប្រាក់កម្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ឬ​លក្ខខណ្ឌ​នៃ​ការសង​ប្រាក់​ងាយស្រួល​។ ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការផ្សាយ​ដែល​ល្អ​ហួសហេតុ​ពេក​»​។​

​ចំណែក​ការ​ឆបោក​ក្នុង​រូបភាព​ទី​៥ តាម​ប្រព័ន្ធ​អន​ឡាញ​វិញ លោក​បាន​រៀបរាប់​ដែរ​ថា ការ​ឆបោក​តាមបែប​រ៉ូ​មែន​ទិ​ក ដែល​ជន​ឆបោក​បង្កើត​គណនី​ក្លែងក្លាយ ដើម្បី​ទទួលបាន​ការជឿទុកចិត្ត​ពី​អ្នក ហើយ​ស្នើសុំ​ប្រាក់​ឬ​ព័ត៌មាន​ផ្ទា​ល់ពី​អ្នក​។

លោក​បន្តថា សូម​ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែល​អ្នក​ជួប​តាម​អ៊ី​ន​ធឺ​ណិ​ត ហើយ​អ្នក​មិនគួរ​ផ្ញើ​ប្រាក់​ទៅ​អ្នកណាម្នាក់​ដែល​អ្នក​មិន​ធ្លាប់​ជួប​ផ្ទាល់​នោះទេ ដោយ​ចូរ​ចាំ​ថា អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួនឯង​ដើម្បី​កុំឱ្យ​ជន​ឆបោក​ទាញយក​ប្រយោជន៍​ពី​អ្នក​បាន​៕