ភ្នំពេញៈ បេឡា​ជាតិ​របប​សន្តិ​​សុខ​សង្គម ​(​ប​សស​)​ បាន​ប្រមូល​ភាគទាន​ផ្នែក​ប្រាក់​សោធន​សរុប​ចំនួន ១១១,៥៤​ ប៊ី​លាន​រៀល កាលពី​ឆ្នាំ​ ២០២២ ​ពី​សហ​​គ្រាស​ចំនួន​ ១១ ៧៩២ ឬ​ស្មើ​ ៨៦,៨១​ ភាគរយ​ក្នុងចំណោម​សហគ្រាស​សរុប​ដែល​ជាប់​ភាគ​​ទាន​ចំនួន​ ១៣ ៥៨៤ ​សហគ្រាស​។​

​តួលេខ​នេះ​ គឺជា​លទ្ធផល​នៃ​ការចាប់ផ្តើម​អនុវត្ត​របប​សន្តិ​​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​នៅ​ទូទាំងប្រទេស ដែលមាន​រយៈពេល​ ៣ ​ខែ បន្ទាប់ពី​រដ្ឋាភិបាល បានសម្រេច​ដាក់ឱ្យអនុវត្ត​របប​ផ្នែក​ប្រាក់​សោធន​សម្រាប់​កម្មករនិយោជិត​នេះ​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា និង​ការបង់​ភាគទាន​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២២​។​

​របាយការណ៍​ស្តីពី​លទ្ធផល​សម្រេចបាន​ឆ្នាំ​ ២០២២ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ខែកុម្ភៈ ឱ្យដឹងថា គិត​មកដល់​ចុងឆ្នាំ​ ២០២២ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចុះ​បញ្ជិកា​សហគ្រាស​គ្រឹះស្ថាន​សរុប​ចំនួន​ ១៤ ៣៥២ និង​មាន​សមាជិក​សរុប​ចំនួន​ ២ ៥៨៤ ៧០៦​ នាក់ ក្នុងនោះ​មាន​សមាជិក​ចុះ​បញ្ជិកា​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន​ ២ ៧០៦​ នាក់​។​

​ចំពោះ​សហ​គ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត បាន​ចុះ​បញ្ជិកា​ថ្មី ក្នុង​ឆ្នាំ​ ២០២២ លើ​ផ្នែក​ប្រាក់​សោធន គឺមាន​ចំនួន ៨៧២ សហ​គ្រាស និង​មាន​កម្មករនិយោជិត​ចំនួន​ ៦១ ៤៧៨ នាក់ ខណៈ​ក្នុង​ឆ្នាំ​នោះ ប​សស បាន​ដាក់ឱ្យ​សហគ្រាស គ្រឹះស្ថាន ជាប់​ភាគ​ទាន​ជា​មធ្យម​មាន​ចំនួន​ ១៣៥៨៤ សហគ្រាស​។

​របាយ​ការ​​ណ៍ ប​សស បញ្ជាក់ថា​៖ «​សហ​គ្រាស គ្រឹះស្ថាន ជាប់​ភាគទាន​ជា​មធ្យម​ ១៣ ៥៨៤​ សហគ្រាស ក្នុងនោះ​សហគ្រាស គ្រឹះស្ថាន​បាន​បង់​ភាគទាន​ជា​មធ្យម​មាន​ចំនួន​ ១១ ៧៩២​ សហគ្រាស និង​មាន​កម្មករនិយោជិត​បា​ន​បង់​ភាគទាន​សរុប​ជា​មធ្យម​ចំនួន​ ១ ៣៣៥ ៦០៩​ នាក់ (​ស្រី​ ៨៣៦ ២៨៨​ នាក់​) ឬ​ស្មើនឹង​ ៨៦,៨១​ ភាគរយ បាន​បង់​ភាគទាន​ទាន់ពេលវេលា​»​។

​របាយការណ៍ បន្តថា​៖ «​‍​ដោយ​​ឡែក​សហគ្រាស​ប្រមាណ​ជា​ ១៣,១៩​ ភាគរយ មានការ​យឺត​​យូរ ឬ​បានធ្វើ​ការស្នើសុំ​ពន្យារ​​ពេល​ក្នុង​ការបង់​ភាគទាន និង​បាន​ប្រមូល​ភាគទាន​សរុប​ចំនួន​ ១១១,៥៤​ ប៊ី​លាន​រៀល ក្នុងនោះ​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ចំនួន​ ០,២២ ប៊ី​លាន​រៀល​»​។​

​លោក អ៊ុក សមវិទ្យា អគ្គ​នា​​យក ប​សស បាន​និយាយថា តាមរយៈ​ការចុះ​ប​ញ្ញិ​កា ការបង់​ភាគទាន ការបើក​ផ្តល់​តាវ​កា​​លិ​ក ការបង្ការ​ហានិភ័យ ការងារ និង​ការគាំទ្រ​ផ្សេងៗ​បានបង្ហាញ​ឱ្យឃើញ​ពី​លទ្ធផល​ដ៏​ល្អ​នៃ​ការ​ខិតខំ ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​យ៉ាងច្បាស់​ថា ប​សស បាននិងកំពុង​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត បន្ទាប់ពី​ការអនុវត្ត​បាន​ជោគជ័យ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ដែល​ទើប​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ក្នុងពេល​ថ្មីៗ​នេះ​។​

​យ៉ាងណាក្តី លោក​បញ្ជាក់ថា ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម ដែល​កំពុង​អនុវត្ត​ទាំង​ ៣ ​ផ្នែក​នេះ ជាពិសេស​ផ្នែក​ប្រាក់​សោធន គឺ​នៅតែមាន​បញ្ហា​ប្រឈម ដោយ​​សារ​តែ​ការចុះ​បញ្ជិកា មិនទាន់បាន​គ្របដណ្តប់​ទូលំទូលាយ ហើយ​ការយល់ដឹង​របស់​ពល​រដ្ឋ រួមទាំង​ការផ្តល់សេវា​នៅតាម​មូលដ្ឋាន​នៅមានកម្រិត ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​រួមគ្នា​បន្ថែមទៀត​។​

​លោក​បញ្ជាក់ថា​៖ «​ប​សស បាន​សង្កេតឃើញ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ការអនុវត្ត​កាតព្វកិច្ច​មិនទាន់​បានល្អ​ប្រ​​សើរ​ពី​សំណាក់​និយោជក និង​កម្មករនិយោជិត​មួយចំនួន​តូច ការផ្តល់សេវា​របស់​មូ​ល​ដ្ឋា​ន​សុខាភិបាល និង​បញ្ហា​របស់ ប​សស មួយចំនួន​ផងដែរ ត្រូវបាន​កែលម្អ ជា​បន្តបន្ទាប់​។ ការ​ពង្រឹង និង​ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​របស់ ប​សស គឺមាន​គោលបំណង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្តល់សេវា​ប្រកប​ដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សង្គតិភាព​»​។

​យោងតាម​របាយការណ៍​របស់ ប​សស ត្រឹម​ឆ្នាំ​ ២០២២ សម្រាប់​វិស័យ​ឯកជន​ផ្នែក​ហានិភ័យ​ការងារ​បាន​ចុះបញ្ជី​សរុប​ចំនួន ​២០ ៤៤៨ ​សហគ្រាស​ដែលមាន​សមាជិក​សរុប​ចំនួន ២ ៥៨៤ ៧០៦​ នាក់ ផ្នែក​ថែទាំ​សុខភាព​មាន​ចំនួន ១៧ ៨២១ សហគ្រាស​មាន​សមាជិក​ចំនួន ២ ៥៨៤ ៧០៦​ នាក់ និង​ផ្នែក​ប្រាក់​សោធន​ចំនួន​ ១៤ ៣៥២ សហគ្រាស មាន​សមាជិក​ ២ ៥៨៤ ៧០៦ ​នាក់​។​

​ដោយឡែក​សម្រាប់​វិស័យ​សាធារណៈ គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជី​ផ្នែក​ហា​និ​ភ័យ​ការងារ​មាន​ចំនួន ៣៥ ស្ថាប័ន​មាន​សមាជិក​សរុប ២៥៧ ៦៤៤​ នាក់ និង​ផ្នែក​ថែទាំ​សុខភាព​ចំនួន ៣៩​ ស្ថាប័ន មាន​សមាជិក​សរុប ៤៣៩ ២៤៣ នាក់​៕