ភ្នំពេញៈ​ មូលនិធិ​អាកាសធាតុ​បៃតង (GCF) បានអនុម័ត​គម្រោង​ ១​ ដែលមាន​ថវិកា​ចំនួន ៤៣ ​លាន​ដុល្លារ​អាមេរិក​ក្នុងប្រទេស​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ប​បន្សុាំ​​របស់​កសិករ​ខ្នាតតូច សហគមន៍​មូលដ្ឋាន និង​តួអង្គ​ខ្សែចង្វាក់​តម្លៃ​ផ្សេងទៀត នៃ​អាង​ទន្លេសាប​ប៉ែក​ខាងជើង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នៃ​ការប្រែប្រួល​អាកាស​​ធាតុ​ដែល​កំពុង​កើនឡើង​។​

​ការអនុម័ត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​៣៥ ​របស់ GCF នា​ថ្ងៃទី​ ១៥ ខែ​​មីនា​ នៅ​ទីក្រុង Songdo ប្រទេស​កូរ៉េខាងត្បូង​។ គម្រោង​នេះ​មាន​ឈ្មោះថា «​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​សម្រាប់​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​មុខរបរ​ដែលមាន​ភាព​ធ​ន់​នៅ​អាង​ទន្លេ​​សាប​ខាងជើង ​(PEARL)»​ ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)​។​

FAO បញ្ជាក់​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៥ មីនា​ថា​៖ «​ចំនួន​ទឹកប្រាក់​ដែល​បានអនុម័ត​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោង​រយៈពេល​ ៦​ ឆ្នាំ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្នាតតូច​ចំនួន ​៤៥០ ០០០ ​និង​តួអង្គ​ខ្សែចង្វាក់​តម្លៃ​ក្នុងស្រុក​នៅក្នុង​អាង​ទន្លេសាប​ខាងជើង​»​។​

FAO បញ្ជាក់ថា អាង​ទន្លេ​សាប​ខាងជើង គឺជា​តំបន់​ក​សិ​កម្ម​ដ៏​សំខាន់បំផុត​មួយ​របស់​កម្ពុជា និង​ផ្តល់​ធនធាន​ចាំបាច់​សម្រាប់​គាំទ្រ​មុខរបរ​របស់​ប្រជា​ជនកម្ពុជា​ជាង​ ៣​ លាន​នាក់​។

​ប៉ុន្តែ​វា​គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​ដោយសារ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែល​ត្រូវបាន​ព្យាករ​ថា នឹងរង​គ្រោះ​កាន់តែ​ញឹកញាប់ និង​ខ្លាំង​ឡើង ដោយសារ​ការប្រែប្រួល​អាកាស​ធាតុ ដោយ​ធ្វើឱ្យ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​។ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ថ្លែងថា មាន​សក្តានុពល​ដែល​មិនទាន់បាន​ប្រើប្រាស់​នៅឡើយ​សម្រាប់​កសិករ​ខ្នាតតូច​ក្នុង​តំបន់​នេះ​ដើម្បី​ជំរុញ​កសិកម្ម ដែល​ធន់​នឹង​អាកាស​ធាតុ មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​មានតម្លៃ​ខ្ពស់​។

​លោក​ថ្លែងថា​៖ «​ដូច្នេះ ការអនុម័ត​គម្រោង PEARL នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​សម្រប​ខ្លួន​ជាបន្ទាន់​របស់​កសិករ​ខ្នាតតូច​នៅក្នុង​តំបន់​នេះ​»​។​

​គម្រោង PEARL ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​ដល់​ម្ចាស់​អាជីវ​​កម្ម​ខ្នាតតូច និង​អ្នកទទួលផល​ខ្សែចង្វាក់​តម្លៃ​ផ្សេងទៀត ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​អាកាសធាតុ ក៏ដូចជា​ការផ្តល់​ការប្រឹក្សា​បច្ចេក​ទេស​កសិកម្ម​ដល់​កសិក​រ​ហិរញ្ញ​វត្ថុ និង​បច្ចេកវិទ្យា ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាស​ធាតុ តាមរយៈ​មុខរបរ​កសិកម្ម​ដែល​ផ្តោតលើ​ទីផ្សារ​ដោយ​ទទួល​បាន​ព័ត៌មាន​ពី​អាកាសធាតុ​។​

​លោកស្រី Rebekah Bell តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា គម្រោង​នេះ​រៀបចំឡើង​ដោយមាន​ភាព​ច្នៃប្រឌិត​ដែល​ប្រើ​យន្តការ​ផ្អែកលើ​ទីផ្សារ​ដើម្បី​ពង្រឹង​ស​និទាន​ភាព​សម្រាប់​កសិករ និង​តួអង្គ​ខ្សែចង្វាក់​តម្លៃ​ក្នុងស្រុក​ផ្សេងទៀត ដើម្បី​អនុវត្ត​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ មាន​និរន្តរភាព និង​ទទួលបាន​ផលចំណេញ​តាមរយៈ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

​លោកស្រី Rebekah Bell ថ្លែងថា​៖ «​គម្រោង​នេះ​ជួយ​កសិករ​ខ្នាតតូច និង​តួអង្គ​ខ្សែចង្វាក់​តម្លៃ​ក្នុងស្រុក​ផ្សេងទៀត​ទទួលបាន និង​ប្រើប្រាស់​ឱកាស​ទីផ្សារ និង​ឧបករណ៍​ដែល​នឹង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ចំពោះ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម និង​មុខរបរ​កសិកម្ម​»​។​

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ថ្លែងថា ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​សម្រាប់​ទំ​និ​ញ​កសិកម្ម​សំខាន់ៗ (​គ្រាប់​ស្វាយចន្ទី ស្វាយ ស្រូវ និង​បន្លែ​) ដែល​ត្រូវបាន​កំណត់ដោយ​គម្រោង​នេះ​ផ្តល់ឱកាស​ដ៏​ល្អ​ក្នុងការ​លើកទឹកចិត្ត​កសិករ​ខ្នាតតូច និង​អ្នក​ដែល​ងាយ​រងគ្រោះ​ក្នុង​ខ្សែចង្វាក់​តម្លៃ​ក្នុងស្រុក ដើម្បី​ប្រើ​​ប្រាស់​បច្ចេកវិទ្យា និង​ការអនុវត្ត ដែល​ធន់​នឹង​អាកាសធាតុ​ហើយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​មុខរបរ​របស់​ពួកគេ​ព្រមទាំង​បង្កើន​នូវ​សមត្ថ​​ភាព​សម្រប​ខ្លួន​ជារួម​៕