ភ្នំពេញៈ កម្ពុជា​-​ជប៉ុន​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ការ​ទូត ​ការធ្វើ​ពាណិជ្ជ​កម្ម ​និង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដែល​ទំនាក់​ទំនង​នេះ​បាន​និង​កំពុង​រួម​ចំណែក​ជួយ​ដល់​ការ​អភិ​វ​ឌ្ឍ​នៅ​កម្ពុជា ​ខណៈ​វិនិយោគ​គិ​ន​ជប៉ុន ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​។​

​ការ​វាយ​តម្លៃ​នេះ ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ​: លោក​ អ៊ិត សំហេង បាន​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ​អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ស៊ី (UENO Atsushi) នៅ​ទីស្តី​ការ​ក្រសួង នៅ​ថ្ងៃទី ​១៦ ​ខែមីនា ឆ្នាំ​ ២០២៣ ​។​

​ប្រភព​ពី​ក្រសួង​ការ​ងារបាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ លោក ​អ៊ិត សំហេង បាន​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​ ដែល​ជប៉ុន​បាន​ជួយ​កម្ពុជា​ក្នុងការ​រួម​ចំណែក​​កសាង ​និង​ថែរក្សា​ស្ថិរ​ភាព សន្តិ​ភាព និង​ការ​អភិវឌ្ឍ​។

លោក​បានបន្ត​ថា ​ឆ្នាំនេះ​គឺជា​ខួប​អនុ​ស្សាវ​រីយ៍ ៧០​ ឆ្នាំនៃ​ទំនាក់​ទំនង​ការ​ទូត ​និង​កិច្ច​សហប្រ​តិប​ត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ​ដែល​រយៈ​ពេល​កន្លង​មក​ប្រទេស​ទាំង​២​បាន​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន រហូត​ទទួល​បាន​ការ​រីក​ចម្រើន​ខ្ពស់​បំផុត ឈាន​ទៅ​រក​ការ​បង្កើត​បាន​ក្រប​ខ័ណ្ឌ​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។​

​លោក​ អ៊ិត​ សំហេង ​បញ្ជាក់​ថា​៖ «​កម្ពុជា​ចងចាំ​ជានិច្ច​នូវ​ជំនួយ​របស់​ជប៉ុន​ក្នុង​ការ​ស្វែងរ​ក​សន្តិ​ភាព និង​ស្ថិរ​ភាព​ក្នុង​ឆ្នាំ​១៩៩១​ និង​ជំនួយ​របស់​ជប៉ុន​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​សង្គម​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន ​កាន់​តែ​រីក​ចម្រើន ហើយ​ជប៉ុន​នៅ​តែ​ជា​ដៃគូ​ស​ហប្រតិ​បត្តិការ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ជួយ​អភិវឌ្ឍស្ទើរ​គ្រប់​វិស័យ ​រួមទាំង​វិស័យ​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ​: តាម​រយៈ​ការផ្តល់​ឥណ​ទាន​ជំនួយ​ឥត​សំណង​»​។

​ប្រភព​ពី​ក្រសួង​ការ​ងារ​ដដែលបាន​ឱ្យដឹង​ទៀតថា​៖«​ឯក​ឧត្តម​ឯក​អគ្គរាជ​ទូត​បាន​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​រហូត​កសាង​បាន​នូវទំនុក​ចិត្ត​ជាមួយ​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ ​ក្នុង​ដំណើរ​ស្វែងរក​សន្តិ​ភាព និង​ការស្តារ​ប្រទេស​ឡើង​វិញ​ ក្រោយ​ពី​កម្ពុជា​បាន​ឆ្លង​កាត់​សម័យ​កាល​ដ៏​លំបាក​មួយ រ​ហូត​ដល់​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ កសាងបាន​នូវ​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ទុន​ជប៉ុន ​ហើយ​កំពុង​តែ​បន្ត​ផ្តល់​ភាព​ទាក់​ទាញ​បន្ថែម​ទៀតដល់​អ្នកវិ​និយោគ​ទុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​»​។

​លោក​ យង់ ពៅ អគ្គ​លេខាធិ​ការ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​បានថ្លែង​ថា កម្ពុជា ​និង​ជប៉ុន ត្រូវ​បាន​ដំឡើង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រហូត​ដល់​កម្រិត​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែលជា​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​ល្អ ​និង​ផ្តល់​ផល​ចំណេញ​ទៅ​វិញ​ទៅ​មក​ ទាំង​ផ្នែក​នយោ​បាយ ​ការ​ទូត សេដ្ឋ​កិច្ច ការ​ធ្វើ​ពាណិជ្ជ​កម្ម​។​

​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ​ភាគី​ទាំង​ ២ ​បាន​សម្តែង​ការ​ពេញ​ចិត្តថានឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​លើ​ការជួយ​កែលម្អ​វគ្គ​បណ្តុះ​បណ្តាល​ ការ​បំពាក់​សម្ភារ​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជាជីវ​: និង​កា​រប​ញ្ជូន​អ្នក​ជំនាញ​ឯក​ទេស​ជន​ជាតិ​ជប៉ុន ក្រោម​គម្រោង ​JICA​។

​ពាក់​ព័ន្ធ​នឹង​កម្ម​សិក្សាកា​រី និង​ប្រព័ន្ធ​ប​ញ្ជូ​ន ភាគី​ទាំង​២​ នឹង​បន្ត​ពង្រឹង​កា​រគ្រ​ប់គ្រង​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​បន្ត​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ​បាន​ទៅ​បំពេញ​ការ​ងារ​ជា​កម្ម​សិក្សាកា​រី និង​ជា​ពល​ករ ​ហើយ​ពេល​ដែល​ពួក​គេ​ត្រឡប់​ម​កម្ពុជា​វិញ យក​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួកគេ​មក​ចូល​រួម​ចំណែក​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទុន​ជប៉ុន​កាន់​តែ​ច្រើន​ទៀត​មក​កម្ពុជា​។

​បន្ថែម​ពីនេះ​ ភាគី​ទាំង​ ២ នឹង​បន្ត​កិច្ច​សហ​ប្រតិប​ត្តិការ​លើគ​ម្រោ​ង ២ ​ទៀត គឺ​ទី​១ គម្រោង​ជួយ​ធ្វើឱ្យ​ប្រសើរឡើ​ង​នូវ​លក្ខ​ខណ្ឌ​ការងារ​នៃ​កម្មករ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​ដែលជា​​គម្រោង​អាស៊ាន​/​ជប៉ុន និង​ទី​២ ​គម្រោង​សុខភា​ព​បន្ត​ពូជ​សម្រាប់​កម្ម​ការិនី​ក្នុង​វិស័យ​កាត់​ដេរ​៕