
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ ក្នុងជំនួបជាមួយ លោកចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt)ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែមីនា។ រូបថត CMAA
ភ្នំពេញៈ ប្រទេសអូស្ត្រាលីជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្ត្រាលី ក៏បានចូលរួមដល់កសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ។
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ នាថ្ងៃទី ១៦ ខែមីនា បានអនុញ្ញាតឱ្យ លោកចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt)ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នានៅទីស្នាក់អាជ្ញាធរមីន។
លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំង២ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។
លោក លី ធុជ ថ្លែងថា៖ «ប្រទេសអូស្ត្រាលីគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដែលបច្ចុប្បន្ននេះកំពុងចូលរួមវិភាគទានតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល»។
លោកបានបន្តថា៖ «ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្ត្រាលី ក៏បានចូលរួមកសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីន និងការរៀបចំផែនការបន្តឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចាប់ពីឆ្នាំ២០២៣ ស្របតាមទស្សនវិស័យដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីសកម្មភាពមីនកម្ពុជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ពិតមែន តែកម្ពុជានៅតែបន្តត្រូវការការចូលរួមពីប្រទេសអូស្ត្រាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។
យោងតាមអាជ្ញាធរមីន លោក Justin Kevin Whyatt ក៏បានលើកឡើងពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្ត្រាលី លើគ្រប់វិស័យនៅកម្ពុជាផងដែ ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារបោសសម្អាតមីនមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំមកនេះ។
អាជ្ញាធរមីនបានលើកឡើងថា ៖ «ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃសកម្មភាពមីននៅកម្ពុជា ដោយឃើញពីការយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងសប្បុរសជននានា»។
ប្រទេសអូស្ត្រាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌រហូតដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។ នេះបើតាមអាជ្ញាធរមីន។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមីនា ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាទីស្តីការក្រសួង លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា អូស្ត្រាលី បន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំង២។
លោក ចាស្ទីន ខេវីន វ៉ាយអេត ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តភាពនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ២០៤០» ឯកអគ្គរាជទូតថ្មីរូបនេះ មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជាផងដែរ។
នាឱកាសនោះលោក ប្រាក់ សុខុន ក៏បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។ ក្រសួងការបរទេសនៃប្រទេសទាំង២ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី» » លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣ នេះ៕