
លោកហង់ជួន ណារ៉ុន នៅក្នុងកម្មវិធីនាថ្ងៃទី១៦ មីនា ។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា និងក្រុមប្រឹក្សាធម្មនុញ្ញបានព្រមព្រៀងគ្នាយកខ្លឹមសានៃបទប្បញ្ញត្តិគ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាចំនួន ៤០ មាត្រា ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋទាំង ៣ កម្រិត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ បន្ទាប់ពីបញ្ចប់ការជជែកពិភាក្សាជាង ៤ ឆ្នាំ។
ការប្រកាសយ៉ាងដូចម្តេច បានធ្វើឡើងនៅក្នុងកម្មវិធីប្រកាសអនុវត្តអនុស្សរណៈនៃការព្រមព្រៀង និងពិធីប្រកាសចាប់ផ្តើមបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសទូទាំង២៥រាជធានី ខេត្តជាង១០០នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហាយ៉ាត់រីជេនស៊ីភ្នំពេញ។
តាមការប្រកាស មាត្រាចំនួន៤០នោះ ត្រូវបានដកស្រង់ចេញពីរដ្ឋធម្មនុញ្ញដើម្បីបញ្ចូលក្នុងមុខវិជ្ជាពលរដ្ឋវិទ្យា មុខវិជ្ជាសិក្សាសង្គម និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ឬចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា ការយកខ្លឹមសារមួយចំនួនក្នុងរដ្ឋធម្មនុញ្ញដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋទាំង៣កម្រិត គឺដើម្បីជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការបញ្ជ្រាបការយល់តាំងពីកុមារភាពដល់សិស្សានុសិស្សពីសារៈសំខាន់ និងតម្លៃនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
លោកបានចាត់ទុកថា ការយល់ដឹងច្បាស់នូវបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ គឺពិតជាអាចជួយពង្រឹងស្មារតីជាតិនិយម ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តិតាមក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ហើយការដឹងច្បាស់អំពីគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារៈសំខាន់ដល់ប្រទេសជាតិ។
លោកបានបញ្ជាក់ថា៖«ការដឹងច្បាស់អំពីគោលការណ៍ធំៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារៈសំខាន់ ក្នុងការកសាងចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការពង្រឹងមនសិការស្នេហាជាតិ និងសីលធម៌សង្គម»។
លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការសម្រេចដាក់បញ្ចូលជាផ្លូវការនិងការផ្តល់វគ្គបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសទូទាំង២៥រាជធានី ខេត្តនេះ គឺបន្ទាប់ពីស្ថាប័នទាំង២ បានរួមគ្នាសិក្សាស្រាវជ្រាវដោយបានចងក្រងជាសៀវភៅគោលសម្រាប់បណ្តុះបណ្តាលដល់ក្រុមគ្រូឧទ្ទេសទូទាំងប្រទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «នេះគឺជាការវិវឌ្ឍជាមួយកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំអស់រយៈពេលជាង៤ឆ្នាំ។ ខ្ញុំជឿជាក់ថា វគ្គបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសអំពីខ្លឹមសារទាំងនេះ នឹងផ្តល់ឱ្យលោកគ្រូអ្នកគ្រូសិក្សាឈ្វេងយល់យកចំណេះដឹងថ្មីៗនេះទៅបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន និងសិស្សានុសិស្សហើយនេះ គឺជាចំណែកមួយក្នុងការធ្វើកំណែទម្រង់វិស័យអប់រំផងដែរ»។
លោកហង់ជួន ណារ៉ុន បានអះអាងថា កម្មវិធីសិក្សាដែលបានដាក់បញ្ចូលខ្លឹមសានៃបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនេះនឹងត្រូវអនុវត្តទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤បន្ទាប់ពីវគ្គបណ្តុះបណ្តាលដល់គ្រូឧទ្ទេសពីខ្លឹមសារក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទទួលបានជោគជ័យ។
លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីការសម្រេចឯកភាពនេះ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្តឯកភាពគ្នាបង្កើតក្រុមការងារចម្រុះមួយ ដើម្បីបំពេញការងារក្នុងការបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេស ដោយត្រូវអនុវត្តចាប់ពីខែមេសាតទៅ។
លោកបានបញ្ជាក់ថា៖«រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដែលគ្របដណ្តប់លើវិស័យទាំងអស់ ហេតុដូច្នេះហើយបានជាថ្នាក់ដឹកនាំ និងក្រុមការងារនៃស្ថាប័នទាំង២ បានសិក្សាយ៉ាងល្អិតល្អន់ក្នុងការដកស្រង់យកមាត្រាសំខាន់ៗ និងចាំបាច់សម្រាប់បញ្ចូលទៅក្នុងកម្មវិធីសិក្សា។ អ៊ីចឹងនៅក្នុងការច្បិចយកបទប្បញ្ញត្តិច្បាប់ទាំងនេះ គឺក្នុងគោលដៅឱ្យសិស្សពីថ្នាក់ទី១ ដល់ថ្នាកទី១២ ទៅតាមកម្រិតរបស់ពួកគាត់ ដែលយើងមានរបៀបនៃការបញ្ជ្រាបទៅដល់ពួកគាត់»។
លោកព្រហ្ម វិចិត្រអក្ខរា បានអះអាងថា ចំពោះការបោះពុម្ពសៀវភៅដែលបានដាក់បញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋនេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយអាស្រ័យលើកម្មវិធីសិក្សា រីឯការ
បណ្តុះបណ្តាលដល់ក្រុមគ្រូឧទ្ទេស នឹងធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕