
ទ្រុងជ្រូកដែលត្រូវបានភ្លើងឆេះបណ្តាលឱ្យងាប់ជ្រូកជាង៤០ក្បាលកាលពីម៉ោងជាង៤ទៀបភ្លឺថ្ងៃទី១៦មីនា។ រូបថត សហការី
បាត់ដំបងៈ សត្វជ្រូកជាង ៤០ ក្បាលបានងាប់ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆេះកសិដ្ឋានចិញ្ចឹមជ្រូក ១ កន្លែង នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ កាលពីវេលាម៉ោង ៤:២៥ នាទីទៀបភ្លឺថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។
លោក ថន សុផាត មេឃុំសំរោងក្នុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក មានការខាតបង់ ព្រោះជ្រូកដែលងាប់នោះភាគច្រើនជាជ្រូក ដែលមានទម្ងន់ចន្លោះពី ៨០-១០០ គីឡូក្រាម ក្នុង ១ ក្បាល។
លោកថ្លែងថា៖ «តាមការសាកសួរកម្មករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក អាជ្ញាធរយើងបានសន្និដ្ឋានក្នុងជំហានបឋមថា គ្រោះអគ្គិភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង»។
យ៉ាងណាក៏ដោយ លោក អៀ អេងថុង អាយុ ៧៣ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់នៅមិនទាន់យល់ស្របតាមសេចក្ដីសន្និដ្ឋានក្នុងជំហានបឋមរបស់អាជ្ញាធរនោះទេ។ ទន្ទឹមនឹងនេះ គាត់បានស្នើសុំឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានជួយបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។
លោក អេងថុង បាននិយាយថា៖«ខ្ញុំមិនដឹងថាវា [កសិដ្ឋានចិញ្ចឹមជ្រូក] ឆេះមកពីមូលហេតុអ្វីទេ ប៉ុន្តែខ្ញុំក៏មិនទាន់ឯកភាពថាវាឆេះមកពីទុស្សេខ្សែភ្លើងនោះដែរ។ ខ្ញុំចង់ស៊ើបបន្តទៀត ព្រោះការសន្និដ្ឋានរបស់សមត្ថកិច្ចហាក់ដូចជាលឿនពេក»។
បើតាមលោក អេងថុង កសិដ្ឋានចិញ្ចឹមជ្រូករបស់គាត់ ដែលត្រូវភ្លើងឆេះនោះ មានទំហំ២១មx១៧ម ធ្វើពីឈើប្រក់សង្ក័សី និងមានវាយព្រួលឫស្សីពីក្រោមដំបូលដើម្បីការពារកម្ដៅ ព្រមទាំងចាក់សាបបាតក្រោមជាបេតុង និងរៀបជញ្ជាំងឥដ្ឋព័ទ្ធជុំវិញកម្ពស់៨តឹក។ នៅក្នុងកសិដ្ឋាននេះ មានចិញ្ចឹមជ្រូកទាំងតូចទាំងធំសរុប៧៥ក្បាល។
លោកបានបញ្ជាក់ថា៖«រយៈពេលតែជាង១ម៉ោងប៉ុណ្ណោះ អគ្គិភ័យនេះ បានបំផ្លិចបផ្លាញសំណង់ទ្រុងជ្រូកអស់៧០ភាគរយ ងាប់ជ្រូក៤៤ក្បាល ក្នុងនោះជ្រូកធំៗមានទម្ងន់ចន្លោះពី៨០-១០០គីឡូក្រាមចំនួន៣៣ក្បាល និងកូនជ្រូកទម្ងន់ជាង១០គីឡូក្រាមចំនួន១១ក្បាល ដែលសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក»។
លោក វ៉ើន សាវេត នាយនគរបាលប៉ុស្តិ៍សំរោងក្នុង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅវេលាម៉ោង ៥ព្រឹក លោកបានទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារម្ចាស់កសិដ្ឋាន អំពីករណីភ្លើងឆេះកសិដ្ឋានចិញ្ចឹមជ្រូកនោះ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍ចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែនៅពេលទៅដល់អគ្គិភ័យបានឆាបឆេះកសិដ្ឋាននោះជិតអស់ទៅហើយ។
លោកថ្លែងថា៖«ពេលសមត្ថកិច្ចយើងទៅដល់ ឃើញក្រុមគ្រួសារម្ចាស់កសិដ្ឋាន និងកម្មករមួយចំនួនកំពុងព្យាយាមបាញ់ទឹកពន្លត់ និងរំដោះសត្វជ្រូកចេញពីក្នុងទ្រុងដែលកំពុងឆេះនោះបានប្រមាណជាង៣០ក្បាល។ ចំណែករាប់សិបក្បាលទៀតបានឆេះងាប់នៅក្នុងទ្រង់គួរឱ្យអាណិត»។
បើតាមលោក សាវេត ការអន្តរាគមន៍របស់កម្លាំងសមត្ថកិច្ចមូលដ្ឋានក្នុងការពន្លត់អគ្គិភ័យ ដែលឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនេះ ហាក់ដូចជាយឺតពេលបន្តិច ដោយសារតែម្ចាស់កសិដ្ឋានមិនបានរាយការណ៍ពីព្រឹត្តិហេតុ ឱ្យបានទាន់ពេលវេលា។
ជុំវិញករណីនេះ លោកអេងថុង បាននិយាយថា នៅពេលកើតហេតុ កូនប្រុសរបស់គាត់បានព្យាយាមទាក់ទងសុំជំនួយពីកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំដែរ ប៉ុន្តែមិនអាចទាក់ទងបាន ដោយសារសេវាប្រព័ន្ធទូរស័ព្ទមានភាពរអាក់រអួល ម្ដងមានម្ដងអត់ ព្រោះកសិដ្ឋានរបស់គាត់ស្ថិតនៅដាច់ស្រយាលឆ្ងាយពីភូមិជាងគេ។
លោកបានបន្តថា ទោះយ៉ាងណាគ្រោះអគ្គិភ័យនេះ ពុំបង្កឱ្យមានគ្រោះថ្នាក់ដល់កម្មករឬអ្នកភូមិណាម្នាក់ទេ ហើយក៏មិនមានការឆេះរាលដាលដល់ផ្ទះអ្នកភូមិផ្សេងទៀតដែរ៕