ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការពិនិត្យ​លើដំណើរ​ការអនុវត្ត​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅទីស្តីការ​ក្រសួង នាថ្ងៃ​ទី១៦ ខែមីនា​នេះ ដើម្បី​ផ្តល់​ការណែនាំ​បន្ថែម​ក្នុងការចូលរួម​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ។

យោងតាម​ក្រសួង​កសិកម្ម​បានឱ្យដឹង​ថា បន្ទាប់ពី​ទទួល​ស្តាប់ការ​បង្ហាញ និង​កិច្ច​ពិភាក្សា លោក​រដ្ឋមន្ត្រី បានលើក​ទឹកចិត្ត និង​ទទួល​ស្វាគមន៍​នូវរាល់​គំនិត​ផ្តួចផ្តើម​ទាំងអស់​ក៏ដូចជា​ធាតុ​ចូល​បន្ថែម​តាម​ខេត្ត​នីមួយៗ។ ការងារនេះ ត្រូវមាន​ការចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ ប្តេជ្ញា​ធ្វើការ​សហការ​រួមគ្នា​ល្អ ធ្វើការ​រួមគ្នា​ដោយ​ឆន្ទៈ និង​ការ​ទទួល​ខុសត្រូវ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ ដោយ​ត្រូវ​យក​បញ្ហា​ប្រឈម​ដាក់​លើ​តុ នាំគ្នា​ពិភាក្សា​រក​ដំណោះស្រាយ​ឱ្យ​បាន​ល្អ​បំផុត។ ចំពោះការ​វាយតម្លៃ​ចំណាត់​ថ្នាក់​គម្រោង ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ចំណុច ឱ្យ​ល្អិតល្អន់ ទាន់​ពេលវេលា ប្រកប​ដោយ​បច្ចេកទេស ព្រមទាំង​គិត​ពីពេលវេលា​នៃការទទួល​បាន​ដី​ផងដែរ។

លោក​រដ្ឋមន្ត្រី​បានណែនាំ​ឱ្យ​លេខាធិការដ្ឋាន ត្រូវ​ធ្វើ​ចំណាត់​ថ្នាក់​នៃ​គម្រោង​ទាំងនោះ ដោយ​ត្រូវជួយ​ថែរក្សា​គម្រោង​ដែលមាន​សកម្មភាព​ល្អ​ឱ្យ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​ត្រូវជួយ​ជំរុញ​ដល់អ្នក​ដែលមាន​សកម្មភាព​តិច​ឱ្យ​បាន​ប្រសើរ​ឡើង។ ចំណែក​គម្រោង​ដែលមិនមាន​សកម្មភាព ត្រូវ​ជំនួស​ដោយ​គម្រោង​ថ្មី​របស់​វិនិយោគិន​ថ្មី​ដែល​មាន​ផែនការ​វិនិយោគ​ច្បាស់លាស់​និង​ធ្វើ​ពិតប្រាកដ ដើម្បី​ចូលរួម​អភិវឌ្ឍ​ខេត្ត និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ។ ជាមួយគ្នានេះ​ដែរ​ត្រូវ​ពង្រឹង និង​ជំរុញ​ការងារ​ចុះ​បញ្ជី​ឱ្យ​មាន​ប្រសិទ្ធភាព ដោះស្រាយ​និង​ទទួល​ខុសត្រូវ​រួមគ្នា ជាពិសេស​ទប់ស្កាត់​ការទន្ទ្រាន​ដី​រដ្ឋ។

លោក​រដ្ឋមន្រ្តី​ក៏បាន​រំឭក​ជាថ្មី​ម្តងទៀត​ជូន​ដល់​អង្គប្រជុំ​ឱ្យ​ទទួល​ស្គាល់​ពីសារៈ​សំខាន់​នៃសម្បទាន​ដី​សេដ្ឋកិច្ច និង​ភាពចាំបាច់​ដែល​ត្រូវដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន ដោយ​ស្នើ​លេខាធិការដ្ឋាន​រៀបចំ​ឱ្យ​មានកិច្ចប្រជុំ​ទៀងទាត់​រាល់​ ៣ ខែ​ម្តង ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​និងដោះស្រាយ​រាល់​បញ្ហា​ដែលកើត​មាន​ឱ្យ​បានល្អ​និង​ទាន់​ពេលវេលា។ បន្ថែមលើ​នេះ​ទៀត ត្រូវ​ធ្វើការងារ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន ត្រូវមាន​ព័ត៌មាន​ច្បាស់លាស់ វាយ​តម្លៃ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ភាព​រីកចម្រើន​ទាំងអស់​គ្នា។ រីឯការទទួល​ចំណូល​មិនមែន​សារពើ​ពន្ធ ត្រូវមាន​វិធានការ​ពិន័យ​ប្រាក់​ក្នុង​មួយ​ហិកតា ៥ ដុល្លារ ចំពោះ​អ្នកមិនបាន​បង់ថ្លៃ​ដី​ជូន​រដ្ឋ ដោយ​ប្រើ​យន្តការ​សន្ទនា​ត្រឹមត្រូវ ព្រម​ទាំង​ការកំណត់៕