ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ត្រូវ​បង្កើនល្បឿន​នៃ​ការ​បំពេញ​កិច្ចការ​បន្ថែមទៀត​ទៅលើ​បញ្ហា​ជំងឺរបេង ថ្វីបើ​ករណី​ស្លាប់​បាន​ថយចុះ តែ​អត្រា​ឈឺ​និង​ស្លាប់​នៅតែ​ស្ថិតក្នុង​អត្រា​ខ្ពស់​នៅឡើយ ខណៈ​មាន​មនុស្ស​ជាច្រើន​នៅ​ពុំទាន់​បានទទួល​សេវា​ព្យាបាល​ជំងឺ​នេះ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានលើកឡើង​ដូចនេះ​តាមរយៈ​សារលិខិត​ចុះ​ថ្ងៃទី​ ៩ ខែមីនា និង​បានចេញ​ផ្សាយ​ពីថ្ងៃ​ទី​ ១៥ ខែមីនា ស្ដីពី​ការ​ប្រារព្ធ​ទិវា​ពិភពលោក​កម្ចាត់រោគរ​បេង​ថ្ងៃទី​ ២៤ មីនា ២០២៣ ក្រោម​ប្រធានបទ ​«​មែនហើយ យើង​អាច​បញ្ចប់​ជំងឺរបេង​បាន​»​។​

​កម្ពុជា​បាន​ស្រាវជ្រាវ និង​ព្យា​​បាល​ជំងឺរបេង​ដល់​ប្រជាជន​ដោយ​ឥត​បង់ថ្លៃ ដែល​កិច្ចការ​នេះ​មានការ​រីកចម្រើន​ដ៏​គួរឱ្យកត់សម្គាល់ ជាហេតុ​ធ្វើឱ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ច្រើនជាង​ប្រទេស​ដទៃ​។​

​លោក ​ហ៊ុន សែន លើកឡើងថា​៖ «​ប្រទេស​កម្ពុជា​ក៏​នៅមាន​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ខ្ពស់​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួនទៀត និង​នៅមាន​មនុស្ស​ច្រើន​នៅឡើយ ដែល​នៅ​ពុំទាន់​បានទទួល​សេវា​»​។

​បញ្ហា​នេះ តម្រូវឱ្យ​កម្ពុជា​បង្កើនល្បឿន​នៃ​កិច្ចខិតខំ​ប្រឹង​​ប្រែង​បំពេញ​កិច្ចការ​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នូវ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺរបេង​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​សកល​​លោក​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ហ៊ុន សែន​។​

​យោងតាម​សារលិខិត​ដដែល​បាន​បន្ថែមថា ជាក់ស្តែង​អត្រា​ស្លាប់​បាន​ថយចុះ​ពី​ ៤២ ​ករណី​ក្នុងចំណោម​ប្រជាជន ១ ​សែន​នាក់​នៅ​ឆ្នាំ ​២០០០ មក​ត្រឹម ២១ ​ករណី​ ក្នុងចំណោម​ប្រជា​ជន​ ១ ​សែន​នាក់ ​ក្នុង​ឆ្នាំ​ ២០២១ ​ដែល​ធ្លាក់ចុះ​ស្មើនឹង​ ៥០%​។

​រីឯ​អត្រា​កើត​ជំងឺ​ថ្មី ​(​អាំង​ស៊ី​ដង់​)​ បាន​ធ្លាក់ចុះ​ពី​ ៥៧៩​ ករណី​ក្នុងចំណោម​ប្រជាជន ​១ ​សែន​នាក់​នៅ​ឆ្នាំ​ ២០០០ មក​នៅត្រឹម​ ២៨៣ ករណី​ក្នុងចំណោម​ប្រជាជន​ ១​ សែន​នាក់​នៅក្នុង​ឆ្នាំ​ ២០២១​ ដែល​ស្មើនឹង​ ៥០%​។

​លោក​ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​នេះ​ជា​អ្វីដែល​កម្ពុជា​បានសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ដោយ​សារ​ជំងឺរបេង​នេះ​រួចហើយ​នៅមុន​កាលកំណត់​ ៤ ​ឆ្នាំ​។ ជោគ​​ជ័យ​របស់​កម្ពុជា​ក្នុងការ​កម្ចាត់​ជំងឺរបេង គឺជា​ស្នាដៃ​មួយ​ដែលមាន​ប្រទេស​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ អាច​សម្រេចបាន​»​។​

​លោក​ថា លទ្ធផល​ដ៏​គាប់​ប្រសើរ​នេះ​បានកើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជា​ជាតិ​ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ពង្រីក​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺរបេង​តាម​យុទ្ធ​សាស្ត្រ​ដូ​ត​ស៍​នៅ​គ្រប់​មន្ទីរ​ពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​ទាំងអស់ រួមទាំង​ថ្នាក់​សហគមន៍​ផងដែរ​នៅ​ទូទាំងប្រទេស​។​

​ទិវា​ពិភពលោក​កម្ចាត់រោគរ​បេង​ឆ្នាំនេះ ធ្វើឡើង​ដើម្បី​បន្ត​ជំរុញ​និង​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​លើកកម្ពស់​សុខ​​ភាព​ប្រជាជន​ឱ្យបាន​កាន់តែ​ទូលាយ​និង​បំផុស​ការយល់ដឹង ការយកចិត្តទុកដាក់​ប្រយុទ្ធ​នឹង​ជំងឺរបេង​រួម​នឹង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​យល់​ពី​ទំហំ​បញ្ហា​និង​ផលវិបាក​នៃ​ជំងឺរបេង​សំដៅ​រួមចំណែក​លើកកម្ពស់​សុ​ខុ​មាល​ភាព តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​ទាំងមូល​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា​៖ «​ប្រធានបទ​ឆ្នាំនេះ ធ្វើឱ្យ​ពិភព​​លោក​ទាំងមូល​មានជំនឿថា​មនុស្ស​ទាំងអស់​អាច​បញ្ច​ប់​ជំងឺរបេង​បាន​ដោយ​ទាំងអស់គ្នា​រួបរួម​បង្កើនល្បឿន ដើម្បី​បំពេញ​កិច្ច​ការ​ដ៏​ច្រើន​បន្ថែមទៀត ជាពិសេស​ដើម្បី​ជំរុញឱ្យមាន​សេវា​ថែទាំ បង្កើន​ការស្រាវជ្រាវ​និង​ព្យាបាល​ជំងឺរបេង​ជាស​កល​នៅ​គ្រប់​ទីកន្លែង​និង​សម្រាប់​ជន​គ្រប់រូប​»​។​

​តាម​ការប៉ាន់ស្មាន​នៅក្នុង​ពិភពលោក​ក្នុង​ ១ ​ឆ្នាំៗ​ប្រជាជន​ប្រ​មាណ ​១០​ លាន​នាក់​បានកើត​ជំងឺរបេង ប៉ុន្តែ​អ្នកជំងឺ​ប្រហែល ​៣ លាន​នាក់​ក្នុង​ ១ ​ឆ្នាំៗ​ពុំទាន់​បានទទួល​សេវា​ថែទាំ​និង​ព្យា​បាល​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ុន សែន ដោយ​លោក​រំពឹងថា ប្រធាន​បទ​នេះ​នឹង​ជំរុញ​ការស្រាវជ្រាវ​រកឱ្យឃើញ និង​ព្យាបាល​ឱ្យ​ជាសះស្បើយ​ដល់​អ្នក​ជំងឺរបេង​ប្រមាណ ​៣ លាន​នាក់​ទៅ​ ៤​ លាន​នាក់​នៅក្នុង​ពិភពលោក​ដែល​ពុំទាន់​បានទទួល​សេវា​។

​លោក ហួត ចាន់​យុ​ដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន បានឱ្យដឹងថា ទាំង​ការស្រាវជ្រាវ​និង​ការ​ព្យា​បាល​ជំងឺរបេង​ក្នុង​ឆ្នាំ ​២០២២​ កន្លងមក ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ក្នុង​ឆ្នាំ​ ២០២១ ពីព្រោះ​ក្នុង​ឆ្នាំ​ ២០២១ ​កម្ពុ​ជាមាន​បញ្ហា​ជំងឺ​កូ​វីដ ១៩​។

​លោក​បាន​បន្តថា នៅ​ឆ្នាំនេះ លោក​សង្ឃឹមថា នឹងមាន​ស្ថា​​ប័ន​ពាក់ព័ន្ធ​ចូលរួម​កាន់តែច្រើន​ដើម្បី​អាច​ឈានដល់​ការបញ្ចប់​ជំងឺរបេង ខណៈ​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ក្រោយ​ជំងឺ​កូ​វីដ​ស្ងប់ស្ងាត់​។

​លោក​ ហួត ចាន់​យុ​ដា បាន​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា ក៏​យើង​នៅតែមាន​កង្វល់​ខ្លះ​ដែរ ដោយសារតែ​យើង​មាន​វិបត្តិ​កូ​វីដ​ ១៩ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ជាប់​គ្នា​នេះ​អ៊ីចឹង​!​កាលដែល​យើង​ស្រាវជ្រាវ​ឬក៏​ព្យាបាល​វា​ហាក់បីដូចជា​យើង​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ជួយ​ទៅដល់​កម្ពុជា​យើង​នេះ​ឆ្លង​ផុត​នូវ​អ្វី​ដែលជា​ហានិភ័យ​មួយ​សម្រាប់​សុខ​ភាព​សាធារណៈ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ដែរថា យុទ្ធនាការ​ទិវា​របេង​ពិភពលោក​ឆ្នាំ​ ២០២៣ ​នេះ​នឹង​បន្ត​បំផុស​ឱ្យ​មនុស្ស នៅលើ​សកលលោក​ឱ្យមាន​ការយល់ដឹង​បន្ថែម និង​ធ្វើ​សកម្មភាព​រួមគ្នា​សកម្ម​ជាង​មុន​ដើម្បីឱ្យ​អ្នក​សង្ស័យ​កើត​ជំងឺ​​របេង​គ្រប់គ្នា​ទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា និង​ព្យាបាល​ជាសះស្បើយ​៕