ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​សម្តែង​ការសោកស្តាយ​នូវ​ការឆេះ​ព្រះ​រាជដំណាក់​នៅ​ខេត្តសៀមរាប និង​ប្រកាស​ពី​ការជួសជុល​ឡើងវិញ ទោះ​ចំណាយ​អស់​ថវិកា​ប៉ុន្មាន​ក៏ដោយ ខណៈ​លោក​ក៏​អំពាវនាវ​ដល់​សា​ធារ​ណ​ជន​កុំឱ្យ​មានការ​បកស្រាយ​លើសពី​អ្វី​ដែលជា​ការពិត​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នៅ​ថ្ងៃទី​ ១៦ មីនា លោកនាយករដ្ឋមន្ត្រីបាន​ថ្លែង​ដោយ​សម្តែង​ការសោកស្តាយ​ក្នុង​ហេតុ​ការណ៍ ឆេះ​ព្រះរាជដំណាក់​នៅ​ខេត្តសៀមរាប​ខណៈ​លោក​បញ្ជាក់ថា បញ្ហា​នៅ​ចំពោះមុខ​គឺ​ការជួស​ជុល​ឡើងវិញ​ឱ្យបាន​លឿន​បំផុត​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវ​បញ្ហា​ធំ គឺ​សម្រុក​ជួសជុល​ឡើងវិញ ហើយ​ការជួសជុល​នេះ ខ្ញុំ​បានអនុញ្ញាត​តាំងពី ​១ ថ្ងៃក្រោយ​ភ្លើង​ឆេះ តាមរយៈ​សំណើ​របស់​សម្តេច គង់ សំអុល ឧបនាយក​​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ព្រះ​បរមរាជវាំង​។ មិនមែន​គ្រាន់តែ​ជួសជុល​កន្លែង​ឆេះ​នោះទេ ឆេះ​នោះ​មិនមែន​ឆេះ​ដំណាក់​ធំ​ទេ គឺ​ឆេះ​ផ្នែក​មួយ ប៉ុន្តែ​ឆេះ​កន្លែង​​ណាក៏ដោយ​យើង​មានការ​សោក​​ស្តាយ​ពី​បញ្ហា​នេះ​»​។​

​ជាមួយគ្នានេះដែរ​លោក បាន​ជំរុញ​ទៅកាន់​ «​សម្តេចចៅហ្វា​វាំង គង់ សំអុល​»​ ឱ្យ​ព​ន្លឿ​ន​ការជួស​​ជុល​នេះ​ឡើងវិញ​ឱ្យបាន​ឆាប់​បំផុត​។

លោក​ថា​៖ «​រឿង​លុយ​រឿង​កាក់ មិន​ខ្វល់​ថា អស់​ប៉ុន្មាន​ទេ ត្រូវធ្វើ​ព្រះរាជដំណាក់​នេះ ព្រោះ​ព្រះរាជដំណាក់​នេះ គឺជា​ព្រះរាជដំណាក់​ដែល​ព្រះករុណា​បិតា ព្រះអង្គ​បាន​គង់នៅ​ទីនោះ ដើម្បី​ដឹកនាំ​តំបន់​ស្វយ័ត និង​យក​តំបន់​ស្វយ័ត​ជា​មូលដ្ឋាន​តស៊ូ ដើម្បី​ឯករាជ្យ​ចេញពី​បារាំង​»​។

​ជុំវិញ​ការឆេះ​ព្រះរាជដំណាក់​នេះ គេ​សង្កេតឃើញ​មាន​បុគ្គល​មួយចំនួន ដែលមាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បាន​ឆ្លៀត​យក​ឱកាស​នេះ​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​ជា​អ្នក​ដុត​ទៅវិញ​។ ជុំវិញ​ការចោទប្រកាន់​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ប​ដិ​សេធ ដោយ​ចាត់ទុកថា ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង និង​អំពាវនាវ​ដល់​សាធារណជន កុំ​បកស្រាយ​លើសពី​អ្វី​ដែលជា​ការពិត​។

​លោក​សង្កត់ធ្ងន់ថា​៖ «​ត្រឹមតែ​កម្រិត​នៃ​សេចក្តីប្រកាស​របស់​ក្រសួងព្រះបរមរាជវាំង ទាក់​ទង​នឹង​ការឆេះ​ព្រះរាជដំណាក់​នោះបាន​ហើយ កុំទៅ​ហួស​ពីនេះ ដែល​ពួក​ទ​ម្មិ​ឡ​ឥត​សា​សនាបក​ស្រាយ​ពី​ខាងក្រៅ​ថា នេះ​គឺជា​ការរៀបចំ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជ​រដ្ឋា​ភិ​បាល​»​។

​ជាមួយគ្នានេះ លោក​ ហ៊ុន សែន​ មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ថ្វាយ​ដល់​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម អ្នកណា​បកស្រាយ​ខុស សូមឱ្យ​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម កុំ​ត្រា​ប្រណី​ដល់​ពួក​តិរច្ឆាន​នេះ​ឱ្យសោះ​ចំពោះ​អ្នក​បំភ្លៃ​ការពិត​។ អ៊ីចឹង​យើង​អត់​មាន​ធ្វើ​អី​កើត​ទេ ព្រោះ​វា​នៅក្រៅ​ប្រទេស​បាន​ហ៊ាន​និយាយ បើ​នៅក្នុង​ប្រទេសវ៉ៃ​ខ្នោះ​មិនឱ្យ​លើសពី​ប៉ុន្មាន​ម៉ោង​ទេ ព្រោះ​អ្នកឯង​មាន​ភ័ស្តុតាង​ពី​ណា​»​។ លោក​បាន​សម្តែង​ក្តីបារម្ភ​ថា អ្វីដែល​រដ្ឋាភិបាល​ខ្លាច​បំផុត​គឺ​មហន្តរាយ​កើតឡើង ការឆេះ​ផ្ទះ និង​ទុស្សេ​ខ្សែភ្លើង​នេះឯង​។​

​ពាក់ព័ន្ធ​ការឆេះ​នេះដែរ លោក​ថ្លែងថា លោក​បាន​យកចិត្ត​ទុក​ដាក់​ជាខ្លាំង និង​បាន​តាមដាន​ហេតុការណ៍​ជាមួយ​អភិបាលខេត្ត​សៀមរាប​ថែម​ទៀតផង​។

លោក​ថា​៖​ «​ថ្ងៃនោះ ខ្ញុំ​នៅ​បន្ត​តាមដាន​ជាមួយ​អភិបាលខេត្ត តាមរយៈ​អន​ឡាញ​។ នៅមុន​ម៉ោង​ ៥ ​ភ្លឺ សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ទាក់ទង​មក ដើម្បី​រៀបចំ​ឧ​ទ្ធ​ម្ភា​ចក្រ​ទៅ​ទីនោះ​ព្រោះ​រឿង​រាជវាំង យើង​អត់​សូវ​ដឹង​ទេ​មានតែ​បង គង់ សំអុល ដែល​ដឹង អ៊ីចឹង​គាត់​ទៅ​សៀមរាប​ហើយ​មកវិញ​បាន​លើក​គម្រោង​ពី​ការជួសជុល​»​។

យ៉ាងណាមិញ​លោក ហ៊ុន សែន បាន​អំពាវនាវ​សូមឱ្យ​យកចិត្តទុកដាក់​ពាក់ព័ន្ធ​បញ្ហា​អគ្គិភ័យ ឬ​ទុស្សេ​ខ្សែភ្លើង​ចាប់ពីពេលនេះ​រហូតដល់​រដូវភ្លៀង​ធ្លាក់​។

​ក្រោយ​កើតហេតុ​នោះ ក្រសួងព្រះបរមរាជវាំង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ១៣ ខែមីនា ថា​៖ «​នៅ​យប់​ថ្ងៃ​​ទី​ ១២ ខែមីនា​ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ២២ ​និង​ ០៥​ នាទី មាន​អគ្គិ​​ភ័យ​បាន​ឆាបឆេះ​អគារ​ព្រះរាជដំណាក់​តូច​នៃ​ព្រះរាជដំណាក់​ខេត្តសៀមរាប ដែល​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ​(​ទុស្សេ​ខ្សែភ្លើង​)»​។​

​ជាមួយគ្នា​នោះដែរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បានចេញ​ព្រះរាជសារ​នៅ​ថ្ងៃទី​ ១៤ ខែមីនា ដោយបាន​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ដល់​ជនរួមជាតិ​និង​អន្តរជាតិ ដែល​បាន​ផ្ញើ​សារ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន ដើម្បី​សម្តែង​នូវ​សមានចិត្ត​សោក​ស្តាយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ឧ​ប​ទ្ទ​វ​ហេតុ យ៉ាង​តក់ស្លុត និង​រន្ធត់​បំផុត​លើ​ការឆេះ​ព្រះរាជដំណាក់​ខេត្តសៀមរាប​។

​ព្រះរាជសារ​បន្តថា​៖ «​ខ្ញុំ​សូម​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងព្រះបរមរាជវាំង​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច ក្រុម​ពន្ធ​ត់​អគ្គិភ័យ ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ដែល​បាន​ជួយ​អន្តរាគមន៍​បាន​ភ្លាមៗ​»​។​

​សូមជម្រាបថា ព្រះរាជដំណាក់​ខេត្តសៀមរាប ដែលមាន​អាយុកាល​ជាង ​៧០ ​ឆ្នាំ​មកហើយ​នេះ បាន​បន្សល់​នូវ​អនុស្សាវរីយ៍ ជា​ប្រវត្តិសាស្ត្រ និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង​ជាមួយនឹង​ព្រះរាជ​បូ​ជ​​នី​យ​កិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរ​​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​»​ ពី​អាណានិគម​បារាំង​៕