កំពង់ស្ពឺៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីតាំង បុរីកម្មករ ក្រុង​ច្បារមន នា​ថ្ងៃ​សុក្រ ទី ១៧ ខែ​មីនា នេះ ដោយ​មាន​រោងចក្រ សហគ្រាស​ធំៗ​ចំនួន ៥ ចូលរួម​ជ្រើសរើស​កម្មករ កម្មការិនី​ជាង ៥ ពាន់នាក់។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្វែងរក​ឱកាស​ការងារ​ថ្មី​របស់​កម្មករ កម្មការិនី​រោងចក្រ​ដែល​បាន​បាត់បង់​ការងារ ឬ​ត្រូវ​ព្យួរ​កិច្ចសន្យា​ការងារ នាពេល​កន្លងមក។​

​បើតាម​ក្រសួង​ការងារ ការរៀបចំ​វេទិកា​ការងារ​នេះ គឺជា​អន្តរាគមន៍​ដោះស្រាយ​ការងារ​បន្ទាន់​មួយទៀត​របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់ក​ម្មករ កម្មការិនី​ឱ្យ​ឆាប់​ទទួល​បាន​ការងារ​ថ្មី​ឡើងវិញ ដើម្បី​រក្សា​លំនឹង​ជីវភាព និង ប្រាក់​ចំណូល​របស់​កម្មករ កម្មការិនី បន្ថែម​ពីលើ​ការទទួល​បាន​នូវការ​គាំពារ​តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់​ដូច​អំឡុងពេល​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវីដ ១៩។​

​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​ទ្រង់ទ្រាយ​ធំ​នេះ ត្រូវ​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ​, មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្ត ពិសេស កម្មករ កម្មការិនី ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ សូម​ទាក់ទង​ទៅ NEA តាមរយៈ​លេខ​ទូរស័ព្ទ 016 786655៕​