
លោក ហង់ជួន ណារ៉ុន ថ្លែងនាពេលកន្លងទៅ។ រូបថត សហការី
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដល់សិស្សានុសិស្ស ដើម្បីកាត់បន្ថយអត្រាបាត់បង់ធនធានមនុស្ស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សេចក្តីណែនាំរបស់ក្រសួងអប់រំ ចុះថ្ងៃទី ១៥ ខែមីនា ដែលចុះហត្ថលេខា ដោយលោក ហង់ជួន ណារ៉ុន បានណែនាំពីវិធានមួយចំនួន ដើម្បីចូលរួមគាំទ្រ និងរួមចំណែកអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ផ្លូវគោកបន្ថែមទៀត។
លោក ហង់ជួន ណារ៉ុន លើកឡើងតាមរយៈសេចក្តីណែនាំថា សាលារៀនដែលនៅជាប់ផ្លូវ និងមានចរាចរណ៍មមាញឹក គណៈកម្មការសាលា មានតួនាទីសំខាន់ ក្នុងការដឹកនាំ និងការពារសិស្ស ដែលធ្វើដំណើរ ដោយរៀបចំបំពាក់ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ របាំងការពារនៅតំបន់សិស្សឆ្លងកាត់ ការកាត់បន្ថយល្បឿន ឬបំពាក់ឧបករណ៍បំពងសំឡេង ស៊ីរ៉ែន ឬកណ្ដឹងរោទ៍ នៅមុខសាលារៀន ដើម្បីសម្របសម្រួលចរាចរណ៍ ពេលសិស្សចេញពីសាលារៀន។
លោកបញ្ជាក់ថា៖ «ត្រូវដាក់ស្លាកសញ្ញា ឬផ្ទាំងរូបភាពអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ នៅមុខក្នុងបរិវេណសាលា សារអប់រំផ្សេងៗ និងថែទាំឱ្យបានល្អផ្លូវឆ្លងកាត់មកសាលារៀន ទាំងផ្លូវលំ ផ្លូវជាតិ និងផ្លូវឆ្លងកាត់ទន្លេ រួមទាំងការរៀបចំផ្លូវសម្រាប់ជនពិការផងដែរ និងកំណត់ផ្លូវសម្រាប់ធ្វើការជម្លៀសសិស្សពីសាលារៀន ឱ្យមានសុវត្ថិភាពក្នុងពេលធ្វើដំណើរ»។
ក្រសួងអប់រំ ក៏បានណែនាំឱ្យបុគ្គលអប់រំជាគំរូល្អក្នុងការប្រើប្រាស់ផ្លូវ ដោយបង្ហាញពីឥរិយាបថ ជាអ្នកប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ហើយនិងណែនាំដល់សិស្សានុសិស្សរាល់ពេលធ្វើដំណើរតាមកង់ ម៉ូតូ ឬរថយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ។
លោក ហង់ជួន ណារ៉ុន បន្ថែមថា៖ «មន្ទីរអប់រំ រាជធានី ខេត្ត និងការិយាល័យអប់រំរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀនគ្រប់ភូមិសិក្សា បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាលគ្រប់រូប សូមចូលរួមសហការ ផ្សព្វផ្សាយ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោកគឹម បញ្ញា គាំទ្រលើការណែនាំរបស់ក្រសួងអប់រំនេះ ដោយសារវាជាការពង្រឹងឱ្យអនុវត្តសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរ នៅតាមគ្រឹះស្ថានសាធារណៈរបស់ក្រសួងអប់រំ។
មួយវិញទៀត លោកបញ្ញាបញ្ជាក់ថា សិស្សានុសិស្ស ជាធនធានមនុស្សដ៏សំខាន់មួយ ក្នុងចំណោមធនធានដ៏សំខាន់ផ្សេងទៀត ហើយក៏ជាអនាគតអ្នកបន្តវេន សម្រាប់ស្នងប្រទេសជាតិកម្ពុជា។ ហេតុដូច្នេះ គឺវាមានការទាមទារចាំចាច់នូវវិធានការបង្ការ និងមានការការពារដល់ពួកគាត់ពីគ្រោះថ្នាក់ចរាចរណ៍។
លោកបន្ថែមថា វិធានការនេះមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសក្នុងពេលម៉ោងសិស្សកំពុងចេញពីសាលាទៅផ្ទះ ឬពីផ្ទះទៅសាលា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ទោះបីពួកគាត់ចេញពីសាលារៀនមិនព្រមគ្នាក៏ដោយ។
លោក គឹម បញ្ញា បានបញ្ជាក់ថា៖ «ជារួម ខ្ញុំមានការគាំទ្រចំពោះវិធានទាំងនេះ ជាពិសេស គឺជំរុញធ្វើឱ្យមានការសម្រួលទៅដល់សិស្សានុសិស្សនៅមុខច្រកចេញចូល ដែលមានករណី កើតមុខសាលាតែម្ដង តាមគោលដៅដែលខ្ញុំសង្កេត»។
លោកបានបន្តថា៖ «ខ្ញុំក៏លើកទឹកចិត្ត និងគាំទ្រដល់សមត្ថកិច្ចរបស់យើង ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប៉ុស្តិ៍នគរបាល និងស្នងការខេត្ត ក្នុងការជួយផ្ដល់ការសម្របសម្រួលចរាចរណ៍ នៅតាមដងផ្លូវ មុខសាលារៀន របស់សិស្សានុសិស្ស ទូទាំងប្រទេស ជាពិសេសនៅតាមផ្លូវជាតិឱ្យបានជាប់ជាប្រចាំ»។
ដើម្បីឱ្យសេចក្ដីណែនាំនេះអាចទទួលបានប្រសិទ្ធភាព ខាងក្រសួង ឬមន្ទីរអប់រំ គួរតែមានការតាមដាន និងរាយការណ៍ពីសាលារៀននីមួយៗអំពីសុវត្ថិភាពចរាចរណ៍ថា តើពួកគាត់បានធ្វើអ្វីខ្លះទៅលើសេចក្ដីណែនាំទាំងនេះ ដើម្បីអាចកំណត់ពីបញ្ហាប្រឈមទើបអាចជាការអនុវត្តបន្ត។
លោកគឹម បញ្ញា បានបន្ថែមថា មួយវិញទៀត ក្រសួងអប់រំ ក៏គួរតែបង្កើតក្រុមការងារទាំងនៅក្នុងក្រសួង មន្ទីរ និងសាលារៀនផ្ទាល់។ បើនិយាយឱ្យចំនោះ ជាជនបង្គោល ដែលទទួលបន្ទុក ក្នុងការផ្សព្វផ្សាយអប់រំ និងអនុវត្តតាមដាននូវសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕