
ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១០ ស្ដីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ស្របពេលដែលកម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ ចុះថ្ងៃទី ១៥ ខែមីនា ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបានកើតឡើងកាន់តែញឹកញាប់ និងបានបង្កជាហានិភ័យសង្គម សេដ្ឋកិច្ចចម្បងមួយ។ ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចពិភពលោកមានការខាតបង់ប្រមាណ ៣១៣ ប៊ីលាន ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.ស ពិភពលោកដោយសារគ្រោះមហន្តរាយធម្មជាតិ។ ការប្រែប្រួលអាកាសធាតុនេះ បានក្លាយជាប្រធានបទយ៉ាងសំខាន់ទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ។
ប្រភពដដែលនេះបន្តថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទាំងនៅក្នុងប្រទេសព្រមទាំងក្របខ័ណ្ឌពិភពលោកនិងតំបន់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងអនុវត្តផែនការយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុឆ្នាំ ២០១៤-២០២៣ ដើម្បីកំណត់ទស្សនវិស័យ សម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។
ដោយឡែក ធនាគារជាតិនៃកម្ពុជា បានវិនិយោគមួយផ្នែកនៃទុនបម្រុងរបស់ខ្លួនលើសញ្ញាបណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការមូលនិធិសញ្ញាបណ្ណបៃតងក្នុងតំបន់អាស៊ី។ អន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ត្រូវបានគេឱ្យនិយមន័យថា ជាការផ្លាស់ប្ដូរសង្គមនិងសេដ្ឋកិច្ច ក្នុងបរិបទនៃការរក្សាចីរភាពបរិស្ថាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ រក្សាបាននូវសុខុមាលភាពសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំស្ដីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” គឺជាការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពលើសេដ្ឋកិច្ចបៃតង។ លោកបន្តថា សន្និសីទនេះ ធ្វើឡើងដើម្បីចង់ដឹងពីវិបត្តិបរិស្ថាន វានឹងជះឥទ្ធិពលបែបណាលើម៉ាក្រូសេដ្ឋកិច្ច ដើម្បីជាធាតុចូលរបស់ធនាគារជាតិនៅក្នុងការព្យាករកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
លោកថ្លែងថា៖ « ជាមួយគ្នានេះ ការបោះបណ្ណបំណុលបៃតង បើសិនជាកម្ពុជាមានការថែរក្សាបរិស្ថានបានល្អ ហើយជះឥទ្ធិពលដល់ម៉ាក្រូសេដ្ឋកិច្ចល្អនោះ សញ្ញាបណ្ណបៃតងនឹងមានតម្លៃខ្ពស់ក្នុងទីផ្សារ »។
បើតាមធនាគារជាតិ ដើម្បីលើកកម្ពស់ការស្រាវជ្រាវលើបញ្ហាខាងលើ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើស ប្រធានបទស្រាវជ្រាវសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១០ ឆ្នាំ ២០២៣ ស្តីពី «ហានិភ័យ អាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងៗ»។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើសំណើ ឬប្រធានបទស្រាវជ្រាវមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជានឹងផ្ដល់ការគាំទ្រ ព្រមទាំងការប្រឹក្សាយោបល់ក្នុងដំណើរការស្រាវជ្រាវ ដើម្បីឱ្យការសិក្សា មានភាពសម្បូរបែបសម្រាប់វិស័យនានា។
បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១០ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។
ធនាគារជាតិនៃកម្ពុជា នឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍិ ដើម្បីចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ១០ នេះ។ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនៅក្នុងសន្និសីទ នឹងទទួលបាននូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា៕