
សៀមរាបៈ រហូតមកដល់ពេលនេះ មានខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ រួចមកហើយ ដែលបានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានាក្នុងពេលកន្លងមក។ នេះបើយោងតាមលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប។
Yunnan ជាខេត្តមួយក្នុងចំណោមខេត្តក្រុងទាំងនោះ របស់ប្រទេសចិន ហើយកាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ តំណាងលោកអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមកពីខេត្ត Yunnan ប្រទេសចិន ដែលដឹកនាំដោយលោកស្រី Wang Yu ប្រធានសមាគមប្រជាជនខេត្ត Yunnan សម្រាប់កិច្ចសហប្រតិបត្តិការបរទេស។
លោក ឃឹម ហ្វីណង់ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ក្នុងនោះចំណងទំនាក់ទំនងជាមួយខេត្ត Yunnan មានលក្ខណពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប។
តួយ៉ាងដូចជាគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិយោគយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្តតាមរយៈការបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើនទៀត។
ដោយសារភាពអំណោយផលពីការបើកទ្វារប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដបានធូរស្រាល ភាគីប្រតិភូខេត្ត Yunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង ២ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្ត Yunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពផងដែរ៕