ភ្នំពេញៈ នគរបាលរាជធានីភ្នំពេញអំពាវនាវដល់ម្ចាស់យានយន្ត ដែលបំពាក់ភ្លើងបំភ្លឺ និងកែច្នៃបំពងសំឡេងឮខ្លាំងខុសលក្ខណៈបច្ចេកទេសប្រញាប់ធ្វើការដោះចេញជាបន្ទាន់។ សមត្ថកិច្ចនឹងធ្វើការដកហូត ផាកពិន័យ បើមិនអនុវត្តតាមការណែនាំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសារនៅក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ ខែមីនាថា៖ «បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងឮខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពងសំឡេង (ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬដោះចេញជាបន្ទាន់»។
ហ្វេសប៊ុកដដែលបានឱ្យដឹងថា៖ «បើមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមវិធានការច្បាប់»។
របាយការណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី១៧ ខែមីនា ថា រថយន្តកែច្នៃបំពងសំឡេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ចំនួន ១៦ គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៦ ខែមីនា។
របាយការណ៍បញ្ជាក់ថា ការឃាត់នេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមានការរាយការណ៍ និងប្តឹងពីប្រជាពលរដ្ឋ។
របាយការណ៍ផ្សព្វផ្សាយនាព្រឹកថ្ងៃទី១៧ មីនា នេះបញ្ជាក់ថា សមត្ថកិច្ចបាននាំយករថយន្តទាំងនោះទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសហការជាមួយខាងសាធារណ:ដើម្បីធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឱ្យម្ចាស់រថយន្តយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់រថយន្តឱ្យវិញ៕