
ព្រះសីហនុៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី។
លោកលើកឡើងដូច្នេះ ក្នុងពិធីពិសាអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នាយប់ថ្ងៃទី១៧ ខែមីនា នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។
លោក សាយ សំអាល់ លើកឡើងថា មន្ត្រីរាជការគ្រប់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើឱ្យក្រសួងបរិស្ថានដំណើរការទៅបានយ៉ាងរលូន និងធ្វើឱ្យមានការផ្លាស់ប្តូរលើវិស័យបរិស្ថានផងដែរ ហើយថា៖ «ទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បងប្អូនមន្ត្រីរាជការដែលជាស្ត្រី»។
លោកបន្តថា ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថានមានមន្ត្រីជាស្ត្រីចាប់ពីថ្នាក់មន្ត្រីរហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក្រសួងក៏បានបណ្តុះអ្នកបន្តវេនជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យទៅសិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយផលិតភាពរបស់ក្រសួង។
លោក សាយ សំអាល់ លើកឡើងថា លើវិស័យកិច្ចគាំពារបរិស្ថាន មន្ត្រីរាជការជាស្ត្រីបានចូលរួមអនុវត្ត និងដឹកនាំគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះបណ្តាលជាដើម។
លោកបន្តថា៖ «ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យបរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយសង្គមជាតិតែម្តង»៕