
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៧ ខែមីនានេះ បានអញ្ជើញជាអធិបតីបើកសម័យប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ដោយផ្អែកលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សេចក្តីព្រាងនេះ សំដៅធានានូវស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃព្រះរាជាណាក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីប្រកាសបន្តថា៖«សន្ធិសញ្ញានេះ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ ៨៦% ដែល ប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្រាប់បើ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង ១៤% ទៀត»។
សេចក្តីប្រកាសបន្តថា ផ្អែកលើគោលការណ៍ទាំងឡាយដែលភាគីទាំងពីរយកជាមូលដ្ឋានក្នុងការកសាងព្រំដែននាពេលកន្លងមក ភាគីទាំងពីរបានជួបចរចាចំនួន ១៨៨លើក តាំងពីឆ្នាំ១៩៩៥-២០០៩ សម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនប្រមាណ ៨៦% ស្មើនឹង៤៦៥គ.ម. នៃខ្សែព្រំដែនរួមប្រវែងប្រមាណ ៥៤០គ.ម. ដោយបោះបង្គោលបានចំនួន ១២១បង្គោល នៅលើដីជាក់ស្តែង។
ចំពោះ កំណាត់ដែលនៅសល់ ភាគីទាំងពីរនឹងបន្តចរចាដោះស្រាយឱ្យបានឆាប់។
ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមានភាគីទាំងពីរនឹងត្រូវចុះវាស់វែងឡើងវិញនូវនិយាមការបង្គោលព្រំដែនទាំង១២១ ដែលបានបោះរួចហើយ ដើម្បីយកនិយាមការទីតាំងបង្គោលព្រំដែនដែលជាក់លាក់ជាងមុន ទុកបម្រើឱ្យការងារធ្វើពិធីសារខណ្ឌសីមា និងបោះបង្គោល។ បង្គោលព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ឡាវ ដែលបោះថ្មីជំនួសបង្គោលចាស់នឹងរឹងមាំជាងមុនធំជាងមុន។ ភាគីទាំងពីរនឹងបោះបង្គោលព្រំដែនបំពេញបន្ថែម បង្គោលតម្រុយព្រំដែនឱ្យបាន ច្រើនបន្ថែមទៀតនៅតំបន់ដែលឯកភាពគ្នា។
ប្រភពដដែលបន្តទៀតថា ភាគីទាំងពីរនឹងផលិតផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ដើម្បីភ្ជាប់ជាឧបសម្ព័ន្ធនៃពិធីសារខណ្ឌសីមាដែលនឹងត្រូវរៀបចំឡើងនៅពេលការងារខាងលើបានបញ្ចប់រួចរាល់ ហើយ ភាគីទាំងពីរកម្ពុជា-ឡាវ ក៏បានឯកភាពគ្នាចេញចំណាយពាក់កណ្ដាលម្នាក់សម្រាប់ការងារខាងលើ។ សេចក្តីព្រាងច្បាប់នេះមាន ៣ មាត្រា ហើយសន្ធិសញ្ញាដែលជាខ្លឹមសារភ្ជាប់ជាមួយមាន ៦ប្រការ និង ឧបសម្ព័ន្ធចំនួន៤ និងត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី។
ពាក់ព័ន្ធកិច្ចការព្រំដែននេះ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនលោកស្រី កុយ ពិសី ធ្លាប់ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង និងបានកំណត់គោលដៅរួចហើយបើសិនជាអាចធ្វើទៅបានគឺត្រូវតែខិតខំបញ្ចប់ឱ្យបានជាមួយព្រំដែនប្រទេសជិតខាងទាំងបីរួមមានវៀតណាម ឡាវ និងថៃ។ លោកស្រីថា៖«ពួកយើងគ្រាន់តែបោះបង្គោលមួយពេលខ្លះចំណាយពេល២ទៅ៣ឆ្នាំ ឬរហូតដល់ ៥ឆ្នាំក៏មានហើយពេលខ្លះមិនទាន់ចប់ផង នេះគឺជាសុឆន្ទៈដ៏មុះមុតរបស់មន្ត្រីព្រំដែនក៏ដូចជាថ្នាក់ដឹកនាំកំពូលគ្រប់កម្រិតជាពិសេសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារព្រំដែន»៕