ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា អង្គភាព​នេះ​បាន​បន្ត​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​ដោយ​ឆន្ទៈ​ប្តេជ្ញា​យ៉ាង​មោះ​មុត ចូលរួមចំណែក​លើ​អភិបាលកិច្ច​ល្អ ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ដ៏​ផុសផុល​។

លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ទិសដៅ​នៃ​ការពង្រឹង​យន្តការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន​ដល់​ខេត្ត​ចំនួន​ ៤ កាលពី​ថ្ងៃទី​១៧ ខែមីនា នា​ខេត្តសៀមរាប កន្លងមកនេះ​។​

សិក្ខាសាលា​ស្តីពី «​ទិសដៅ​នៃ​ការពង្រឹង​យន្តការ និង​គោលនយោបាយ​ព័ត៌មាន​»​ត្រូវបាន​រៀបចំ​ឡើងដល់ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រីរាជការ មកពី​ខេត្ត​ចំនួន៤ រួមមាន​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ ប្រមាណ​ជាង២០០​នាក់ រយៈពេល​២​ថ្ងៃ​។​

​លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា៖ «​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ត​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន ដោយ​ឆន្ទៈ​ប្តេជ្ញា​យ៉ាង​មោះ​មុត ចូលរួមចំណែក​លើ​អភិបាលកិច្ច​ល្អ ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ដ៏​ផុសផុល ក្រោម​ម​គ្គុ​ទេ្ទសក៍ភាព​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​បំផុត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​»​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​ចាត់ទុកថា សិក្ខាសាលា​ស្ដីពី «​ទិសដៅ​នៃ​ការពង្រឹង​យន្តការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន​» ដែលមាន​គោលការណ៍​ក្នុង​កិច្ចពង្រឹង​និង​រំលេច​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ នូវ​រាល់​អន្តរ​វិស័យ នៅ​ជុំវិញ​រដ្ឋបាលខេត្ត ដែល​បានផ្តល់​សេវាសាធារណៈ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយនឹង​កិត្យានុភាព ឧត្តមភាព​នៃ​ការដឹកនាំ​រាប់​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។

​ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុ​ភ័​ណ្ឌ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែមីនា ថា​ ក្រសួង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ដោយ​ក្រសួង​សង្ឃឹមថា តាមរយៈ​សិក្ខាសាលា​បែបនេះ បណ្ដា​ខេត្ត​ទាំង​៤ នឹង​ទទួលបាន​ឱកាស​ដ៏​ល្អ​សម្រាប់​ពង្រឹង និង​ពង្រីក​ចំណេះដឹង​បន្ថែម​ជូន​ដល់​មន្ត្រីរាជការ​របស់​ខ្លួន​នៅ​ថ្នាក់ក្រោម​ជាតិ ឱ្យ​យល់​អំពី​សារៈសំខាន់​នៃ​ព័ត៌មាន​ដែល​ត្រូវ​ផ្តល់ជូន​សាធារណជន ដើម្បី​ជាការ​ចូលរួមចំណែក​លើ​ក​កម្ពស់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។​

​លោក មាស សុ​ភ័​ណ្ឌ បាន​ថ្លែងថា​៖ «​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពង្រឹង និង​ពង្រីក​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ព័ត៌មាន​ដែល​ត្រូវ​ផ្តល់ជូន​សាធារណជន និង​ពង្រឹង​នូវ​កិច្ចសហការ​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែម រវាង​អ្នកនាំពាក្យ និង​មន្ត្រី​ព័ត៌មាន​រាជធានី​ខេត្ត ជាមួយ​មន្ទីរជំនាញ​នៅតាម​រាជធានី​ខេត្ត​ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន​»៕