
គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅខេត្តព្រះសីហនុ នាពេលកន្លងទៅ។ រូបថត នគរបាល
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សរហូតដល់ ១៧ នាក់បានស្លាប់ និង ២២ នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល ៣ ថ្ងៃចុងសប្តាហ៍នេះ។ នៅថ្ងៃទី ១៩ មីនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ របួសធ្ងន់ ២ នាក់ របួសស្រាល ៦ នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី ១៩ ខែមីនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបានបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១ នាក់នេះ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក។
ជាមួយគ្នានេះ កាលពីថ្ងៃទី ១៨ មីនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបណ្តាលឲ្យមនុស្សស្លាប់ ៥ នាក់ របួសធ្ងន់ ២ នាក់ របួសស្រាល ២ នាក់។ គ្រោះថ្នាក់ដែលបានបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩ នាក់ នៅថ្ងៃទី ១៨ មីនា គឺបានកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦ លើក។
ចំណែកកាលពីថ្ងៃទី ១៧ ខែមីនា មានមនុស្សយ៉ាងហោចណាស់រហូតដល់ ៩ នាក់បានស្លាប់ ៧ នាក់រងរបួសធ្ងន់ និង ៣ នាក់រងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩ នាក់កាលពីថ្ងៃទី ១៧ ខែមីនា គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១ លើកក្នុងនោះ មានមិនគោរពសិទ្ធិចំនួន ៥ លើក ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១ លើក និងបត់ក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន ៥ លើក។
ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំមួយនាពេលបច្ចុប្បន្ន ហើយមន្ត្រីជំនាញតែងតែរំឭកឱ្យពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕