បាត់ដំបងៈ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ប្រកាស​ស្វែងរក​អាណាព្យាបាល​ក្នុងប្រទេស ​ដើម្បី​ទទួល​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារកំព្រា​ចំនួន​ ៨​ នាក់​ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​ទារក និង​កុមារ​ជាតិ និង​មណ្ឌល​បុរី​ទី​១​នៅ​ខេត្តបាត់ដំបង​។​

​កុមារ​ទាំង ៨​ នាក់​នេះ ក្នុងនោះ​មាន​កុមារ​ពិការ​ចំនួន​ ៤ ​នាក់ និង​កុមារ​ស្ថានភាព​ធម្មតា​ចំនួន​៤​នាក់​។​នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣​និង​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​សប្ដាហ៍​នេះ​។​

​លោក តូច ចាន់នី អគ្គនាយក​សេវា​សង្គមកិច្ច និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹងថា ការប្រកាស​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​ស្មុំ​កូនចិញ្ចឹម​ក្នុងប្រទេស គឺ​វា​មិនមែនជា​ការប្រកាស​លើក​ទី​១​ឡើយ ពីព្រោះ​ក្រសួង​សង្គមកិច្ច​តែងតែ​ធ្វើ​ករណីនេះ​ជាប្រចាំ នៅពេលដែល​មានមុខ​សញ្ញា​ថា មាន​ក្មេង​ដែល​អាច​ស្មុំ​ចិញ្ចឹម​បាន ខាង​ក្រសួង​សង្គមកិច្ច​នឹងធ្វើ​ការជូន​ដំណឹង​ទៅដល់​សាធារណជន​។​

​លោក ថ្លែងបន្តថា បច្ចុប្បន្ននេះ​ក្រសួង​ជំនាញ​កំពុង​ពិនិត្យមើល​ទៅលើ​ឯកសារ​ទាំងអស់​ដែល​បានដាក់​ទៅ​ក្រសួង​ដើម្បី​ស្នើសុំ​ទទួល​ចិញ្ចឹម​កូន​ទាំងនោះ​។​

​លោក តូច ចាន់នី ថ្លែងថា​៖ «​នៅពេលដែល​យើង​មាន​ក្មេង​ជា​មុខសញ្ញា​ត្រូវ​ស្មុំ​ហ្នឹង គឺ​យើង​ជូនដំណឹង​ទៅ​សាធារណជន​ដើម្បីឱ្យ​គាត់​បានដឹងថា តើ​មាន​អ្នកណា​ដែលមាន​បំណង​ចង់​ស្មុំ​កូន​យកមក​ចិញ្ចឹម​ខ្លះ​?»​។​

​លោក​បន្តថា ៖«​មូល​ហេតុដែល​ក្រសួង​សង្គមកិច្ច​តែងតែ​ប្រកាស​ពី​ការ​ស្មុំ​កូនចិញ្ចឹម​នេះ ដោយសារ​តាម​ធម្មតា​ក្មេង នៅពេល​មិនមាន​សាច់ញាតិ​ទេ ខាង​ក្រសួង​តែងតែ​ប្រកា​សរក​អាណាព្យាបាល​ចិញ្ចឹម ឬ​ជា​ឱ​ពុក​ម្ដាយធម៌ ដើម្បី​យក​ក្មេងៗ​ទាំងនោះ ទៅ​មើលថែ និង​ចិញ្ចឹម​បីបាច់​។ ប៉ុន្តែ​ក្នុងករណី​ដែល​ក្រសួង​បានប្រកាស​រក​អស់​លទ្ធភាព​រួចហើយ មិនមាន​អ្នកណា​រក ឬ​ចង់បាន​ទៅ​ចិញ្ចឹម​ទេនោះ​ជម្រើស​ចុងក្រោយ​ខាង​ក្រសួង​នឹង​យក​ក្មេង​ទាំងនោះ​ទៅ​ដាក់​ក្នុង​មណ្ឌល​»​។​

​លោក តូច ចាន់នី​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២២ មាន​ក្មេង​ចំនួន​៥​នាក់ ត្រូវបាន​ស្មុំ​យកទៅ​ចិញ្ចឹម ហើយ​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ទើប​តែមាន​ក្មេង​ម្នាក់​ទេ​ដែល​ត្រូវបាន​ស្មុំ​យកទៅ​ចិញ្ចឹម​។​

​ក្រសួង​សង្គមកិច្ច​បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​ថា សម្រាប់​អ្នកមាន​សញ្ជាតិ​ខ្មែរ​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ចង់​ស្មុំ​កូនចិញ្ចឹម​ក្នុងប្រទេស ក៏ដូចជា​ចង់​ផ្សារភ្ជាប់​មនោសញ្ចេតនា ជា​គ្រួសារ​ចិញ្ចឹម ដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​កុមារកំព្រា​ណា​ម្នាក់ ឬ​ធ្វើជា​អ្នកអាណាព្យាបាល​ស្របច្បាប់ ក្នុងប្រទេស​ចំពោះ​កុមារកំព្រា​ទាំង​៨​នាក់​នេះ សូម​ទំនាក់ទំនង​ដាក់ពាក្យ ស្នើសុំ​មកនាយក​ដា្ឋ​ន កិច្ចការពារ​កុមារ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែលមាន​អាសយដ្ឋាន​អគារ​លេខ​៧៨៨ មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ឬ​សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​លេខ ០១៥ ៩៧៣ ៥៣៦៕