
សកម្មភាពសមត្ថកិច្ចជួយពន្លត់អគ្គិភ័យនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២០ មីនា ។ ហេង ជីវ័ន
ភ្នំពេញៈនៅត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះគ្រោះអគ្គិភ័យបានបណ្ដាលឱ្យមនុស្ស ៣៤ នាក់ស្លាប់និង ៧២ នាក់ទៀតរងរបួស។ តួលេខនេះ មានការកើនឡើងចន្លោះពី ៣ ទៅ ៤ ដង បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំមុន ដែលមានអ្នកស្លាប់តែ ១០ នាក់ និងអ្នករងរបួសចំនួន ១៧។ នេះបើតាមរបាយការណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគបាលជាតិនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
តាមរយៈតារាងទិន្នន័យនោះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះគ្រោះអគ្គិភ័យបានកើតឡើងចំនួន ១៩៥ លើក គឺមានការកើនឡើងចំនួន៩លើក បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ និងបានបង្កការខូចខាតសំណង់អគាររោងចក្រ សហគ្រាស សណ្ឋាគារកាស៊ីណូ និងខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៥១ និងតូបលក់ដូរចំនួន ៣៧។ចំពោះមូលហេតុគឺបង្កឡើងដោយករណីទុស្សេខ្សែភ្លើងចំនួន ៤០,២៥ ភាគរយ ភ្លើងចង្ក្រាន (ហ្គាស អុស ធ្យូង) ៣៩,៤៣ ភាគរយ និង ២០,៣២ ភាគរយទៀតគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលជំនាញ។
ប្រភពដដែលនោះក៏បានបង្ហាញផងដែរថា«រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប មានករណីគ្រោះអគ្គិភ័យកើតឡើងច្រើនជាងគេនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២៣នេះ ខណៈខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានអ្នកស្លាប់និងអ្នករងរបួសដោយសារគ្រោះអគ្គិភ័យច្រើនជាងគេ។ ចំណែកខេត្តកែប ជាខេត្តគំរូដែលគ្មានអគ្គិភ័យកើតឡើងទាល់តែសោះក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នានេះ»។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ គ្រោះអគ្គិភ័យក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៥ ខ្នង នៅតាមបណ្ដោយលូទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលពន្លត់អគ្គិភ័យ។
លោក គង់ ថូ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ថ្វីបើអគ្គិភ័យនោះ មិនបង្កឱ្យមានពលរដ្ឋណាម្នាក់ស្លាប់ឬរងរបួស ប៉ុន្តែ វាបានបង្កការខាតបង់ទ្រព្យសម្បត្តិជាច្រើនខណៈពលរដ្ឋនៅក្នុងសហគមន៍នោះជាគ្រួសារក្រីក្រ។
លោកបានបញ្ជាក់ថា៖«គ្រោះអគ្គិភ័យនៅតែជាបញ្ហាប្រឈមនិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខុមាលភាពមនុស្ស បរិស្ថាននិងសេដ្ឋកិច្ច ទាំងគ្រួសារ និងសង្គមជាតិទាំងមូល»។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបង្ការ ទប់ស្កាត់កុំឱ្យមានគ្រោះអគ្គិភ័យ កើតឡើងដោយត្រូវអនុវត្តជាប់ជាប្រចាំនូវគោលការណ៍សុវត្ថិភាពជាចម្បង គឺត្រូវពិនិត្យគ្រប់ឧបករណ៍ប្រើប្រាស់អគ្គិសនី ហ្គាសនិង អុសធ្យូង ឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវបិទ ឬពន្លត់ភ្លើងក្រោយពេលដាំស្លនិងមុនពេលចាកចេញពីផ្ទះ ហើយត្រូវមានបំពង់ពន្លត់អគ្គិភ័យចំនួន ១ យ៉ាងតិចក្នុង ១ ខ្នងផ្ទះ៕