
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករខ្មែរ និងចិន ដែលចូលរួមពិព័រណ៍ពាណិជ្ចកម្មនៅប្រទេសចិន។ រូបថត MoC
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើរកមធ្យោបាយរៀបចំឱ្យពាណិជ្ជករខ្មែរ ទៅចូលរួមពិព័រណ៍ពាណិជ្ចកម្មនៅប្រទេសចិន។
លោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រកាសថានឹងប្រមូលកៀរគរពាណិជ្ជករក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍នៅប្រទេសចិន ឱ្យបានច្រើនថែមទៀតក្នុងគោលបំណងផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមកនិងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត។លោកបញ្ជាក់បែបនេះនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិនលើកទី១៣៣នៅខែមីនា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ពិព័រណ៍ដូចគ្នានេះនឹងធ្វើឡើងនៅខេត្តក្វាងទុងប្រទេសចិនជាថ្មីទៀតនាចុងឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់ ក្នុងការផ្លាស់ប្តូរទំនិញ សេវាកម្ម គម្រោងវិនិយោគ និងទេសចរណ៍រវាងធុរជន និងវិនិយោគិនមកពីគ្រប់តំបន់ក្នុងពិភពលោក។ ពិព័រណ៍ប្រភេទនេះជាពិព័រណ៍ធំជាងគេនៅប្រទេសចិន ដែលប្រព្រឹត្តឡើងតាំងពីឆ្នាំ១៩៥៧ និងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងប្រទេសនានានៅទូទាំងពិភពលោក។
លោក អ៊ុក ទី បានថ្លែងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា រួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។
លោកបានបន្ថែមថា ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ។
លោកបានបញ្ជាក់ថា៖«ដើម្បីសម្រេចបានកំណើននេះ ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើសុំគណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ-នាំចូលចិនបន្តការជួបជុំគ្នា ដើម្បីប្រមូលកៀរគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍(នេះ)ឱ្យបានច្រើនថែមទៀត»។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នេះជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា តាមរយៈការធ្វើដំណើរឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម ប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានលើកឡើងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗ របស់ប្រទេសចិនចំនួនជិត ៥ ០០០ បានចូលរួមផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផលតាមអនឡាញពេញ ១ ឆ្នាំផងដែរ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្នុងរយៈពេល ២ ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង ១៧០០ លានដុល្លារ ថយចុះជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕