ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បាន​ទាម​ទារ​ឱ្យ​សារ​ព័ត៌​មាន​ខេ​ម​បូ​ចា (CamboJA News) កែតម្រូវ​​ខ្លឹម​សារ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ពី​ថ្ងៃទី​ ១៨​ ខែមីនា ឆ្នាំ​ ២០២៣ ដែ​ល​បាន​កាត់​ចោល​ចំណុច​សំខាន់​មួយ​ចំនួន​របស់​អ្នក​នាំពា​ក្យ​ក្រសួង​នេះ​ទាក់​ទង​នឹង​អត្ថបទ​មួយ​ស្តីពី​ការដក​អាជ្ញា​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ចំនួន​ ៣ ខណៈស្ថា​ប័ន​ខេ​ម​បូចាថា​នឹង​ពិនិត្យ​លើ​ការ​ស្នើ​នេះ​។​

​លោក មាស សោ​ភ័​ណ្ឌ អនុ​រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​តាម​រយៈ​សេចក្តី​ជូន​ព័ត៌​មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​នៅ​ថ្ងៃទី ​២០​ ខែមីនា ថា ​ក្នុងការ​ចុះ​ផ្សាយ​អត្ថ​បទ​ជា​ភាសា​អង់​គ្លេស​ដែល​មាន​ចំណង​ជើង​ថា «​ក្រសួង​ព័ត៌មាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចំនួន​ ៣ បន្ទាប់ពីបាន​រាយ​ការ​ណ៍​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្លែង​បន្លំ​ដីធ្លី» ដោយ​សារ​ព័ត៌មាន​នេះ​បាន​កាត់​ចោល​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​អ្នក​នាំពា​ក្យ​បាន​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ក្នុងការ​លុប​អាជ្ញា​ប័ណ្ណ​របស់​អង្គ​ភាព​សារ​ព័ត៌​មាន​ចំនួន​ ៣ ​នេះ​។​

​លោក ​មាស សុ​ភ័​ណ្ឌ បាន​បន្ថែម​ថា ការ​កាត់ចោ​ល​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ខ្លឹមសា​រ​នេះ គឺជា​ចេត​នា​បំភាន់​សាធារ​ណជ​ន​ឱ្យ​យល់​ខុស ឬ​យល់​ច្រ​ឡំម​កលើ​ក្រសួង​ព័ត៌មាន​ ពី​ការសម្រេច​ចិត្ត​លុប​អាជ្ញា​ប័ណ្ណ​របស់​អង្គភាព​សារព័​ត៌មា​ន​ទាំង​៣ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣​។

​លោក​បាន​សង្កត់​ធ្ងន់​ដែរ​ថា អ្នក​នាំពា​ក្យ​ក្រសួង​ព័ត៌មាន​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សារ​ព័ត៌​មាន​ខេ​ម​បូ​ចា​ដែល​តែង​តែ​អះ​អាង​ថា ជា​សា​រព័ត៌​មាន​ឯករាជ្យ ​មាន​វិជ្ជាជីវៈ និង​គោរព​ក្រម​សីល​ធ​ម៌​វិជ្ជាជីវៈ​សារ​ព័ត៌​មាន ប៉ុន្តែ​ការ​បំពេញ​តួនាទី​ភារ​កិច្ច​របស់​សារ​ព័ត៌​មាន​មួយ​នេះ គឺ​មិន​បាន​ត្រឹមត្រូវ​ដូច​ការអះ​អាង​របស់​ខ្លួន​​ឡើយ​។​

​លោក​បាន​បញ្ជាក់​ថា៖«​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ទាម​ទារ​ឱ្យ​សារ​ព័ត៌​មាន​ខេ​ម​បូ​ចា​ធ្វើការ​កែ​តម្រូវ​ខ្លឹមសារ​អត្ថ​បទដែល​ខ្លួន​បាន​ចុះផ្សា​យ​នេះ​ឡើង​វិញ​ជា​បន្ទាន់ ​ដោយ​ត្រូវ​ដក​ស្រង់​ឱ្យបាន​ត្រឹម​ត្រូវ​ និង​គ្រប់​ចំណុច​ដែល​បាន​បំភ្លឺ​បញ្ជាក់​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ពី​ការ​លុប​អា​ជ្ញា​ប័ណ្ណ​របស់​អង្គ​ភាព សារ​ព័ត៌​មាន​ទាំង​៣ នោះ​»​។​

​អ្នក​នាំ​ពាក្យ​រូប​នេះក៏​​ទាមទា​រ​ឱ្យ​សារ​ព័ត៌មាន​នេះត្រូវ​គោរព​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់និ​ង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត ដែល​មាន​ជា​ធរមាន ​ព្រម​ទាំង​គោរព​ឱ្យបាន​ហ្មត់​ចត់​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ក្នុង​ករណី​មិន​ព្រម​កែត​ម្រូវ​ក្រសួង​ព័ត៌​មាន​នឹង​មាន​វិធាន​ការ​ទៅ​តាម​សមត្ថ​កិច្ច​របស់​ខ្លួន​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​សារ​ព័ត៌មាន​ចំនួន​៣​ ដែល​ក្រសួង​ព័ត៌មាន​បាន​សម្រេច​ដក​អាជ្ញា​ប័ណ្ណ​ផ្សព្វ​ផ្សាយ កាលពី​ថ្ងៃទី​១៦ ​ខែមីនា រួម​មាន​៖គេហ​ទំព័រ ​រស្មី​កំពង់​ចាម​,​កាសែត​ដំណឹង​ក្នុង​ស្រុក និង​សមា​គម​អ្នក​សារ​ព័​ត៌មាន​កម្ពុជា​-​អាស៊ា​ន​។​

​លោក​ ឆន ចាន់​ស៊ី និពន្ធ​នាយក​សារព័ត៌​មាន​ខេ​ម​បូ​ចា បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ថា​ បន្ទាប់ពី​​ទទួល​បាន​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​ទាក់ទ​ង​នឹង​ការ​ចេញ​ផ្សាយ​អត្ថបទ​នេះ​រួច ខាង​ក្រុម​ការងារ​សា​រព័ត៌​មាន​របស់​លោក ​កំពុង​ពិនិត្យ​ផ្ទៀងផ្ទា​ត់​ពី​អធិប្បាយ ​(comment) ហើយ​និង​ការ​ចុះ​ផ្សាយ​នេះ​ថា​ តើ​មានការ​ខុស​ឆ្គងឬ​ការដ​កស្រង់​សម្ដី​របស់​អ្នក​នាំពា​ក្យ​នេះ​មិន​អស់​ឬ​យ៉ាង​ណា​​?​

​លោក​បាន​ប្រា​ប់ដូ​ច្នេះថា៖ «​យើង​កំពុង​តែធ្វើ​ការ​ពិនិត្យ​មើល ហើយនឹ​ង​ធ្វើការ​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ ប៉ុន្តែ​ជារួម​ ការ​ប្រើប្រា​ស់​comments ឬ​quotes គឺជា​ការស​ម្រេច​ចិត្តរ​បស់​អ្នក​សារព័​ត៌មា​ន​យើង​ដែល​គាត់​យល់​ថា ​ចំណុច​ណា​ដែល​គួរ​ដាក់ ចំ​ណុច​ណា​មិនគួរ​ដាក់​ដែល​​នេះ​ជា​សិទ្ធិសេ​រីភាព​របស់​អ្នក​សរ​សេរ​របស់​យើង​»​។​

​លោក​ ឆន ចាន់​ស៊ី បាន​បញ្ជាក់​ដែរ​ថា លោក​នឹងផ្ទៀ​ងផ្ទាត់ ​ពិនិត្យ​មើល​ឡើង​វិញ​ផង​ដែរ​ថា ​តើ​គាត់ (​អ្នក​សរ​សេរ​) ជ្រើស​រើស​ចំណុច​សំខាន់​ណា​មួយ​មក​ប្រើ​នោះ ​វា​យ៉ាង​ណាដែ​រ​។​

​លោក​ថា ៖ «​ជារួម​ក្រុម​ការ​ងារ​របស់​សារ​ព័ត៌មា​ន​យើង ​តែ​ងតែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​វិជ្ជាជីវៈ​ និង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​​»​។​

​ឆ្លៀត​ឱកាស​នោះ ​លោក ​មាស សុ​ភ័​ណ្ឌ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា កា​រស​ម្រេច​លុប​អាជ្ញា​ប័ណ្ណ​អង្គ​ភាព​សារ​ព័ត៌​មាន​ទាំង​៣​កន្លង​ទៅ ដោយ​សារ​តែ​អង្គភាព​ទាំង​នោះបា​នផ្ស​ព្វផ្សា​យ​ព័ត៌មាន​មិន​ពិត​ ខ្វះ​កា​រផ្ទៀង​ផ្ទាត់​ប្រភព​ព័ត៌មា​ន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ដែល​អង្គ​ភាព​សារ​ព័ត៌​មាន​របស់​ខ្លួន​បានផ្ស​ព្វផ្សា​យ​។​​លោក​បាន​បន្តថា អង្គ​ភាព​សារព័​ត៌មាន​ទាំង​៣​នោះ ​ក៏​មិនបាន​​កែតម្រូវ​ព័ត៌​មាន​ដែល​ខ្លួន​បាន​ផ្សព្វ​ផ្សាយ ខុស​ពី​ការ​ពិត​នោះ​ដែរ​៕