ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭក​ពី​ជីវិត​គ្រោះថ្នាក់​និង​ផុយស្រួយ​របស់លោក នៅពេល​ចូល​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​ក្រោយពី​របប​ខ្មែរក្រហម ហើយ​លោក​ថា នាពេលនោះ លោក​បាន​ដាក់ចេញ​នូវ​កញ្ចប់​កែទម្រង់​ ២​ ដើរ​ទន្ទឹមគ្នា​គឺ​កំណែ​​ទម្រង់​ខាង​នយោបាយ និង​កំណែទម្រង់​ខាង​សេដ្ឋកិច្ច​។​

​លោក​ ហ៊ុន សែន ​រំឭកថា កម្ពុជា​មិន​រង់ចាំ​ទាល់​តែមាន​សន្តិភាព​ពេញលេញ ទើប​ធ្វើការ​កែទម្រង់​នោះទេ​។ លោក​អាច​និយាយបានថា ការរស់រាន​របស់​ក​ម្ពុ​ជា រហូតមកដល់​ពេលនេះ គឺ​បានកើត​ចេញពី​ការកែទម្រង់​នោះឯង​។ លោក​អាច​និយាយបានថា ក្នុង​ជីវិត​របស់លោក គឺជា​ជីវិត​ប្រឈម​ជាមួយ​គ្រោះថ្នាក់​គ្រប់ពេល​មិនមែន​គ្រាន់តែ «​បញ្ហា​យក​ក្បាល​ខ្ញុំ​ទៅ​ដោះដូរ​ជាមួយនឹង​ការរស់រានមានជីវិត ចេញពី​របប​ខ្មែរក្រហម​នោះឡើយ ហើយក៏​មិនមែន​ការយក​ក្បាល​របស់ខ្ញុំ​ទៅ​ដោះដូរ​ជាមួយ​សន្តិ​ភាព ដែល​អ៊ុនតាក់​មិនអាច​សម្រេចបាន​នោះដែរ​»​។​

​លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤  (២០២៣-២០២៧) នា​ថ្ងៃទី​ ២០ ខែមីនា ដែលមាន​ការចូលរួម​ពី​មន្ត្រី​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​។ លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ក្បាល​របស់ខ្ញុំ​ក៏បាន​ដោះដូរ​ជាមួយនឹង​កំណែទម្រង់​ដែល​ត្រូវបានធ្វើ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​តំណែង​ជា​ផ្លូវ​ការជានា​យក​រដ្ឋមន្ត្រី​។ ពេលនោះ​ជីវិត​របស់ខ្ញុំ​ពិតជា​គ្រោះថ្នាក់ និង​ផុយ​ស្រួយ នៅត្រង់ថា នៅពេល​ចូល​គ្រប់គ្រង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី ខ្ញុំ​ដាក់ចេញ​នូវ​កញ្ចប់​កែ​ទម្រង់​ ២ ដើរ​ទន្ទឹម​ជាមួយគ្នា​។ ទី​១​ កំណែទម្រង់​ខាង​នយោបាយ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​កម្ពុជា​តាមរយៈ​នៃ​ការចរចា​។ ចំណុច​នេះ ក៏​ជា​ចំណុច​នៃ​គ្រោះ​​ថ្នាក់​សម្រាប់​ជីវិត​របស់ខ្ញុំ​។ ទី​២ គឺ​កំណែទម្រង់​ខាង​សេដ្ឋកិច្ច​នោះឯង​»​។​

​អំពី​កំណែទម្រង់​ខាង​នយោបាយ លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​កម្ពុជា​ដឹង​តែ​ពី​វ៉ៃ​គ្នា​ទេ ក៏ប៉ុន្តែ​គេ​មិនបាន​ដឹងថា​តើ​ដំណោះស្រាយ​នយោបាយ​របៀប​ណា​» ហើយ​លោក​អរគុណ​ចំពោះ​បារាំង​ដែលជា​អ្នកផ្តល់​ទីកន្លែង​ឱ្យ​លោក​បានធ្វើ​ការចរចា​ជាមួយនឹង​សម្ដេច​​ព្រះ​នរោត្តម​សីហនុ​នាពេលនោះ តាមរយៈ​នៃ​ជំនួប​លើក​ទី​ ១ និង​លើក​ទី ​២ ​គឺ​បាន​បង្កើត​នូវ​ឱកាស​សម្រាប់​ការសន្ទនា​ខាង​ន​យោ​បាយ​រហូតដល់​មាន ​«​កិច្ច​ព្រម​​ព្រៀង​ទីក្រុង​ប៉ារីស​» ក្នុង​ឆ្នាំ​ ១៩៩១ ​និង​ប្រតិបត្តិការ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា​តាមផ្លូវ​នយោបាយ​។

​លោក​បាន​បញ្ជាក់ថា កំណែ​​ទម្រង់​ខាង​សេដ្ឋកិច្ច គឺ​ចាប់ផ្តើម​ពី​កំណែទម្រង់​ដីធ្លី​ហើយ​វា​មិនមែនជា​បញ្ហា​ងាយស្រួល​ទេ​។ នៅក្នុង​របប​ប៉ុលពត​ដីធ្លី​ទាំងអស់​ត្រូវបាន​រឹបអូស​ដាក់​ជា​សម្បត្តិ​រដ្ឋ​។ «​ក្រោយ​របប​ប្រល័យពូជសាសន៍​ដួលរលំ យើងខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​អនុវត្ត​នូវ​កិច្ចការ​ទាំង​ឡាយ​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជា​ជន​សិន​។ ពេលនោះ គ្រួសារ​ខ្លះ ២០​ គ្រួសារ​មាន​គោ​ ១ ​នឹម​។ តើ​យើងខ្ញុំ​ត្រូវធ្វើ​របៀប​ម៉េច​ដើម្បី​រស់​។ អ្នក​ទាំងអស់គ្នា​បានឃើញ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ​គឺ​វា​ស្ទះ​ដោយ​ឡាន ក៏ប៉ុន្តែ​ទីក្រុង​ភ្នំពេញ​កាលពី ៤៤​ ឆ្នាំមុន​នៅពេលនេះ​គឺ​គ្មាន​មនុស្ស​នៅទេ​។ អ៊ីចឹង អ្វី​ដែលជា​កិច្ចការ​របស់​យើង​ត្រូវធ្វើ​ឯកជ​នូ​ប​នីយកម្ម​ជំរុញ​ការ​ងារ​នេះ​»​។

​លោក​ចោទ​សួរថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​យល់​អំពី​បញ្ហា​សេដ្ឋកិច្ច បើ​នៅ​ទីនោះ មនុស្ស​មួយចំនួន ដែល​ធ្លាប់​ទៅ​រៀន​នៅ​ភាគ​ខាងជើង​វៀតណាម ហើយ​ក្រោយ​សន្និសីទ​ហ្ស៊ឺ​ណែវ​ឆ្នាំ​ ១៩៥៤ ពួកគាត់​ត្រឡប់មកវិញ​ដោយ​នាំមក​គំនិត​ទាក់ទិន​នឹង​ការធ្វើ​សហករណ៍ ធ្វើ​រួម និង​ចែក​ផល​។​

​លោក​ថា លោក​អាច​និយាយបានថា មាន​កម្លាំង​សង្កត់​ ៣​ មកលើ​ជីវិត​របស់លោក​នៅក្នុង​ពេលនោះ​។ ទី​១ អ្វីដែល​ធ្វើឱ្យ​លោក​លំបាក​គឺ​ផ្ទៃក្នុង​ខ្លួនឯង​មិន​យល់ថា អ្វី​ទៅជា​កំណែទម្រង់​ន​យោ​បាយ អ្វី​ទៅជា​ការចរចា អ្វី​ទៅជា​សេដ្ឋកិច្ច​ឯកជន​។ «​បើ​នៅក្នុង​មនុស្ស​របស់​យើង​គឺ​និយាយ​តែ​ពី​រឿង​ច្បាំង និង​ជា​ផ្នែក​ន​យោ​បាយ ឯ​និយាយ​ពី​សេដ្ឋកិច្ច​ពួក​គេ​ស្អប់​នូវ​សេដ្ឋកិច្ច​ឯកជន​»​។​

​ចំណុច​នេះ ជា​ចំណុច​ដែល​លោក​ត្រូវ​ប្រឹង​ធ្វើ​ពី​មូលដ្ឋាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្នែក​កសិកម្ម​។ លោក ហ៊ុន សែន បញ្ជាក់ថា លោក​ឧស្សាហ៍​ចុះទៅ​ខេត្តតាកែវ​ដើម្បី​សិក្សា​អំពី​របៀប​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាជន ព្រោះ​នៅពេល​នោះ​ដី​ជា​ដី​របស់​រដ្ឋ​ទាំងអស់​មិនមាន​ការចែក​ឱ្យ​នរណា​នោះទេ​។ ដូច្នេះ ប្រជាជន​គ្មាន​ការ​នឹងនរ​ចិត្ត​នោះទេ​។ «​អ៊ីចឹង​ខ្ញុំ​ត្រូវយក​រឿង​ពី​មូលដ្ឋាន​មក​ដើម្បី​ជំរុញ​ឱ្យ​ថ្នាក់​លើ​ដោះស្រាយ​វិញ​។ ឯ​រឿង​នយោបាយ ខ្ញុំ​សូម​ជម្រាប ខ្ញុំ​ត្រូវ ប្ដូរ​រដ្ឋមន្ត្រី​ការពារជាតិ ប្ដូរ​រដ្ឋមន្ត្រី​ការបរទេស ព្រោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​រដ្ឋមន្ត្រីការបរទេស​ប្រឆាំងនឹង​ការចរចា​។ តើ​នាយក​​រដ្ឋមន្ត្រី​ធ្វើ​យ៉ាងម៉េច​? ដូច្នេះ​ខ្ញុំ​សុខចិត្ត​ត្រឡប់​ទៅធ្វើ​រដ្ឋមន្ត្រី​ការបរទេស​វិញ​ទន្ទឹមនឹង​ដូរ​យក​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ពី​ក្រសួង​សាធារណការ​មកកាន់​ក្រសួងការពារជាតិ​វិញ ដើម្បី​បម្រើ​ការចរចា​។ ដូច្នេះ​ផ្ទៃក្នុង​មិន​យល់ គឺជា​គ្រោះថ្នាក់​ធំ​ណាស់​។ រឿងនេះ​មិនមែនជា​រឿង​តូចតាច​ទេ​។ នេះ​ជា​កម្លាំង​សង្កត់​ទី ​១ សម្រាប់​ជីវិត​នយោបាយ​របស់ខ្ញុំ​»​។

​លោក​បន្តថា ឯ​ចំណុច​ទី ​២ គឺ​កងទ័ព​វៀតណាម​នៅ​កម្ពុជា​នាពេលនោះ​មិនតិចជាង​ ១០ ​ម៉ឺន​នាក់​ទេ​នៅក្នុង​ពេលដែល​លោក​ចាប់ផ្តើម​ធ្វើកំណែទម្រង់ ក្នុងពេលដែល​វៀតណាម​មិនទាន់​ធ្វើការ​កែទម្រង់​អ្វី​ទាំងអស់ នៅក្នុង​ប្រទេស​វៀតណាម​គឺ​ធ្វើ​សហករណ៍​។ «​ប៉ុន្តែ​ជា​ភ័ព្វសំណាង​របស់ខ្ញុំ នៅត្រង់ថា វៀត​ណា​ម​មក​កម្ពុជា​ត្រឹមតែ​ជួយ​ផ្តួលរំលំ​របប​ប៉ុលពត និង​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប៉ុលពត​ប៉ុន្តែ​វៀតណាម​បានផ្តល់​លទ្ធភាព​ឱ្យ​យើងខ្ញុំ​ដើម្បី​សម្រេច​នូវ​កិច្ច​ការទាក់ទង​នឹង​នយោបាយ​សេដ្ឋ​កិច្ច​សង្គម​»​។​

​ចំណុច​ទី​៣ លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ពេលនោះ​យើងខ្ញុំ​ទទួល​ទណ្ឌកម្ម ពី​ប្រទេស​នានា​។ មានតែ​សូ​វៀត និង​ក្រុម​ប្រទេស​សង្គមនិយម​នៅ​អឺរ៉ុប​ខាងកើត ដែល​ហៅថា កូ​មេកុង ​(Comecon)​ តែប៉ុណ្ណោះ​ដែល​ផ្តល់ជំនួយ​ឱ្យ​យើងខ្ញុំ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​ក្នុង​ចំណែក​ណាមួយ​ដែល​បានផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​»​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២០ ខែ​មីនា​ថា ការ​ឆ្ពោះទៅរក​ដំណើរ​ការស្វែងរក​ការចរចា​សន្តិភាព​នេះ​ក្នុងអំឡុង​ពេលនោះ​ច្បាស់​​ណាស់​ថា ជាការ​ប្រឈម​រវាង​អ្នក​​នយោបាយ​ខ្មែរ​ខាងក្នុង​ប្រទេស បរទេស វៀតណាម និង​អ្នក​នយោបាយ​ខាងក្រៅ​ស្រុក​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​សម្តេច កាលណោះ​ជា​សម​មិត្ត​ហ៊ុន សែន ប្រឈម​នៅក្នុង​នយោបាយ​កែ​​ទម្រង់​នយោបាយ​ដែល​ឆ្ពោះទៅរក​ការចរចា​ស្វែងរក​សន្តិភាព​គឺ​អ្នក​ខាងក្នុង​ខ្លួនឯង ដោយ​មិន​យល់​ពី​កិច្ចការ​នេះ​រួម​នឹង​ទស្សនៈ​នយោបាយ​វៀតណាម​មកលើ​សម​មិត្ត​ហ៊ុន សែន ផងដែរ​។ នេះ​ជា​អ្វីដែល​ប្រឈម​ពិតប្រាកដ​នា​ដំណាក់កាល​នោះដែរ​»​។​

​លោក យង់ ពៅ បន្តថា រីឯ​សេដ្ឋកិច្ច​ក៏​ដូចគ្នា គឺ​ដោយសារតែ​ពេលវេលា​នោះ​ជា​ពេលវេលា​នៃ​សង្គ្រាមត្រជាក់​ដែល​កំពុងតែ​រួមរឹត​ពិភពលោក មិនមែន​ត្រឹម​តែ​កម្ពុជា​ទេ​។ ម្យ៉ាង កម្ពុជា​ដែល​ទើបតែនឹង​រួចផុត​ពីរ​បប​ខ្មែរ​ក្រហម គឺ​អ្វីៗ​នៅ​ទន់ខ្សោយ​នៅឡើយ​។ កាលណោះ​គឺជា​របប​សេដ្ឋកិច្ច​ផែនការ មិនមែនជា​ទីផ្សារសេរី​នោះទេ​។ ដូច្នេះ​កំណែទម្រង់​ពេលនោះ​គឺ​លោក ហ៊ុនសែន បានដាក់​ចេញ​ឱ្យមាន​កំណែទម្រង់​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជា​បណ្ដើរៗ​ទៅដល់​ប្រជាជន​កម្ពុជា នៅពេលនោះ​៕​