
លោក លី ធុជ និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ រូបថត CMAA
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងអរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌ផងដែរ ដែលការចូលរួមបានជួយសង្គ្រោះអាយុជីវិតមនុស្សផង និងកាត់បន្ថយភាពក្រីក្រផង។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ បានថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
លោក លី ធុជ បានឱ្យដឹងថា ទាក់ទងនឹងការចូលរួមលើសកម្មភាពមីន សាធារណរដ្ឋកូរ៉េ បានចូលរួមវិភាគទានចំនួន ១០ លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២១-២០២៥ គាំទ្រដល់ការងារបោសសម្អាតមីនក្នុងខេត្តចំនួន ៣ ផងដែរ ដែលមានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
លោកបានថ្លែងថា៖ «ការចូលរួមនេះមិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរឡើង»។
លោក លី ធុជ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលប្រចាំឆ្នាំ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសនិងប្រជាជនទាំង ២ ចាប់តាំងពីឆ្នាំ ១៩៩៧ និងអរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យជាច្រើន ក្នុងនោះរួមទាំងការចូលរួមការងារសកម្មភាពមីនមនុស្សធម៌ ផងដែរ។
លោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានថ្លែង ដោយបានសម្តែងនូវភាពសប្បាយរីករាយដែលបានធ្វើការ និងសហការជាមួយអាជ្ញាធរមីន ក្នុងការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌។
លោកថ្លែងថា៖ «ស្ថានទូតកូរ៉េបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីន ដោយទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់»។
លោក លី ធុជ បានថ្លែងថា ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមានដោយសារគ្រាប់មីន។ ក្រៅពីការងារបោសសម្អាតមីន សាធារណរដ្ឋកូរ៉េ បានចូលរួមដល់កិច្ចសង្គ្រោះជនពិការដោយសារមីន និងការអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
សូមបញ្ជាក់ដែរថា «គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល» បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ ២០០៦ ដោយបានរំដោះផ្ទៃដីមានមីនសរុបចំនួនជាង ៣២២ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅជនបទជាង ១ លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ហើយ គឺចាប់ពីឆ្នាំ ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។
ការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េចំពោះ (CfRIV) គម្រោងសកម្មភាពមីនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស គ្រោងនឹងបង្កើនការបោសសម្អាត ការអប់រំពីហានិភ័យមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះក្នុងខេត្តទាំង ៣ ចាប់តាំងពីឆ្នាំ ២០២១៕