ភ្នំពេញៈ ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បានបង្ហាញ​ការប្តេជ្ញា​រួម​​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ឧក្រិដ្ឋកម្ម​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យ​ប្រសើរឡើង​ថែមទៀត​។ នេះ​បើតាម​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ស ខេង និង​លោក​ល័យ ឡា​ខាំ​ហ្វង រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​កាល​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​ ២០២៣ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ​។​

​បើតាម​ក្រសួងមហាផ្ទៃ លោក ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និ​ត​ឡាវ​បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​រវាង​ក្រសួង​ទាំង​ ២ និង​លើកឡើង​អំពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២២ រវាង​ក្រសួង​ទាំង​ ២ ក្នុងនោះ​រាប់ទាំង​ខេត្ត​ជាប់​ព្រំដែន​។​

​ជាមួយគ្នានេះ​លោក ស ខេង ក៏បាន​លើកឡើង​ដែរ​ថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ ២ ក៏បាន​ចុះ​ហត្ថ​លេ​ខា​រួមគ្នា​លើ​ឯកសារ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រចាំឆ្នាំ ​២០២៣ ​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ផងដែរ​។​

​តាមរយៈ​កិច្ចប្រជុំ និង​ការ​ចុះហត្ថលេខា​រួមគ្នា​លើ​ឯក​សារ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រចាំឆ្នាំ​ ២០២៣ ​នេះដែរ លោក ស ខេង ក៏បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​រវាង​ក្រសួង​ទាំង ​២ និង​មាន​ក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈ​បទពិសោធន៍ នៃ​កិច្ចសហប្រតិបត្តិការ និង​ការជួប​​ប្រជុំគ្នា​ជា​ទៀងទាត់​ដូច​ពេល​នេះ​ភាគី​ទាំង​ ២ ក៏បាន​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​ឱ្យបាន​កាន់តែ​ប្រសើរ​ការរួម​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​​ដែន ឧក្រិដ្ឋកម្ម​អន្តរជាតិ ព្រម​​ទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាម​តំបន់​ព្រំដែន និង​ការងារ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​បើតាម​ក្រសួងមហាផ្ទៃ ទស្សន​កិច្ចការងារ​របស់លោក​ស ខេង និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នៅ​ប្រទេស​ឡាវ គឺ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ខែ​មីនា តប​តាម​ការអញ្ជើញ​របស់ លោក វិ​ល័យ ឡា​ខាំ​ហ្វង ឧ​ប​​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​​ឡាវ ។

​ក្រសួង​បន្តថា ទស្សន​កិច្ច​នេះ ជាការ​បន្ត​អនុវត្ត​យន្ត​ការ​សហប្រតិបត្តិការ​ទ្វេភាគី ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​ជា​មួយ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​ឡាវ ដោយ​លោក ស ខេង អញ្ជើញ​ធ្វើជា​សហ​ប្រ​ធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ វាយ​តម្លៃ​លទ្ធផល​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​ ២០២២ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្ដីពី​កិច្ច​សហ​​ប្រតិបត្តិការ​ឆ្នាំ​ ២០២៣ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ក្រសួង​ទាំង​ ២​។​

​សូម​រំឭក​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​-​ឡាវ​នេះដែរ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​កម្ពុជា​-​ឡាវ នា​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​កាលពី​ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ​បាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន លើ​គ្រប់​វិស័យ​រួមមាន ន​យោ​បាយ សន្តិសុខ ការពារជាតិ​កិច្ចការ​ព្រំដែន និង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សេដ្ឋ​កិច្ច​សង្គម ពាណិជ្ជកម្ម កា​រវិ​និ​​យោគ ការតភ្ជាប់​ផ្លូវអាកាស ទេសចរណ៍ ថាមពល និង​ការ​អប់រំ​។​ល​។ សំដៅ​ពូន​ជ្រំ​ថែមទៀត នូវ​ទំនាក់​ទំនងជា​មិត្តភាព និង​ភាតរភាព​រវាង​កម្ពុជា​-​ឡាវ​។

​មេដឹកនាំ​ទាំង ​២ ក៏បាន​កត់​សម្គាល់​ដោយ​ការពេញចិត្ត​ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ពី ១៦០​ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២១ ដល់ ​២១០ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០២២ ខណៈ​ថ្នាក់ដឹកនាំ​ទាំង​ ២​ គូសបញ្ជាក់ថា រាល់​ទំនាក់​ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំង​ ២ នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ថ្លែងថា ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​កម្ពុជា​-​ឡាវ និង​ក្របខ័ណ្ឌ CVL Cambodia-Vietnam-Laos) នៃ​ប្រទេស​អតីត​ឥណ្ឌូចិន តែង​ផ្តោតលើ​កិច្ចការ​តាម​បណ្តោយ​ព្រំដែន​ជាសំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​ក្នុង​តំបន់ត្រីកោណ ដែលមាន​សក្តានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍ ខណៈ​ពី​អតីត​កាល​ធ្លាប់មាន​ទំនាស់​រវាង​ប្រ​ទេស​ជាប់​ព្រំដែន​ទាំង​ ៣ កម្ពុជា វៀតណាម និង​ឡាវ​។​

​លោក​ សេង វណ្ណ​លី គូសបញ្ជាក់ថា មិន​ថា​កម្ពុជា និង​ឡាវ​ទេ បូករួម​ទាំង​វៀតណាម​កំពុង​ចរចា និង​រួម​កិច្ច​សហប្រតិបត្តិ​ការដោះស្រាយ​បញ្ហា​តាម​បន្ទាត់​ព្រំដែន​ឱ្យមាន​ស្ថិរភាព និង​ជា​ព្រំដែន​សន្តិភាព ដើម្បី​សមស្រប​នឹង​គម្រោង​វិនិយោគ​របស់​ចិន​នៃ​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ ​(BRI) ដែល​គេ​ឃើញ​មានការ​ធ្វើ​ទស្សនកិច្ច​ជា​ញឹកញាប់​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ៣​ ទៅ​វិញ​ទៅមក​។

​លោក វណ្ណ​លី លើកឡើងថា​៖ «​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩ រដ្ឋាភិបាល​ចិន កំពុង​ពង្រឹង​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ​ (BRI) នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ដែលមាន​ប្រ​ទេស​ក្របខ័ណ្ឌ CVL ដែលមាន​ត្រីភាគី កម្ពុជា​-​វៀតណាម​-​កម្ពុជា នេះហើយ​ជា​ចំណុច​សំខាន់​»​។​

​លោក​ថា ៖ «​ប្រទេស​ទាំង​ ២ ​ព្យាយាម​សម្របសម្រួល​ដោះ​ស្រាយ​បញ្ហា​បន្ទាត់​ព្រំដែន​តាំង​​ពី​យូរណាស់​មកហើយ តែ​ត្រូវ​ខកខាន​ដោយសារ​វិបត្តិ​កូ​វីដ​ ១៩ ហើយ​សព្វថ្ងៃ​ប្រទេស​រៀងៗ​ខ្លួន ព្យាយាម​ដោះស្រាយ​ឡើងវិញ​»​។

កិច្ចខិតខំ​ប្រឹងប្រែងរ​បស់រ​ដ្ឋា​​ភិ​បាល​កម្ពុជា និង​ឡាវ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅ​មក​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ មាន​គោលដៅ​រក​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ការវិនិយោគ​ក្នុងស្រុក​ជាពិសេស​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ (BRI) ​របស់​ចិន​៕​