
ការធ្វើសមយុទ្ធនាគមាសរវាងកម្ពុជា-ចិន កាលពីឆ្នាំ២០២០។ រូបថត Royal Cambodian Armed Forces
ភ្នំពេញៈ ខណៈសមយុទ្ធយោធារួមនាគមាសឆ្នាំ ២០២៣ រវាងកម្ពុជា និងចិន នឹងចាប់ផ្តើមឡើង អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា សមយុទ្ធរួមគ្នានេះ មិនមែនធ្វើឡើងក្នុងគោលដៅគំរាមកំហែងសន្តិសុខប្រទេសណាមួយឡើយ ពោលគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ផ្នែកការពារជាតិរវាងកងទ័ពទាំង ២ ប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងសមយុទ្ធនាគមាស២០២៣ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានលើកឡើងថា សមយុទ្ធយោធារួមរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២៣ នេះ គឺធ្វើឡើងតាមការគ្រោងទុកជាយូរមកហើយ មិនមែនជាការចៃដន្យឡើយ ពោលគឺតាមការព្រមព្រៀងរវាងភាគីទាំង២តាំងពីឆ្នាំ២០១៥មកម្លេ៉ះ ។
លោក ថោង សូលីម៉ូ បញ្ជាក់ថា កងទ័ពកម្ពុជាជាង៥០០នាក់ និងកងទ័ពចិនជាង២០០នាក់ នឹងធ្វើសមយុទ្ធរួមគ្នា ហៅថា សមយុទ្ធនាគមាស២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំង២កម្ពុជា-ចិន»ដែលនឹងចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោក ថោង សូលីម៉ូ ក៏បានច្រានចោលការលើកឡើងដែលថា សមយុទ្ធរួមគ្នារវាងកម្ពុជានិងចិនធ្វើឡើងក្រោមស្ថានភាពភូមិសាស្ត្រនយោបាយតានតឹងពីការប្រកួតប្រជែងឥទ្ធិពលចិននិងសហរដ្ឋអាមេរិក ជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈសមយុទ្ធជាគម្រោងតាមផែនការតាំងពីឆ្នាំ២០១៥។
លោកថា៖«កម្ពុជាបើកទទួលស្វាគមន៍រាល់ប្រទេសទាំងអស់ក្នុងការធ្វើសមយុទ្ធយោធា មិនចំពោះចិន ឬប្រទេសណាមួយឡើយ»។
លោកបានគូសបញ្ជាក់បន្ថែមថា៖«កន្លងមកនិងបច្ចុប្បន្ន ការធ្វើសមយុទ្ធយោធារបស់កម្ពុជាគឺមិនសំដៅតែនៅលើប្រទេសណាមួយឡើយគឺកម្ពុជាមានការស្វាគមន៍រាល់បណ្តាប្រទេសទាំងអស់ដែលមានបំណងធ្វើសមយុទ្ធជាមួយកម្ពុជា»។
អ្នកនាំពាក្យរូបនេះបានបន្តថា ប៉ុន្តែអ្វីជាការសំណូមពររបស់កម្ពុជា គឺសាមីប្រទេសដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាត្រូវតែធ្វើសំណើមករដ្ឋាភិបាលកម្ពុជាហើយរាល់ប្រធានបទដែលលើកមកត្រូវសមស្របនឹងគោលនយោបាយរដ្ឋាភិបាលកម្ពុជា ច្បាប់អន្តរជាតិ និងមិនមានការគំរាមកំហែង ឬប្រឆាំងដល់ប្រទេសទី៣។
លោកបន្ថែមទៀតថា សមយុទ្ធនោះត្រូវតែបម្រើឱ្យផលប្រយោជន៍ភាគីកម្ពុជា, ទីតាំងដែលត្រូវធ្វើសមយុទ្ធគឺភាគីកម្ពុជាជាអ្នកកំណត់ និងសំណូមពរចុងក្រោយ គឺរាល់ការចំណាយសម្រាប់សមយុទ្ធ ត្រូវរ៉ាប់រងដោយភាគីដែលស្នើធ្វើសមយុទ្ធនោះ។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមកម្ពុជា-ចិន ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមួយភាគីកម្ពុជាមានកម្លាំងចូលរួមចំនូន៥៨៣នាក់ ព្រមទាំងឧបករណ៍រាវមីន ការបំផ្ទុះគ្រាប់មីន និងការបន្សាបជាតិគីមីជាដើម។
ចំណែកភាគីចិនមានកម្លាំងចូលរួម២៥៧នាក់ រថយន្ត៤៣គ្រឿង អាវុធថ្មើរជើង សម្ភារស៊ើបការណ៍ គ្រឿងបោសសម្អាតជាតិផ្ទុះ និងឧបករណ៍បន្សាបជាតិគីមី រួមនឹងសម្ភារសុខាភិបាល។
សមយុទ្ធនាគមាស២០២៣ នេះមានប្រធានបទជាច្រើន ប៉ុន្តែផ្តោតសំខាន់លើបញ្ហា២ចំណុចធំៗ គឺការរ៉ាវរកនិងដោះមីន និងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលមិនបានដឹងពីមូលហេតុ ហើយមិនមែនការបាញ់អាវុធធុនធ្ងន់ដូចបណ្តាឆ្នាំសមយុទ្ធកន្លងទៅនោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ថោង សូលីម៉ូ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សមយុទ្ធរួមគ្នារវាងកម្ពុជានិងចិនស្ថិតនៅក្នុងកាលវិភាគដែលភាគីទាំង២បានកំណត់ មិនមែនជាសមយុទ្ធក្នុងន័យគំរាមកំហែង ឬបង្ហាញសាច់ដុំដល់បណ្តាប្រទេសណាមួយឡើយ បើមើលតាមពិធីការនិងលក្ខណៈសមយុទ្ធ ហើយមួយវិញទៀតវាជាចំណងកិច្ចសហការរវាងកម្ពុជានិងចិន ជាពិសេសលើវិស័យការពារជាតិ។
លោកបានថ្លែងថា៖ «សមយុទ្ធនេះជួយដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,កិច្ចសហការរវាងកងទ័ពនិងកងទ័ពប្រទេសទាំង២ ហើយវាផ្តល់អត្ថប្រយោជន៍លើការហាត់សម ជួយសង្គ្រោះ គ្រប់គ្រងហានិភ័យក្នុងវិស័យកងទ័ពហ្នឹង ព្រមទាំងដើម្បីបង្កើនសមត្ថភាពកងទ័ពផង»។
លោកបន្ថែមថា រដ្ឋាភិបាលគួរបកស្រាយត្រង់ចំណុចនេះឱ្យច្បាស់ជាមួយបប្រទេសលោកខាងលិច និងអន្តរជាតិ ពាក់ព័ន្ធសមយុទ្ធយោធាតាមការគ្រោងទុកដែលមិនពាក់ព័ន្ធនឹងកម្តៅភូមិសាស្ត្រនយោបាយអន្តរជាតិ ជាពិសេសជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន ចៀសវាងមានការផ្តល់រូបភាពអវិជ្ជមាននិងភាពទោមនស្សដល់លោកខាងលិច។
សម្រាប់លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិក៏បានលើកឡើងដែរថា សមយុទ្ធយោធានេះមិនមែនជាលើកទី១ ទេ តែភាគីទាំង២ធ្លាប់ធ្វើរួមគ្នាជាញឹកញាប់ តែត្រូវខកខានមួយរយៈ ហើយក្នុងឆ្នាំ២០២៣ នេះទំនងជាដើម្បីបង្កើនសមត្ថភាពយោធា និងចំណងកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំង២។
លោកថា៖«សមយុទ្ធយោធារវាងកម្ពុជា និងចិនលើកនេះ ខ្ញុំយល់ថា ទំនងជាមិនអាចគេចផុតពីការរិះគន់ពីមជ្ឈដ្ឋានលោកខាងលិចឡើយ ដោយសារកន្លងមកឱ្យតែមានកិច្ចសហប្រតិបត្តិការមិនថា សេដ្ឋកិច្ច យោធា ឬផ្នែកណាឡើយ រវាងកម្ពុជានិងចិន តែងទទួលរងការរិះគន់ពីលោកខាងលិចថា កម្ពុជាមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនឹងចិនឬអាចជាកូនអុកចិនខណៈកំពុងមានការរិះគន់ថា កម្ពុជាផ្តល់មូលដ្ឋានទ័ពយោធាដល់ចិនផងនោះ»។
លោកបន្ថែមថា ដើម្បីចៀសវាងការរិះគន់ជុំវិញទំនាក់ទំនងស្អិតល្មួតខ្លាំងជាមួយចិន ក្រៅពីការបកស្រាយនិងពន្យល់ កម្ពុជាត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយបណ្តាប្រទេសនានា ជាពិសេសការជំរុញការធ្វើសមយុទ្ធយោធាជាមួយប្រទេសផ្សេងៗក្រៅពីចិន។
រីឯអ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងជាអ្នកជំនាញការទូតសន្តិសុខ លោក ថុង ម៉េងដាវិត បានថ្លែងដែរថា កិច្ចសហប្រតិបត្តិយោធាកម្ពុជា និងចិនគឺជាផ្នែកមួយនៃការអនុវត្តគោលការណ៍អភិវឌ្ឍន៍សមត្ថភាពយោធាកម្ពុជានិងពង្រឹងទំនាក់ទំនងយោធាទាំង២។
លោកថាសមយុទ្ធយោធារវាងកម្ពុជានិងចិនគឺសំដៅលើការពង្រឹងសមត្ថភាពយោធាទាំង២ក្នុងកិច្ចការថែរក្សាសន្តិសុខជាតិ ជំនួយមនុស្សធម៌និងអន្តរាគមន៍ ការសង្គ្រោះនៅពេលមានគ្រោះធម្មជាតិ និងអភិវឌ្ឍសមត្ថភាពកងទ័ពក្នុងការប្រើប្រាស់សព្វាវុធផងដែរ។ សមយុទ្ធយោធាកម្ពុជានិងចិនគឺស្ថិតនៅក្នុងរូបភាពមនុស្សធម៌ និងមិនមាននិន្នាការប្រឆាំងនឹងបរទេសណាមួយឡើយ។
លោកថុង ម៉េងដាវិត បានថ្លែងថា៖«កម្ពុជាក៏មានបំណងចង់ធ្វើឱ្យមានសមយុទ្ធយោធាជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញផងដែរហើយកម្ពុជាក៏ជាប្រទេសទទួលជំនួយយោធាពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរក្នុងកម្រិតបច្ចេកទេស ជំនួយហិរញ្ញវត្ថុ ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា និងសព្វាវុធផងដែរ»។
លោកបានបន្តថា ជំនួយយោធាពីបរទេសទាំងនោះ គឺដើម្បីបម្រើប្រយោជន៍សន្តិសុខជាតិ និងពង្រឹងសមត្ថភាពយោធាក្នុងកិច្ចការងារមនុស្សធម៌ និងបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រ UN។
គួររំឭកថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន៤លើករួចមកហើយ ពោលគឺលើកទី១ ក្នុងឆ្នាំ២០១៦ លើកទី២ ក្នុងឆ្នាំ២០១៨, លើកទី៣ ក្នុងឆ្នាំ ២០១៩ និងលើកទី៤ក្នុងឆ្នាំ២០២០។
ភាគីទាំង២បានផ្អាកចំនួន៣លើក គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។រីឯឆ្នាំ២០២១និងឆ្នាំ២០២២ ប្រទេសទាំង២ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយទើបតែឆ្នាំ២០២៣ នេះជាសមយុទ្ធរួមគ្នាលើកទី៥ដែលត្រូវចាប់ផ្តើមឡើងវិញ៕