ភ្នំពេញៈ នា​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២៣ មូលនិធិ​ជាតិ​​ជំនួយ​សង្គម បានទទួល​នូវ​អំណោយ​សម្ភារការិយាល័យ​ជិត ៦០ មុខ ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ និង​អូស្ត្រាលី តាមរយៈ​អង្គការ​ GIZ ​ដើម្បី​គាំទ្រ​ការងារ​មូលនិធិ​នេះឱ្យ​ផ្ដល់​សេវា​ជំនួយ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ ការប្រគល់​-​ទទួល​នេះ ត្រូវបាន​ធ្វើឡើង​នៅ​អគារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម ក្រោម​អធិបតី​លោកស្រី ញ៉េប សុភាព រដ្ឋលេខា​ធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

​បើតាម​លោក ឈួ​រ សុ​បញ្ញា អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែមីនា ថា អំណោយ​ដែល​រាជរដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ និង​អូស្ត្រាលី បានផ្ដល់​ជូន​មក​ឱ្យ​មូលនិធិ​ជាតិ​ជំនួយ​សង្គម សុទ្ធតែជា​សម្ភារ​ការិយាល័យ​ទាំងអស់​។​

​លោក​ថា សម្ភារ​សរុប​ចំនួន​ជិត ៦០ មុខ​នោះ​រួមមាន​៖ កុំព្យូទ័រ​យួរដៃ​ចំនួន​២៧​គ្រឿង​,​ម៉ាស៊ីន​ព្រី​ន​ចំនួន​១២​គ្រឿង​, ម៉ាស៊ីនថតចម្លង​ចំនួន​៦​គ្រឿង​, ឧបករណ៍​សម្រាប់​សន្និសីទ​ឬ​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​១​ឈុត​, ទូរទស្សន៍​ចំនួន​៦, កាមេរ៉ា​និង​គ្រឿងបន្លាស់​នានា​ចំនួន​១​ឈុត រួមទាំង តុ កៅអី​ការិយាល័យ​ជាដើម​។​

​លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែងថា ៖ «​ជំនួយសម្ភារទាំងនោះ​សរុប​ជា​ថវិកា​ប្រមាណ ៧​ម៉ឺន​ដុល្លារ ក្នុងការ​ផ្ដល់ជូន​មូលនិធិ​ជាតិ​ជំនួយ​សង្គម សម្រាប់​ដំណើរ​ការងារ​ប្រចាំ​ថ្ងៃជា​ផ្លូវការ ក្នុងការ​ពង្រឹង​ស្ថាប័ន ជំនួយ​សង្គម​»​។​

​លោក​បន្តថា ការផ្តល់​ជំនួយសម្ភារទាំងអស់​នេះដែរ គឺ​ផ្អែកលើ​ទៅលើ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់​(GIZ) ជាមួយនឹង​មូលនិធិ​ជាតិ​ជំនួយ​សង្គម​។​

លោក ឈួ​រ សុ​បញ្ញា លើកឡើងថា​៖ «​ចំពោះ​សម្ភារទាំងអស់​ហ្នឹង វា​បានរួម​ចំណែក​ក្នុង​ដំណើរការ​អនុវត្ត​ការងារ និង​គាំទ្រ​ការងារ​ប្រចាំថ្ងៃ​របស់​មូលនិធិ​ជាតិ​ជំនួយ​សង្គម​។ មួយវិញទៀត វា​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​សហព័ន្ធ​សហព័ន្ធ​អាល្លឺម៉ង់ និង​រាជរដ្ឋាភិបាល​អូស្ត្រាលី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងកា​ផ្ដល់​សេវា​ជំនួយ​សង្គម​តាមបែប​ឌី​ជី​ថល​»​។​

​ជំនួយ​សម្ភារ​នេះ​ផងដែរ​អង្គការ​GIZ ក៏​នឹង​ផ្តល់​ការអភិវឌ្ឍ​សមត្ថភាព​ដល់​មន្ត្រី​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដូចជា​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទៅលើ​ទ្រឹស្តី​និង​រួមទាំង​បច្ចេកទេស ហើយ​ជាពិសេស​គឺ​ផ្ដល់​អ្នកជំនាញ ក្នុងការ​មក​បង្ហាត់បង្រៀន​មន្ត្រី​នៅ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខណៈពេល​កំ​ពុង​អនុវត្ត​ការងារ​ជាក់ស្ដែង​៕