
លោកលី ធុជ អនុប្រធានទី១ អាជ្ញាធរមីន(ឆ្វេង) និងលោកអ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងពិធីប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ រូបថត CMAA
តាកែវៈ កម្ពុជាមានពេលប្រមាណ ៣ ឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីសម្រេចគោលដៅចុងក្រោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ ២០២៥ ហើយការគំរាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀតនឹងត្រូវកាត់បន្ថយដល់កម្រិតអប្បបរមា។ នេះបើតាមអនុប្រធានទី១អាជ្ញាធរមីន។
លោកទេសរដ្ឋមន្រ្តីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ដែលគាំទ្រពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាថ្ងៃទី២១ ខែមីនា ថ្លែងថា ដើម្បីកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ ទាំងអស់គ្នា ត្រូវបន្តប្តេជ្ញាចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការបង្កើតនូវប្រវត្តិសាស្រ្តថ្មី មួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
លោកបន្ថែមថា ថ្ងៃប្រកាសខេត្តតាកែវអស់មីន គឺជាថ្ងៃប្រវត្តិសាស្រ្ត សម្រាប់សកម្មភាពមីននៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល បានទទួលនូវសេរីភាព រួចចាកផុតពីការគំរាមកំហែងដោយសារមីន។
លោកលី ធុជ បញ្ជាក់ថា៖«ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាងសំខាន់មិនអាចខ្វះបាន ហើយនៅមានរយៈពេលប្រមាណ ៣ឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ[ហ៊ុន សែន] គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ២០២៥»។
នាឱកាសនោះ អភិបាលខេត្តតាកែវ លោកអ៊ូច ភា បានសម្តែងនូវការគាំទ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានផ្តួចផ្តើមបង្កើតគម្រោងបោសសម្អាតមីននេះ។
លោកបានបញ្ជាក់ថា៖«យើងសូមអរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកាគាំទ្រ ធ្វើឱ្យខេត្តតាកែវ ក្លាយជាខេត្តទី១១ បន្ទាប់ពីខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានសម្រេចផែនការ ប្រកាសជារាជធានី-ខេត្ត អស់មីន»។
បើតាមលោកអ៊ូច ភា ខេត្តតាកែវសម្រេចបានតាមផែនការកំណត់ ដែលជាលទ្ធផលនៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ បានបោសសម្អាតចម្ការមីនបានចំនួន ៧៣ចម្ការ ស្មើនឹងផ្ទៃដីចម្ការមីន៤ ៦៧៥ ៧៩៧ម៉ែត្រក្រឡា។ ក្នុងនោះរកឃើញនិងកម្ទេចចោលមីន ថ្មើរជើងចំនួន ២ ៨៨៨គ្រាប់ មីនតោនចំនួន៦១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៣៧ ៥៨៣គ្រាប់៕