
រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ និងរបួស១១នាក់។ រូបថត សហការី
កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ១១ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរារណ៍ រវាងរថយន្ត ២ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចរង្វង់មូលឆ្នាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំ-ស្រុករលាបៀរ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣។
លោក ថៃ ភាយ នាយផ្នែកចរាចរណ៍ នៃអធិការដ្ឋាន នគរបាលស្រុករលាប្អៀរ បានប្រាប់ភ្នំពេញបុស្តិ៍ថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Mitsubishi Triton ព័ណ៌ស ពាក់ស្លាកលេខ ខ.ម 02 0830 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន និងបើកបញ្ច្រាស់ លើគន្លងផ្លូវឯកទិស។
លុះមកដល់ចំណុចកើតហេតុ ក៏បានបុកទៅលើរថយន្តក្រុងម៉ាក Hyundai ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 3A 1552 របស់ក្រុមហ៊ុន ម៉េង លី ដឹកអ្នកដំណើរ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង ១២នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយបុរសម្នាក់ ក្នុងចំណោមជនរងគ្រោះ១២នាក់ បានស្លាប់នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកបានបញ្ជាក់ថា៖«ជនរងគ្រោះទាំងអស់គឺជាអ្នកធ្វើដំណើរតាមរថយន្ត MitsubishI Triton ដែលមានពាក់ស្លាកលេខ ខ.ម 02 0830។ ចំណែកអ្នកធ្វើដំណើរតាមរថយន្តក្រុង មិនមានអ្នកណាម្នាក់រងរបួស ឬស្លាប់ទេ»។
បើតាមលោក ភាយ ស្ត្រីរងគ្រោះ ដែលបានស្លាប់នៅកន្លែងកើតហេតុ ឈ្មោះចិន ស្រីមុំ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ។
ចំណែកបុរសរងគ្រោះ ដែលបានស្លាប់នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ឈ្មោះ រី សារុំ អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងខេត្តសៀមរាប។
កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទាំង២ ជូនទៅដល់សាច់ញាតិរបស់ពួកគេ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
លោកបានបន្តថា គិតមកទល់ល្ងាចថ្ងៃទី២១ ខែមីនា សមត្ថកិច្ចនគរបាល នៅមិនទាន់ឃើញមានវត្តមានតំណាងភាគីនៃម្ចាស់រថយន្តទាំង២ ចេញមុខមកសម្របសម្រួលដោះស្រាយការខូចខាត ឬសំណងជំងឺចិត្តចំពោះជនរងគ្រោះនៅឡើយទេ ខណៈអ្នកបើកបរ រថយន្តទាំង២ នៅមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ ដោយម្នាក់ក្នុងចំណោមពួកគេ បានភៀសខ្លួនចេញពីកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖«ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្ត Mitsubishi Triton ព្រោះអ្នកបើកបរបានបើកបំពានលើគន្លងផ្លូវឯកទិស»។
ជុំវិញករណីនេះ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ដែលធ្វើដំណើរតាមរថយន្ត Mitsubishi Triton នោះ គឺ លោក គឹម យាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនរងគ្រោះទាំងអស់លើកលែងតែអ្នកបើកបររថយន្ត គឺជាសាច់ញាតិរបស់គាត់ ហើយថា នៅយប់ថ្ងៃកើតហេតុនោះ ពួកគាត់បាននាំគ្នាវិលត្រឡប់ពីចូលរួមក្នុងពិធីមង្គលការញាតិមិត្ត នៅក្នុងខេត្តពោធិ៍សាត់។
លោក គឹម យាន ដែលរងរបួសស្រាលដោយថ្លោះគ្រេចក និងប៉ះពាល់ផ្នែកចង្កេះ និងឆ្អឹងខ្នងតិចតួច បាននិយាយទៀតថា៖«នៅពេលនេះ អាការរបួសរបស់ខ្ញុំនៅមានការឈឺចាប់នៅឡើយ ជាពិសេសផ្នែកក»។
បើតាមលោក គឹម យាន កំណាត់ផ្លូវជាតិលេខ៥ មានកន្លែងខ្លះបានបិទខាងលិច កន្លែងខ្លះបិទខាងកើត ដោយសារតែមានការជួសជុលកែលម្អរ ជាហេតុនាំឱ្យអ្នកបើកបររយន្ត បានបើកម្ដងខាងលិច ម្ដងខាងកើត ហើយមកដល់ចំណុចកើតហេតុខាងលើនោះ ក៏បានបុកជាមួយរថយន្តក្រុងតែម្ដង៕